សួស សងវាចា៖ ខ្ញុំនៅតែមានសង្ឃឹមអាចឡើងច្រៀងឡើងវិញ
- 2015-09-25 16:54:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួស សងវាចា៖ ខ្ញុំនៅតែមានសង្ឃឹមអាចឡើងច្រៀងឡើងវិញ
ចន្លោះមិនឃើញ
ជំងឺលើសឈាមរហូតដល់ដួលសន្លប់ របស់តារាចម្រៀង លោក សួស សងវាចា នៅមិនទាន់វិលមកភាពដើមឡើយ បច្ចុប្បន្នលោកកំពុងសម្រាកនៅមន្ទីរពេទ្យជោរី ភ្នំពេញ។ ទោះបីបែបនេះក្ដី លោកនៅតែបង្ហាញក្ដីរំពឹងថា នឹងអាចឡើងច្រៀងវិញបានជាក់ជាមិនខាន។
ក្រោយព្យាបាលនៅប្រទេសវៀតណាម១២ថ្ងៃ សុខភាពរបស់លោក សួស សងវាចា បានប្រសើរឡើងវិញបន្តិច ដោយលោកអាចក្រោកអង្គុយទទួលទានអាហារបានដោយខ្លួនឯង ប៉ុន្តែដើមសប្ដាហ៍នេះ ជំងឺរបស់លោកបានរើឡើងវិញ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យម្ដងទៀត។
បច្ចុប្បន្នលោកកំពុងសម្រាកនៅមន្ទីរពេទ្យ ជោរី ភ្នំពេញ ដោយសភាពជំងឺរបស់លោកមិនអាចងើបអង្គុយបានដូចមុនទេ និងមិនដឹងថាត្រូវបន្តព្យាបាលដល់ពេលណា ទើបគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះឡើយ។ ចំពោះការចំណាយនៃ ការព្យាបាលក៏មិនត្រូវបាន ភរិយារបស់ប្រាប់ឲ្យដឹងដែរ ប៉ុន្តែភរិយារបស់លោកបានប្រាប់ថា ចាប់តាំងពីតារាចម្រៀងម្នាក់នេះ ធ្លាក់ខ្លួនឈឺមក មានថ្នាក់ដឹកនាំ ក៏ដូចជាមិត្តភ័ក្ដិក្នុងសិល្បៈ បងប្អូនក្នុងប្រទេសជួយឧបត្ថម្ភជាបន្តបន្ទាប់។
លោក សួស សងវាចា ថ្លែងដោយសំដីមួយៗទាំងដៃព្យួរសេរ៉ូមមិនអាចងើបអង្គុយបានកាលពីថ្ងៃ អង្គារ គ្រាដែលក្រុមប្រឹក្សានៃសមាគមសិល្បករខ្មែរទៅសួរសុខទុក្ខថា លោកអាចពិសាអាហារបានដូចធម្មតា ប៉ុន្តែមិនអាចងើបអង្គុយបានទេ។ រាល់ថ្ងៃលោកកំពុងតែព្យាយាមធ្វើតាមការណែនាំរបស់ វេជ្ជបណ្ឌិត។ តារាចម្រៀងរូបនេះ បានចូលសម្រាកនៅមន្ទីរពេទ្យ ជោរី ភ្នំពេញ ជាលើកទី២ បាន៤ថ្ងៃមកហើយ។ តាមការរៀបរាប់របស់ភរិយា តារាចម្រៀងរូបនេះ មានជំងឺលើសឈាមជិត១០ឆ្នាំមកហើយ ប៉ុន្តែជំងឺរបស់លោកទើបធ្វើទុក្ខខ្លាំង កាលពីល្ងាចថ្ងៃទី ៥ ខែកញ្ញា កន្លងទៅ ខណៈលោកកំពុងរត់ហាត់ប្រាណមុខផ្ទះ ស្រាប់តែដួលសន្លប់ ហើយត្រូវបានក្រុមគ្រួសារដឹកមកមន្ទីរពេទ្យ ជោរី ភ្នំពេញភ្លាម ក្រោយមក ក៏បន្តទៅសង្គ្រោះនៅប្រទេសវៀតណាម ។
ទោះបីជាបច្ចុប្បន្ន មិនទាន់អាចងើបអង្គុយបានក្ដី ប៉ុន្តែតារាចម្រៀងសំឡេងផ្អែមមានកំណើតមកពីខេត្តស្វាយរៀងម្នាក់នេះ នៅតែមានសង្ឃឹមថា ជំងឺរបស់លោកនឹងវិលមករកសភាពដើមវិញ ហើយអាចបន្តអាជីពជាតារាចម្រៀងបានដូចដើម ៕
អត្ថបទ៖ ខុត សីហា