ព្រឹទ្ធាចារ្យ​ ជ័យ ប៊ុន​ឈឿ ​សុំ​ជំនួយ​​​​នៅ​​កាល់មែត្រ ​ក្រោយ​គ្រូពេទ្យ​ប្រាប់​ថា​ មាន​សង្ឃឹមខ្ពស់​​​​

  • 2015-09-22 17:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាកណ្ដាល​ដ៏​មាន​ប្រជាប្រិយ​ភាព​​លោក​តា ជ័យ ប៊ុន​ឈឿ​ ​​ប្រកាស​សុំ​ជំនួយ​ដើម្បី​ព្យាបាល​ជំងឺ​មហា​រីក​នៅ​​​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ ​ក្រោយ​ជួប​គ្រូ​ពេទ្យ​ប្រាប់​ថា នៅ​មាន​សង្ឃឹម​ជា​សះស្បើយ​ខ្ពស់​​ ប៉ុន្តែ​​ត្រូវ​ចំណាយ​ពេល​ព្យាបាល​​​​​​​​យូរ។

 

លោក ជ័យ ប៊ុនឈឿ ធ្វើជាអាជ្ញាកណ្ដាល​កន្លងទៅ

 

​អ្នក​ស្រី ឈឿ សុធារី ​កូន​ទី២​របស់​លោក​ព្រឹទ្ធាចារ្យ ​ជ័យ ប៊ុន​ឈឿ​​ បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ឪពុក​របស់​អ្នក​ស្រី​កំពុង​សម្រាក​នៅ​ផ្ទះ​ដោយ​រង់​ចាំ​ថ្ងៃ​ណាត់​ជួប​របស់​លោក​គ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ​ក្រោយ​ពេល​បាន​ទៅ​ជួប​គ្រូ​ពេទ្យ​​​កាល​ពី​ពេល​កន្លង​ទៅ​ គ្រូ​ពេទ្យ​បាន​ប្រាប់​អ្នក​​ស្រី​និង​ក្រុម​គ្រួសារ​ថា ​ស្ថាន​ភាព​ជំងឺ​របស់​លោក​​ព្រឹទ្ធាចារ្យ​នៅ​អាច​ព្យាបាល​បាន​ និង​សង្ឃឹម​ជាសះស្បើយ​ខ្ពស់​។

​​​ ​អ្នក​ស្រី​បន្ត​ថា ការ​ព្យាបាល​អាច​ប្រើ​រយៈ​ពេល​យូរ ហើយ​ប្រាក់​អស់​ប្រហែល​៣ពាន់​ដុល្លារ​អាមេរិក​។ ​ក្នុង​ ២១ ​ថ្ងៃ​ម្ដង​ត្រូវ​ចាក់​ថ្នាំ​ជាតិ​គីមី​សម្លាប់​មេរោគ​មហារីក សម្រាប់​តម្លៃ​ចាក់​​ថ្នាំ​ជាតិ​គីមី​ម្ដង​ចន្លោះ​ពី ៥០០​ទៅ ៦០០​ដុល្លារ​អាមេរិក។ ​ទន្ទឹម​នឹង​នោះ​​គ្រូ​ពេទ្យ​បញ្ជាក់​ប្រាប់​អ្នក​ស្រី​ថា ​ការ​ចាក់​បញ្ចូល​ជាតិ​គីមី​នេះ​នឹង​​ធ្វើ​ឡើង​ចំនួន៤​ដង ​ជំងឺ​នឹង​​ជាសះស្បើយ​។

 

កូន​ស្រី​លោក​ព្រឹទ្ធាចារ្យ​រូប​នេះ​​បន្ថែម​ថា គ្រួសារ​​របស់​អ្នក​ស្រី​ទាំង​អស់​ពិត​ជា​​​អរគុណ​យ៉ាង​ខ្លាំង​ដល់​ម្ចាស់​ជំនួយ​​ដែល​បាន​ជួយ​ពេល​កន្លង​​មក​ ប៉ុន្តែ​​ពេល​នេះ​អ្នកស្រី​ក៏​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មេត្តា​ជួយ​ឧបត្ថម្ភ​​បន្ត​ទៀត ​​​ ​ដោយ​សារ​ស្ថានភាព​ជំងឺ​នៅ​មាន​សង្ឃឹម​​​ជាសះស្បើយ​។ ដំបូង​ឡើយ​លោកព្រឹទ្ធាចារ្យ​ ជ័យ ប៊ុន​ឈឿ នឹ​ង​ត្រូវ​បញ្ជូន​ទៅ​ក្រៅ​​ប្រទេស​ (ថៃ​ ឬរៀតណាម​)​​ ប៉ុន្តែ​ដោយ​សារ​ក្រុម​គ្រួសារ​គ្មាន​​លទ្ធភាព​​ ហើយ​​ជំនួយ​​មិន​គ្រប់គ្រាន់​ទើប​ក្រុម​គ្រូសារ​សម្រេច​នៅ​ព្យាបាល​នៅ​ស្រុក​ខ្មែរ។ ​ប្រសិន​បើ​បង​ប្អូន​ណា​ចង់​ជួយ​ឧបត្ថម្ភ​អាច​ទាក់​ទង​តាម​ រយៈ​លេខ​ទូរសព្ទ​​អ្នក​ស្រី​ផ្ទាល់​​ដែល​មាន​លេខ ០១២ ៨១​៥៨​២៥​៕

 

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​​

​​​​​