សុគន្ធ ធារ៉ាត់ ចូលសិល្បៈមួយប្រាវទិញឡានជាង៧ម៉ឺនដុល្លារ
- 2015-09-17 20:50:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុគន្ធ ធារ៉ាត់ ចូលសិល្បៈមួយប្រាវទិញឡានជាង៧ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
ពន្លកតារាចម្រៀងថ្មី សុគន្ធ ធារ៉ាត់ ដែលទើបចូលសិល្បៈមិនដល់២ឆ្នាំស្រួលបួលផងនោះ ថ្មីៗនេះលោកបានទិញរថយន្តទំនើបមួយគ្រឿងមានតម្លៃរហូតដល់ទៅជាង៧ម៉ឺនដុល្លារ។
រថយន្តដែល លោក សុគន្ធ ធារ៉ាត់ ទិញបានជាប្រភេទរថយន្តម៉ាក Porsche Factory Sport ផលិតក្នុងឆ្នាំ 2009 ដោយលោកទើបតែទិញកាលពីប៉ុន្មានខែនេះ។ តារារូបនេះបានថ្លែងថា ប្រាក់ដែលបានទិញរថយន្តនេះ គឺកើតចេញពីសិល្បៈមួយចំណែកធំ ជាមួយគ្នានោះដែរ ក៏មានការជួយពីក្រុមគ្រួសារមួយចំណែកតូចផងដែរ។ "ខ្ញុំយកពីម៉ាក ១ពាន់ជាងទេ ក្រៅពីនេះលុយខ្ញុំសន្សំតាមរយៈការច្រៀងរបស់ខ្ញុំ ព្រោះមួយរយៈនេះ ខ្ញុំចេញច្រៀងនៅតាមខេត្តច្រើន"ម្ចាស់បទ “Sexy អីយ៉ាងនេះ?” បញ្ជាក់។
ធារ៉ាត់ លើកឡើងថា ចាប់តាំងពីលោកបានចាប់ដៃគូជាមួយ លោក សុខ រតនៈ ហៅ ជែក អតីតតារាចម្រៀងផលិតកម្ម Rock មកចាប់ផ្ដើមមានទីផ្សារខ្លាំង ព្រោះជារឿយៗលោក ជែក តែងតែហៅលោកចេញច្រៀងនៅតាមខេត្តជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យលោកអាចសន្សំប្រាក់ច្រើនបែបនេះ។
មុនលោកទិញរថយន្តទំនើបមួយនេះ ធារ៉ាត់ ជិះរថយន្តម៉ាក Corolla តម្លៃត្រឹមតែ៥ពាន់ដុល្លារជាងតែប៉ុណ្ណោះ បច្ចុប្បន្នរថយន្ត Corolla នោះ តារាចម្រៀងរូបនេះបានផ្ដល់ទៅឲ្យក្មួយ។
សុគន្ធ ធារ៉ាត់ បានបោះជំហានចូលសិល្បៈនៅអំឡុងឆ្នាំ២០១២ ក្នុងក្រុមរាំ “My Love” ជាមួយកូនប្រុសនាយកុយ ប៉ុន្តែក្រោយមកបានឈប់ទៅវិញ ដោយសារតែកូននាយកុយ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយតារាចម្រៀង ខេមរៈ សិរីមន្ត នៅឯខេត្ត ព្រះសីហនុ។ ដោយមានទេពកោសល្យផ្នែកចម្រៀង លោកបានសាកល្បងចូលច្រៀងក្នុងផលិតកម្ម Spider Production ក្នុងអំឡុងឆ្នាំ២០១៤ ហើយបច្ចុប្បន្នលោកបានឈប់ច្រៀងឲ្យផលិតកម្មនោះហើយ ដោយមកច្រៀងឲ្យផលិតកម្ម Master Film Production វិញ។ ក្រៅពីការច្រៀង តារាវ័យ២២ឆ្នាំម្នាក់នេះ កំពុងសិក្សាឆ្នាំទី៤ ជំនាញ “នាថសាស្ត្រ” ផ្នែកដឹកនាំ និងនិពន្ធរឿងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
Porsche Factory Sport 2009 ដែលលោកកំពុងជិះនេះ មិនមែនជា រថយន្តចុងក្រោយនោះទេ ធារ៉ាត់ បង្ហើបថា ប្រសិនបើលោក កាន់តែមានប្រជាប្រិយភាពជាងនេះ លោកមានគម្រោងដូរយករថយន្តទំនើបជាងនេះ ប៉ុន្តែមិនទាន់និយាយមុនថា ជិះម៉ាកអ្វីឡើយ៕
អត្ថបទ៖ ខុត សីហា