តា ហ៊្វុយសូ មិន​សូវ​បារម្ភ​​រឿង​បិទ​ទ្វា​អង្គការ​ដូច​មុន​ទៀត​ហើយ

  • 2015-10-01 13:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​កំប្លែង ហ៊្វុយសូ បញ្ជាក់​នៅ​ព្រឹក​នេះ​ថា មិន​សូវ​ខ្វាយខ្វល់​រឿង​បិទ​ទ្វា​អង្គការ​កុមារ​ក្រីក្រ​របស់​លោក​ទៀត​ទេ ព្រោះ​បច្ចុប្បន្ន​មាន​​សប្បុរសជន​មួយ​ចំនួន​ចេញ​មុខ​ជួយ ខណៈ​ក្រសួង​មន្ទីរ​មួយ​ចំនួន​ក៏​បាន​ដឹង​ពី​ការ​លំបាក និង​បង្ហាញ​ជំហរ​បន្ត​ជ្រោមជ្រែង​ផង​ដែរ។

 

“ឥឡូវ​លែង​សូវ​ភ័យ​ទៀត​ហើយ។ បើ​ពី​មុន​វិញ​ខ្ញុំ​ភ័យ​ណាស់​ក្មួយ​ហើយ ជា​ពិសេស​ពេល​ជិត​ដាច់​ខែ​ម្ដងៗ គេ​មក​ទារ​ថ្លៃ​ទឹក​ផង​ថ្លៃ​ភ្លើង​ផង ងាក​ទៅ​អង្ករ​ក៏​អស់​រក​អ្វី​មក​ដាំ​បាយ​ឱ្យ​ក្មេង​ហូប​មិន​បាន"។តា ហ៊្វុយសូ រៀបរាប់​មក​កាន់ Sabayដូច្នេះ។ ​

 

 

ទោះ​បី​ជា​យ៉ាង​ណា​លោក​បន្ត​ថា បច្ចុប្បន្ន​កាកបាទក្រហម​កម្ពុជា​បាន​ឧបត្ថម្ភ​ជា​អង្ករ​ប្រចាំ​ខែ​ សម្រាប់​ដាំ​បាយ​ផ្គត់ផ្គង់​ដល់​ក្មេង​ក្រីក្រ​សរុប​ជិត ៣០ នាក់ ដែល​មក​ទទួល​យក​ការ​បណ្ដុះបណ្ដាល​ជំនាញ​សិល្បៈ​គ្រប់​ទម្រង់​ពី​អង្គការ​របស់​លោក។ ថ្មីៗ​នេះ​សាលា​ក្រុង​ភ្នំពេញ​ក៏​បាន​ជួសជុល​កន្លែង​ស្នាក់​សម្រាប់​ក្មេងៗ​ក្រីក្រ​កំពុង​ស្នាក់​នៅ​ក្នុង​អង្គការ ដែល​មួយ​ចំនួន​មក​ពី​សហគមន៍​បឹង​កក់​តែ​ម្ដង។

 

តា ហ៊្វុយសូ បាន​បន្ត​ម្យ៉ាង​ទៀត​ថា បច្ចុប្បន្ន​ក៏​មាន​ក្មេង​មួយ​ចំនួន​មាន​សមត្ថភាព​រក​ចំណូល​បាន​ខ្លះ​ដែរ​សម្រាប់​បង់​ទឹក​ភ្លើង​រួម​មាន​ការ​ប្រគំ​តន្ត្រី​លើ​ទូក​ទេសចរណ៍​តាម​ដង​ទន្លេ​មេគង្គ ឬ​នៅ​តាម​ផ្សារ​រាត្រី​ជា​ដើម។ យ៉ាង​ណា​មិញ​តារា​កំប្លែង​​រូប​នេះ​បញ្ជាក់​ទៀត​ថា ប្រសិន​បើ​ខែ​ណា​រក​ចំណូល​មិន​បាន​សោះ ហើយ​គ្មាន​លទ្ធភាព ទើប​លោក​ដាច់​ចិត្ត​ទៅ​ជួប​សុំ​ជំនួយ​ផ្ទាល់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ដោយ​ភ្ជាប់​ជាមួយ​វិក្កយបត្រ​ទឹក​ភ្លើង​ផង។

 

តារា​កំប្លែង​រូប​នេះ​អះអាង​ថា ចង់​ឃើញ​ក្មេងៗ​ទាំង​អស់​មាន​កន្លែង​ឈរ​ជើង​ត្រឹមត្រូវ ពោល​គឺ​អាច​យក​ជំនាញ​សិល្បៈ ដែល​ប្ដី​ប្រពន្ធ​លោក​​បាន​បង្ហាត់​បង្រៀន​កន្លង​មក យក​ទៅ​ចិញ្ចឹម​ជីវិត​បាន​សម្រាប់​អនាគត​របស់​ពួកគេ។ លោក​តា​ហត់​នឿយ និង​ចង់​សម្រាក ព្រោះ​វ័យ​កាន់​តែ​ចាស់ គ្មាន​កម្លាំង​កាយ​ដូច​ពី​មុន​ទេ មាន​តែ​កម្លាំង​កាយ​ប៉ុណ្ណោះ។

 

ប្រសិន​បើ​សប្បុរសជន​មាន​បំណង​ជួយ​ដល់​ក្មេងៗ​កំពុង​រស់​នៅ និង​រៀន​សូត្រ​ក្នុង​អង្គការ​ខាង​លើ​អាច​ទាក់ទង​តា ហ៊្វុយសូ ផ្ទាល់​តាម​រយៈ​លេខ​ទូរសព្ទ ០១២ ៨៤០ ៤៤១៕

 

អាន​អត្ថបទ៖  ស្វែង សុជាតា ទទួល​ថវិកា​ជំនួយ​ពី លី ច័ន្ទសីហា និង​ឪពុក

អាន​អត្ថបទ៖តារា​កំប្លែង​ជើង​ចាស់​ជើង​ថ្មី​ប្រជុំ​ជើង​គ្នា

អត្ថបទ៖ សំ ជំនាញ

 

អត្ថបទពេញនិយម
អត្ថបទថ្មី