គេង​ស្រមុក ទាក់​ទងបញ្ហា​សុខភាពអ្វី​ខ្លះ?

  • 2015-09-29 15:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​​គេង​​លក់​ មាន​​អ្នកគេង​ដោយ​ស្ងប់​ស្ងៀម ឯ​អ្នក​ខ្លះ​ទៀត​គេង​ស្រមុក ឮ​សូរ​ពេញ​បន្ទប់។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ? តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន បាន​បង្ហាញ​ថាការ​គេង​ស្រមុក​ ​មាន​ទាក់​ទង​នឹង​បញ្ហា​​សុខភាព​មួយ​ចំនួន។ ​

 

  ក្រុម​អ្នក​​ស្រាវ​ជ្រាវ​មក​ពី​មន្ទីរ​ពេទ្យ ​Henry Ford Detroit បាន​ស្រាវជ្រាវ​លើ​​ឥទ្ធិពល​នៃ​ការ​គេង​ស្រមុក​ ហើយ​បាន​បង្ហាញ​ថា​វា​ជាប់​ទាក់​ទង​នឹង​សម្ពាធ​សរសៃ​ឈាម​បេះដូង។ ពួក​គេ​បាន​ពិនិត្យ​លើ​ទិន្នន័យ​របស់​អ្នក​ជំងឺ​ចំនួន​៩១៣​នាក់ ​ដែល​មាន​​អាយុ​ចាប់​ពី​១៨ ​ដល់​៥០​ឆ្នាំ ​និង​បាន​តាម​ដាន​លើ​​សរសៃ​​​​ឈាម​ដោយ​​ប្រព័ន្ធ​​​​ Ultrasound។

 

ជាលទ្ធផល​បាន​បង្ហាញ​​​ថា​អ្នក​​​ដែល​គេង​ស្រមុក មាន​កម្រិត​នៃ​សរសៃ​ឈាម​តូច​​ចង្អៀត​​​ជាង​អ្នក​មិន​គេង​សម្រុក។ នេះ​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​​ដឹក​នាំ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​​មិន​បាន​ល្អ​ ហើយ​​មាន​បញ្ហា​ស្ទះ​ដង្ហើម​ពេល​គេង។ ដូច​​​នេះ​វា​​ជា​សញ្ញា​គួរ​ប្រុងប្រយ័ត្ន​មួយ​ដោយ​សារ​​ភាគ​ច្រើន​ កើត​​មាន​លើ​អ្នក​ធាត់​ដុះ​ពោះ​ អ្នក​ជក់​បារី អ្នក​មាន​​ជំងឺ​ទឹក​នោម​ផ្អែម​ អ្នក​មាន​សម្ពាធ​ឈាម ​​និង​កូឡេស្តេរ៉ូល​​ខ្ពស់​​។

 

យោង​តាម​វេបសាយ​ Helpguide មាន​ករណី​ខ្លះ​ក៏​បណ្ដាល​ឲ្យ​គេង​​ស្រមុក​​​ដែរ គឺ​ដោយ​សារ​អាយុ​ច្រើន ​​​សាច់​ដុំ​ផ្នែក​បំពង់​ក​​​​រួម​តូច​ក៏​ធ្វើ​​គេង​ស្រមុក​លាន់​សូរ​ឮៗ។ ចំណែក​បញ្ហា​មួយ​ទៀត​គឺ​ទម្លាប់​នៃ​ការ​គេង​​រាប​ (ពុំ​មាន​កល់​ខ្នើយ) ជា​ហេតុ​ធ្វើ​ឲ្យ​​បំពង់​ខ្យល់​ដក​ដង្ហើម​ពិបាក​​ និង​ស្ទះ​ដង្ហើម​​ក៏​ធ្វើ​ឲ្យ​គេង​ស្រមុក​ដែរ។

 

  ដើម្បី​បង្ការ​​ហានិភ័យ​មួយ​ចំនួន​ទាក់​ទង​នឹង​បញ្ហា​សុខភាព​​ដូច​ជា​ការ​​​​​គេង​ស្រមុក​នេះ​​ លោក​​បណ្ឌិត​​​អាម៉េរិកាំង ​​Michael J. Breus អ្នក​ប្រឹក្សា​ផ្នែក​​​សុខភាព​ដំណេក និង​​​​ជា​អ្នក​ព្យាបាល​ជំងឺ​ផ្នែក​ចិត្ត​វិទ្យា​បាន​ណែ​នាំ​ដូច​ខាង​ក្រោម៖​  

  • រក្សា​ទម្ងន់​ខ្លួន​​កុំ​ឲ្យ​ធាត់​ហួស៖

 

គេង​ស្រមុក​អាច​កើត​ឡើង​ដោយ​សារ​​ធាត់​ពេក ដូច​នេះ​​ការ​រក្សា​ទម្ងន់​​កុំ​ឲ្យ​ធាត់​ហួស​​ គឺ​ជា​ការ​ប្រសើរ។ ការ​រក្សា​ទម្ងន់​នោះ​គឺ​​ធ្វើ​​តាម​របប​អាហារ​ត្រឹម​ត្រូវ​ ហាត់​ប្រាណ​ទៀង​ទាត់​ជា​ដើម។​

  - កាត់​បន្ថយ​ការ​ញ៉ាំគ្រឿងស្រវឹង៖

  ស្រា ឬ​គ្រឿង​ស្រវឹង​ផ្សេងៗ ​គឺ​ទាក់​ទង​នឹង​បញ្ហា​សាច់ដុំ​ផ្នែក​បំពង់​ក​ និង​បញ្ហា​ដង្ហើម​​​ស្រមុក​កើត​មាន​ឡើង​។ ដូច​នេះ​ការ​កាត់​បន្ថយ​ការ​ញ៉ាំជាតិ​ស្រវឹង​ ជា​ពិសេស​មុន​ពេល​ចូល​គេង​បី​ម៉ោង​ អាច​​​ជួយ​កាត់​បន្ថយ​ហានិភ័យ​ខាង​លើ​បាន​ខ្លះ​។

  - កុំ​ជក់​បារី៖

 

ជក់​បារី​​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ដង្ហើម​ និង​​​បង្កើន​ហានិភ័យ​​នៃ​ការ​គេង​ស្រមុក។ កាត់​បន្ថយ​ការ​ជក់​បារី នឹង​ធ្វើ​ឲ្យ​ការ​ទទួល​ដំណេក​បាន​ប្រសើរ​ជាង​មុន​​និង​បន្ថយ​ការ​គេង​ស្រមុក។ ​   - ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ៖

 

ជួប​ជា​មួយ​​គ្រូ​ពេទ្យ​វា​ជា​រឿង​សំខាន់ ​និង​កាន់​តែ​ច្បាស់​អំពី​​ស្ថាន​ភាព​សុខភាព​របស់​អ្នក​ នៅ​ពេល​អ្នក​ដឹង​ថា​អ្នក​មាន​ទម្លាប់​គេង​ស្រមុក។ តាម​រយៈ​ការ​​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ​អ្នក​​អាច​ទទួល​បាន​ដំបូន្មាន​ល្អ​ៗ​​ និង​ប្រាប់​ពី​អាការៈ​របស់​អ្នក៕

 ​​​​​ ចុចអាន៖ ស្ត្រី​គេង​ច្រើន ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់

ចុចអាន៖ ពេល​គេង​មិន​លក់ ដាច់​ខាត​កុំ​ធ្វើ​រឿង​​​៩​យ៉ាង​នេះ​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ psychologytoday, helpguide