ខ្ញុំចង់ទៅកូរ៉េ ព្រោះប្រាក់ខែច្រើន

  • 2015-09-18 22:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

បច្ចុប្បន្ន​ភាសាកូរ៉េ​ត្រូវ​បាន​ពលរដ្ឋខ្មែរ​ខំ​សិក្សា​យ៉ាង​ផុសផុល ដោយឡែក​ពីរ-បី​ឆ្នាំ​ចុងក្រោយ​នេះ​ពលរដ្ឋ​ក្នុង​ស្រុកឈូក ខេត្តកំពត បានរៀន​ភាសាកូរ៉េ​យ៉ាងច្រើន ជាពិសេស​យុវជន។ ថ្ងៃនេះ Sabay​ សូមនាំ​ប្រិយមិត្ត​ទាំងអស់គ្នា​ទៅស្តាប់​មតិ​របស់សិស្ស​ដែលកំពុង​រៀន​​ភាសាកូរ៉េថា អ្វីទៅ​ជា​មូលហេតុ​ដែលនាំ​ឲ្យពួកគេ​សម្រេច​ចិត្តរៀន​ភាសាកូរ៉េ។  

ជា រតនា មកពីស្រុក​ត្រាំកក់​ ខេត្តតាកែវ បច្ចុប្បន្ន​ជាសិស្ស​ម្នាក់​កំពុងរៀន​ភាសាកូរ៉េ​នៅ​សាលា​មិត្តភាព ដែល​មានទីតាំង​នៅទល់មុខទាចៀន ​ស្រុកឈូក ខេត្តកំពត។ យុវជន អាយុ​១៩ រូបនេះបាន​ប្រាប់ថា គេសម្រេចចិត្តរៀន​ភាសាកូរ៉េ ក៏ដោយសារតែការងារ​នៅប្រទេសកូរ៉េមាន​ប្រាក់ខែខ្ពស់ ជាក់ស្តែង​បងប្រុសបង្កើត​របស់រតនា ដែលធ្លាប់បានរៀន​ភាសាកូរ៉េនៅទីនេះ ហើយ​ឥឡូវគាត់​បានចេញ​ទៅធ្វើការនៅ​ប្រទេសកូរ៉េ កាលពី ខែ កក្កដា ឆ្នាំ២០១៥ ថ្មីៗនេះ ដែលគាត់​ទទួលបាន​ប្រាក់ខែ​ជាង ១.០០០ដុល្លារ​ អាមេរិក ក្នុងមួយខែ។  

“បើប្រៀបធៀបការងារ​នៅស្រុកខ្មែរ​រៀន​ចប់​បរិញ្ញាបត្រ ៤ឆ្នាំ​ពេលទៅធ្វើការ​ឲ្យគេ បាន ប្រាក់ខែ​២០០$ ទៅ ៣០០$ បើច្រើនប្រហែលជា៥០០$​ ។ នេះបើតាមការសង្កេត​ជាក់ស្តែង របស់ខ្ញុំ​ មូលហេតុ​នេះ​​ដែលធ្វើឲ្យ​ខ្ញុំ​រៀនភាសាកូរ៉េ” ។ រតនា និយាយ។  

 

លីណា គឺជា សិស្សម្នាក់ទៀត​ដែលកំពុងតែ​សិក្សា​ភាសាកូរ៉េ​នៅ​សាលា​​ភាសាកូរ៉េមិត្តភាព​ដែរ បាន​និយាយថា នាង​បានឃើញ​អ្នកនៅក្នុងភូមិ​របស់នាង​មករៀននៅទីនេះ​បានប្រឡងជាប់ និង​មួយចំនួន​ទៀត​បាន​ចេញទៅធ្វើការ​នៅប្រទេសកូរ៉េ​មានប្រាក់ខែខ្ពស់ ទើបនាងសម្រេច​ចិត្តផ្អាក​អាជីពជា​ជាងកាត់ដេរ​របស់នាង​មួយរយៈសិន ហើយងាកមក​រៀនភាសាកូរ៉េ​។  

លីណា បង្ហាញនៅភាពជឿជាក់ថា នាង​មានសង្ឃឹម​ច្រើនក្នុង​ការប្រឡងនៅថ្ងៃមុខ បើតាមសន្ទុះនៃ ការសិក្សា​សព្វថ្ងៃ ព្រោះនាង​ខិតខំរៀន​ខ្ជាប់់ខ្ជួន ព្រមទាំងការយកចិត្ត​ទុកដាក់​ពីលោកគ្រូ ដែលបាន​បង្រៀនដិត​ដល់ មាន​បទពិសោធច្រើន​ឆ្នាំ​ក្នុង​ការបង្រៀន។  

 

 

សកម្មភាពសិស្សកំពុងរៀនភាសាកូរ៉េនៅសាលាមិត្តភាព

 

លោក ចេង​ធី ជានាយកសាលាកូរ៉េមិត្តភាព​បានប្រាប់ថា កាលពីប្រឡងវគ្គ ១២ (ខែមិថុនា ២០១៥) សាលាលោក​ជាប់បាន ៧៩% ។ ​គ្រាន់តែប្រឡងចប់ភ្លាមមាន​សិស្សមកចុះឈ្មោះរៀន​ភ្លាម​ មក​ទល់ពេលនេះ​សាលា​គាត់​មាន​សិស្ស​ប្រមាណជា ៣០០ នាក់។ លោកបន្ថែមថា បច្ចុប្បន្ន​សាលា​មានផ្តល់​កន្លែង​ស្នាក់​នៅ​ដល់សិស្ស​ដែលមកពីឆ្ងាយ​ដោយមិនគិតថ្លៃ ហើយ​សាលាមាន​ទទួល​សិស្ស​ថ្មី​ជារៀងរាល់ថ្ងៃ។  

ងាកទៅ ហ៊ុន ណៃ ដែលខិតខំតស៊ូ​សុំម៉ូតូគេជិះ​មករៀន​ភាសាកូរ៉េ​នៅសាលាឯកជន​ញូប្រាយ បាន​ប្រាប់ថា គាត់សម្រេច​ចិត្ត​មករៀន​ភាសាកូរ៉េ ក៏ព្រោះតែរៀនបានត្រឹមថ្នាក់ទី៩ មិនអាចរកការងារដែលមានប្រាក់ខែ​ច្រើនទេ តែបើទៅធ្វើការនៅកូរ៉េ មិនចាំបាច់រៀនបាន​ខ្ពស់ទេ ក៏អាច​ទទួល​បានប្រាក់ខែ​ច្រើនដែរ ។ បុរស​ដែលមកពី​ភូមិដូនយ៉យ  ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត​រូបនេះ​លើកឡើងថា បំណាច់​ធ្វើជា​កម្មករ​ដូចគ្នា គាត់​សុខចិត្តធ្វើ​ជាកម្មករ​នៅកូរ៉េ​ល្អជាង ព្រោះ​ប្រាក់ខែ​ស្មើ​អ្នករៀន​បានខ្ពស់នៅខ្មែរ។  

 

មានទីលំនៅភូមិបឹង ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត កញ្ញា ​នាក់ គឹមសួ ទើបតែ​រៀនភាសាកូរ៉េ​បានជាងមួយខែ​ប៉ុណ្ណោះ នៅសាលា​ឯកជន​ញូប្រាយដែរ។ គឹមសួ ប្រាប់ថា នាងបានឈប់រៀន​តាំងពី​ថ្នាក់ទី ៧ ដោយសារ​ជីវភាពគ្រួសារ ហើយនៅផ្ទះជួយធ្វើការ ។

 

ដោយពេលថ្មីៗនេះ បងជីដូនមួយ​ របស់គឹមសួ​បានទៅធ្វើការ​ខាងឧស្សាហកម្ម​នៅប្រទេសកូរ៉េ គាត់​បាន​ប្រាក់ខែ ១២០០ ដុល្លារក្នុងមួយខែ ហើយក៏អ្នកភូមិ​ជាមួយគ្នាច្រើននាក់ ដែលបានទៅកូរ៉េហើយ គ្រួសារ​គេមាន​ជីវភាព​ធូរធា។ ដូច្នេះ អ្នកភូមិបឹង​ដែលមាន​អាយុ ១៨ឆ្នាំរូបនេះ​ក៏សម្រេចចិត្ត​មករៀន​ភាសាកូរ៉េនេះ តែម្តង។ “តាមអ្នកមុនៗដែល​បានទៅប្រាប់ថាភាគច្រើន​ឧស្សាហកម្មគេច្រើនតែ​យកប្រុសៗ ចំណែកស្រី​ឲ្យដាក់​ខាង​កសិកម្ម​ឆាប់បានទៅ ហើយគេយក​ពិន្ទុតិច គ្រាន់តែត្រូវធ្វើការនៅហាលក្តៅ”។

 

លោក ឈិន ភាន ជានាយកសាលាឯកជនញូប្រាយ​ដែលមានទីតាំងខាងកើត​ការិយាល័យ​អប់រំយុវជន និង កីឡាស្រុកឈូក បានប្រាប់ថា សិស្ស​របស់​លោក​បាន​ប្រលងជាប់ ៦០% កាលពី​ប្រឡងវគ្គ​១២។ បច្ចុប្បន្នលោក​មានសិស្សជិត​១០០​នាក់​កំពុងសិក្សា​ភាសាកូរ៉េ​នៅក្នុង​សាលា​របស់លោក។  

 

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ ​012 567 8 82 -អ៊ីមែល៖​ Chip.chet@cidc.com.kh -លេខ​ទូរសព្ទ៖ ​099 588 880 -អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

អត្ថបទ៖ ឡុច គីមសាយ