ពលរដ្ឋ​ភ្នំពេញ​​និយាយ​ពី​ការ​ប្រារព្ធ​​បុណ្យ​សែន​ព្រះ​ខែ​​​នៅ​យប់​នេះ

  • 2015-09-27 22:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យប់​នេះ​ជា​ថ្ងៃ​ធំ​នៃ​ពិធី​បុណ្យ​សែន​​​ព្រះ​ខែ។ ពលរដ្ឋ​​ខ្មែរ​សែស្រឡាយ​ចិន​ក៏​ដូចជា​ប្រជាជន​ខ្មែរ​​មួយ​ចំនួន​ដែល​ផ្សង​ចង់​បាន​ក្ដី​សុខ​សម្រាប់​ក្រុម​គ្រួសារ​ បាន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​រៀបចំ​អបអរ​ពិធី​ដ៏​រីករាយ ​ក្រោម​ពន្លឺ​ចន្ទ​​​​ដ៏​ភ្លឺ​ថ្លា​នៅ​យប់​នេះ។​​ ​ឥលូវ​ យើង​​​ស្ដាប់​​អ្នក​​ទីក្រុង​ភ្នំពេញ​និយាយ​ពី​សកម្មភាព​របស់​ពួកគេ​នៅ​យប់​នេះ។

 

ពលរដ្ឋ​មមាញឹកទិញ​នំនែក​ត្រៀម​​ពិធី​បុណ្យ​សែន​​​ព្រះ​ខែ

 

កញ្ញា​ ឈុន សុភក្ត្រ​ ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​និយាយ​ថា ​កញ្ញា​នឹង​រៀបចំ​​សំណែន​តិចតួច​ដើម្បី​អបអរ​ពិធី​បុណ្យ​នេះ។ ​«និយាយ​ទៅ​ខ្ញុំ​មក​ពី​ខេត្ត ហើយ​ក៏​អត់​ជាប់​សាច់​ឈាម​ចិន​អី​ដែរ។ ​តែ​ប៉ុន្មាន​ឆ្នាំ​​មក​រៀន​រហូត​ដល់​​មាន​ការងារ​​​ធ្វើ​​​​នៅ​ភ្នំពេញ​នេះ​ ខ្ញុំ​ចេះ​តែ​ធ្វើ​តិចតួច​​អីចឹង​ទៅ​បង ​ព្រោះ​​វា​អត់​មាន​ខុស​ទាស់​អី​ទេ ​​វា​ជួយ​ឲ្យ​យើង​បាន​ក្ដី​សុខ​​ដែរ»។

 

ងាក​មក​មគ្គទេសក៍​ទេសចរណ៍​ភាសា​ចិន​​​ដែល​បម្រើ​ការងារ​នៅ​ខេត្ត​សៀមរាប​ លោក​ តាំង​​ ឡេង​វិញ​​រៀបរាប់​ថា ​លោក​នឹង​ត្រឡប់​មក​​ជួបជុំ​អបអរ​ជាមួយ​គ្រួសារ​នៅ​ភ្នំពេញ។​ លោក​បញ្ជាក់​ដូច្នេះ ​«ដោយសារ​ខ្ញុំ​មាន​សែស្រឡាយ​ចិន ​ណាមួយ​ធ្វើការ​នៅ​ខេត្ត​ឆ្ងាយ​ពី​ផ្ទះ​អត់​សូវ​មាន​ពេល​នៅ​ជាមួយ​គ្រួសារ ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​​សែន​ជាមួយ​ប៉ា​ម៉ាក់​នៅ​ភ្នំពេញ​វិញ។ ​ប៉ា​ម៉ាក់​ខ្ញុំ​គាត់​​ទិញ​នំ​ ​និង​គ្រឿងគ្រៅ​ធ្វើ​ម្ហូប​​សម្រាប់​សែន​អស់​ហើយ»។

 

«ចំ​ថ្ងៃ​អាទិត្យ​អញ្ចឹង​ល្អ​ដែរ។ ​តែ​មិន​ដឹង​ទៅ​ណា​ឲ្យ​ច្បាស់​ទេ ​ប្រហែល​ទៅ​កោះ​​ពេជ្រ​ហៅ​មិត្តភ័ក្ដិ​ជួបជុំ​តិចតួច​ [សើច...]»។ ​ជា​ការ​លើក​ឡើង​របស់​លោក​ ប៊ុន រិទ្ធី​ ​បម្រើ​ការ​នៅ​ធនាគារ​ឯកជន​មួយ។ ​​លោក​បន្ត​ថា ​«[មិត្តភ័ក្ដិ] ​អត់​សូវ​ដែល​បាន​ជួបជុំ​គ្នា​អី​ទេ ​[តាំង​ពី​រៀន​ចប់​មក] ​ដល់​អីចឹង​ ​​មាន​តែ​ធ្វើ​អី​ញ៉ាំ​ជុំ​គ្នា​​បាន​បាន​ជួប»។

 

​​​​​​​​​អាជីវករ​ផ្សារ​អូរឫស្សី​​កញ្ញា ​លីស៊ាន​ថា ​នាង​នឹង​នៅ​ផ្ទះ​ជួបជុំ​ជាមួយ​គ្រួសារ។ ​«ថ្ងៃ​នេះ​ខ្ញុំ​នៅ​លក់​ជំនួស ​ម៉ាក់​គាត់​​ទៅ​​ផ្ទះ ​រៀបចំ​សម្អាត ​​​និង​ធ្វើ​ម្ហូប​សែន​តិចតួច [...]។ ​ប្រហែល​អត់​ខុស​រាល់​ឆ្នាំ​ទេ​បង ​ប្រហែល​នៅ​ផ្ទះ​ញ៉ាំ​នំ​សែន​ [ព្រះខែ] ​ជាមួយ​អ្នក​ផ្ទះ ​និង​ផ្ញើ​សារ​​អី​តិចតួច​ទៅ​ពួកម៉ាក​ជិត​ដិត​ប៉ុន្មាន​នាក់​ហ្នឹង!»។

 

ចុះ​អ្នក​វិញ ​​​មាន​បាន​ទិញ​នំ​សែន​ឬនៅ?​​ ​​ចុះ​មាន​គម្រោង​ធ្វើ​អ្វី​ដែរ​យប់​ចន្ទ​ពេញ​បូរមី​នេះ?

 

 

 

​អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​