​ស្គាល់​​ហាង​នំប៉័ង​បាយ័ន​​ ​​មាន​ដឹង​ប្រវត្តិ​របស់​ហាង​ឬ​នៅ?

  • 2015-09-25 16:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ឈ្មោះ​ហាង​នំប៉័ង​បាយ័ន​​ត្រូវ​បាន​មហាជន​ស្គាល់​ជា​ទូទៅ​ ​អស់​រយៈពេល​ជិត​ ២០ ​ឆ្នាំ​មក​ហើយ។​​ មិន​មែន​មាន​តែ​នៅ​ប្រជុំជន​ក្នុង​​ទីក្រុង​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ​​​អ្នក​នៅ​តាម​បណ្ដា​ខេត្ត​ស្ទើរ​ទូទាំង​ប្រទេស​សុទ្ធ​តែ​បាន​ភ្លក់​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​​​ដោយ​ការ​ជាវ​តាម​សាខា​ច្រក​ចេញ​​ទៅ​តាម​បណ្ដា​ខេត្ត​​​​​​យក​ទៅ​ផ្ញើ​បងប្អូន​ពេល​ត្រឡប់​ទៅ​​​​​ខេត្ត​ម្តងៗ។ ​Sabay ​បាន​ជួប​ជាមួយ​អ្នក​គ្រប់គ្រង​ទូទៅ​របស់​ហាង​នំប៉័ង​មួយ​នេះ​ដើម្បី​សាកសួរ​ពី​ប្រវត្តិ​ត្រួសៗ​របស់​ហាង​តាំង​ពី​ចាប់​ផ្ដើម​ដំបូង​មក​ដល់​បច្ចុប្បន្ន។​

 

​​អ្នក​គ្រប់គ្រង​ទូទៅ​ហាង​នំប៉័ង​បាយ័ន​ កញ្ញា​ ប៊ូយជីង​​​​​និយាយ​ថា ​​​ហាង​នំប៉័ង​បាយ័ន​សាខា​ទី ​១ ​នៅ​ផ្លូវ​កម្ពុជា​ក្រោម​ ក្រោយ​ផ្សារ​ទំនើប ​BS ​​ចាប់​បដិសន្ធិ​នៅ​ក្នុង​ឆ្នាំ ​១៩៩៨។ ​​​បង្កើត​ដំបូង​​​​ ហាង​នំ​​មួយ​នេះ​​ទទួល​នំ​ពី​ហាង​ដទៃ​បោះ​បន្ត​ប៉ុណ្ណោះ។ ​​​​​តែ​ដោយ​មាន​ក្ដី​ស្រឡាញ់​​ ​និង​មើល​ឃើញ​តម្រូវ​ការ​ខ្ពស់​​​​ ​ម្ចាស់​ហាង​បាន​ទៅ​សិក្សា​ស្វែង​យល់​ពី​ការ​ផលិត​នំប៉័ង​​​ឲ្យ​កាន់​តែ​ល្អ​បន្ថែម​ទៀត​នៅ​ក្រៅ​ប្រទេស​ ​​ហើយ​ត្រឡប់​មក​ផលិត​នំប៉័ង​ដោយ​ខ្លួន​ឯង​តែ​ម្ដង។​ ​ហាង​បាន​​នាំ​ចូល​ឡ​ស្វ័យ​ប្រវត្តិ​ពី​ប្រទេស​ស្វីស​មក​ដំបូង​គេ​​មក​​កម្ពុជា។ ​​​

 

 

ឆ្នាំ ​២០០០ ​​ពួកគេ​​បាន​ផលិត​ចេញ​នំប៉័ង​ប៊ឺ​ដំបូង​គេ ​​ហើយ​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៃ​នំ​នេះ​ហើយ​ដែល​ធ្វើ​​​​ឲ្យ​ប្រជាប្រិយភាព​ហាង​ល្បី​ខ្លាំង​​​ដោយ​​អ្នក​ទិញ​បាន​និយាយ​តៗ​គ្នា​រហូត​ជ្រួតជ្រាប​ដល់​មហាជន​គ្រប់​ស្រទាប់។ ​ភាព​ល្បីល្បាញ​របស់​នំប៉័ង​ប៊ឺ​នេះ​ធ្វើ​ឲ្យ​​មហាជន​ហៅ​ឈ្មោះ​នំប៉័ង​ប៊ឺ​ទូទៅ​​​​ថា ​នំប៉័ង​បាយ័នៗ។

 

ការ​គាំទ្រ​ខ្លាំង​ពី​ប្រជាជន​កម្ពុជា​ធ្វើ​ឲ្យ​ហាង​រីក​លូតលាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ពី​មួយ​សាខា​ក្នុង​ឆ្នាំ ​១៩៩៨​ ដល់​​​​ ១១ ​សាខា​នៅ​ពេល​បច្ចុប្បន្ន។ ​​ពេល​វេលា​ផ្លាស់​ប្ដូរ​ ចំណង់ចំណូលចិត្ត​នៃ​ការ​ញ៉ាំ​របស់​ប្រជាជន​កម្ពុជា​​ក៏​ផ្លាស់ប្ដូរ​ដែរ​​​ ​​ហេតុ​នេះ​​​ហាង​នំប៉័ង​បាយ័ន​ក៏​មិន​នៅ​​មួយ​កន្លែង​ដែរ។ ​​ហាង​នំ​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​ខ្មែរ​បាន​ពង្រីក​ការ​ផលិត​របស់​ខ្លួន​ជា​លំដាប់។​

 

នៅ​ឆ្នាំ ​២០០៨ ​ពួកគេ​បាន​ផលិត​រសជាតិ​នំ​កាន់​តែ​ច្រើន​ និង​សម្បូរ​បែប។​​ ក្រៅ​ពី​ការ​ផលិត​នំប៉័ង ​​ដើម ​ហាង​បាន​ពង្រីក​សង្វាក់​ផលិតកម្ម​របស់​ខ្លួន​​ដែល​មាន​នំ​ផ្អែម​គ្រប់មុខ នំ​បែប​អឺរ៉ុប​ នំ​ខួបកំណើត​​​ ​នំ​អាពាហ៍ពិពាហ៍ ​​​​​ដល់​​​នំ​សែន​ព្រះ​ខែ​​និង​នំ​ជា​ច្រើន​មុខ​ទៀត។ ​ក្រៅ​ពី​នំ​​ដែល​បាន​រៀបរាប់​នេះ ​នៅ​ហាង​ផ្ទាល់​គឺ​មាន​នំ​ដ៏​សម្បូរ​បែប​ជា​ច្រើន​មុខ​ទៀត​ ដែល​អតិថិជន​អាច​ជ្រើសរើស​តាម​ការ​ចូលចិត្ត។

 

​​​កញ្ញា ​ប៊ូយជីង ​​ឲ្យ​ដឹង​​ដែរ​ថា ​​វត្ថុធាតុ​ដើម​មួយ​ចំនួន​គឺ​ជា​ផលិតផល​ក្នុង​ស្រុក។ ​កញ្ញា​បាន​ពន្យល់​​ពី​មូលហេតុ​នៃ​ការ​ជ្រើសរើស​យក​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ថា ​«យើង​សម្រេច​យក​វត្ថុ​ធាតុ​ដើម​ទាំង​នោះ​គឺ​ដោយសារ​វា​មាន​រសជាតិ​ដើម​​ និង​ក្លិន​ឈ្ងុយ​ខុស​ពី​វត្ថុ​ធាតុ​ដើម​នាំ​ចូល ​និង​មួយ​ទៀត​វា​រួម​ចំណែក​គាំទ្រ​ដល់​ផលិតផល​ក្នុង​ស្រុក​ផង»។

 

 

​​​ដើម្បី​ឆ្លើយតប​នឹង​ការ​ផ្លាស់ប្ដូរ​នៃ​ទំនោរ​របស់​អតិថិជន ​ស្រប​ពេល​ដែល​ភាព​ជឿនលឿន​កាន់​តែ​វិវឌ្ឍ​ ហាង​នំប៉័ង​បាយ័ន​សាខា​​​ពេទ្យ​ចិន​​ជា​ហាង​ទី​ ១ ​ដែល​បាន​កែប្រែ​​ឲ្យ​កាន់​តែ​ទំនើប​ដោយ​ក្រៅ​ពី​ផ្ដល់​ផលិតផល​នំប៉័ង​ក៏​មាន​សេវាកម្ម​ជា​ហាង​កាហ្វេ​ឲ្យ​អង្គុយ​ជជែក​កម្សាន្ត​បាន​ដូច​ហាង​កាហ្វេ​ទំនើប​ទូទៅ​ដោយ​ក្នុង​នោះ​​អ្នក​ចូល​ញ៉ាំ​អាច​ញ៉ាំ​​​ផ្លែឈើ​ក្រឡុក ​​នំ​បែប​អឺរ៉ុប​ថ្មីៗ ​​​នំ​ខួប​ស្ករ ​(Fondant), ​Cup Cake ​និង​កាហ្វេ​ច្រើន​ប្រភេទ​តាម​ការ​ជ្រើសរើស។

 

​កញ្ញា​ ប៊ូយជីង​​ចង់​​ថ្លែង​អំណរគុណ​ដល់​អតិថិជន​​​ថា ​«សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​អតិថិជន​រហូត​មក។ ​បើ​គ្មាន​ការ​គាំទ្រ​ពី​អតិថិជន​ យើង​ក៏​មិន​អាច​បន្ត​បើក​សាខា​ជា​បន្តបន្ទាប់​ច្រើន​ដូច្នេះ​​ដែរ។ ​​យើងខ្ញុំ​សូម​ជូន​ពរ​ឲ្យ​អតិថិជន​ទាំង​អស់​មាន​សុខភាព​ល្អ ​និង​បន្ត​គាំទ្រ​ផលិតផល​យើង​បន្ត​ទៀត»៕

 

 

 

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​​​​​