អាឡិច ហ្សូរ៉ា មិនត្រឹមតែជាតារា ថែមទាំងជាគ្រូបង្រៀនជនជាតិបរទេសទៀត!
- 2015-09-24 14:32:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាឡិច ហ្សូរ៉ា មិនត្រឹមតែជាតារា ថែមទាំងជាគ្រូបង្រៀនជនជាតិបរទេសទៀត!
ចន្លោះមិនឃើញ
តារាសម្ដែងផ្នែកបុរសរាងខ្ពស់សង្ហារ អាឡិច ហ្សូរ៉ា បានប្រាប់ឲ្យ Sabay ដឹងថា រាល់ថ្ងៃក្រៅពីអាជីពជាអ្នកសិល្បៈលោកក៏ជាគ្រូបង្រៀនផ្នែកភាសាខ្មែរដល់ជនជាតិបរទេសដែលមករៀននៅកម្ពុជាផងដែរ។ តែមិនមែនបង្រៀនផ្នែកកូនក្មេងទេ គឺបង្រៀនជនបរទេសពេញវ័យតែម្ដង។
“ខ្ញុំមានមុខរបរជាគ្រូបង្រៀននេះបី បួនឆ្នាំមកហើយ គឺចាប់តាំងពីពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមកម្ល៉េះ ដោយក្នុងមួយថ្ងៃខ្ញុំបង្រៀន បី បួន ម៉ោង។”
តារាម៉ូដែលខាងលើបានឲ្យដឹងទៀតថា ចំពោះការបង្រៀននេះ គឺមិនសូវជាពិបាកទេសម្រាប់រូបលោក។ “បើថាស្រួលវាមិនជាស្រួលទេ ហើយបើថាពិបាកវាក៏មិនជាពិបាកណាស់ណាដែរសម្រាប់រូបខ្ញុំ ព្រោះពួកគាត់ធំៗអស់ហើយ ស្រួលពន្យល់ជាងក្មេងៗ។ ចំពោះការងារសិល្បៈវិញទាល់តែឆ្លៀតពីការងារបង្រៀនបាន បានខ្ញុំទទួល។”
តួឯកប្រុសក្នុងរឿង "ទេសចរណ៍ឋាននរក” បានឲ្យដឹងបន្ថែមថា ចំណែកឯភាសាបរទេសវិញគឺលោកចេះពីរភាសា គឺអង់គ្លេស និងបារាំង។ មូលហេតុដែលកំលោះខាងលើសម្រេចចិត្តរៀនភាសាបារាំងមួយទៀតនោះ គឺព្រោះតែមានមិត្តភ័ក្ដិ និងសិស្សជាជនជាតិបារាំងច្រើន ដូចនេះទើបលោកចូលរៀននៅសាលាភាសាបារាំងអាលីយ៉ង់ ហ្វ្រង់សេបានជិត ២ ឆ្នាំ មកហើយ។
តែលោកបានបន្ថែមថា "ចំពោះភាសាបារាំងគឺខ្ញុំចេះម៉ាត្រឹមនិយាយគ្នាលេងជាមួយសិស្ស ឬមិត្តភ័ក្ដិប៉ុណ្ណោះ ហើយខ្ញុំមិនហ៊ានយកភាសាបារាំងទៅប្រើជាផ្លូវការទេព្រោះនៅស្ទើរច្រើន។ តែបើនិយាយជាផ្លូវការគឺខ្ញុំប្រើប្រាស់ភាសាអង់គ្លេសវិញ ព្រោះស្ទាត់ជំនាញភាសានេះ។”
ក្រៅតែពីរៀនភាសាបារាំងបុរសសម្បុរសខាងលើក៏ធ្លាប់រៀនផ្នែកសារព័ត៌មាននៅសាលា CSC បានពីរវគ្គ ស្មើនឹងប្រាំមួយខែដែរ ព្រោះលោកគិតថាការសិក្សាជំនាញផ្សេងៗមិនដែលអត់ប្រយោជន៍ឡើយ។
អាឡិច ហ្សូរ៉ា បានចូលសិល្បៈ បួន ប្រាំឆ្នាំហើយ និងថត៥-៦ រឿងដែរ ហើយលោកទើបបញ្ចប់ការថតរឿងមួយទាក់ទងនឹងភ្ជុំបិណ្ឌ ធ្វើជាតួឯកជាមួយតារាចម្រៀងស្រីសំឡេងស្រទន់ ឈិត សុវណ្ណបញ្ញា និងត្រៀមបញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ទ្រី រ៉ាវី