ដឹង​ទេ​​ហេតុ​អ្វី​ Homepage របស់ Google មាន​តែ​ប្រអប់ Search និង​អក្សរ​​តែ​ប៉ុន្មាន​?

  • 2015-10-05 16:37:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក Search Engine ធំ​មួយ​លើ​ពិភពលោក ដែល​មាន​អ្នក​ប្រើប្រាស់​រាប់ពាន់​លាន​នាក់។ ប៉ុន្តែ បើ​ក្រឡេក​ទៅ​មើល Homepage របស់​ក្រុមហ៊ុន​នេះ​វិញ​គឺ​ពិត​ជា​សាមញ្ញ ​មិន​មាន​អ្វី​ច្រើន​នោះ​ទេ ដោយ​មាន​តែ​ផ្នែក​សំខាន់ៗ​ដូចជា​​អក្សរ Google ​និង​ប្រអប់​ស្វែង​រក​ព័ត៌មាន (Search Box) មួយ​ប៉ុណ្ណោះ។ អ៊ីចឹង​តើ មូល​ហេតុអ្វី​បាន​ជា​ក្រុមហ៊ុន​យក្ស​មួយ​នេះ រចនា Homepage របស់​ខ្លួន​សាមញ្ញ​ដល់​ម្ល៉ឹង?

 

 

បើ​តាម​ប្រសាសន៍​របស់​លោក​ស្រី Amy Kunrojpanya ​ប្រធាន​ទំនាក់ទំនង​និង​កិច្ចការ​សាធារណៈ​​សម្រាប់​ទីផ្សារ​ថ្មី​របស់​ក្រុមហ៊ុន Google ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកបាន​ឱ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​ក្រុមហ៊ុន Google រចនា Homepage​បែប​សាមញ្ញ​ដោយ​មាន​តែ Logo (អក្សរ Google) ប្រអប់ Search ហើយ​មាន​ផ្ទៃ​ទំនេរ​ពណ៌​ស​ដូច្នេះ គឺ​ដោយ​សារ​ក្រុមហ៊ុន​ចង់​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​រាប់ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក ក្នុង​ការ​ស្វែង​រក​ព័ត៌មាន​ផ្សេងៗ​តាម​ការ​ចង់​បាន។

 

កាល​ណា​អ្នក​ប្រើប្រាស់​ចូល​ទៅ​ដល់ Homepage របស់ Google នោះ​ពួកគេ​នឹង​ផ្ដោត​អារម្មណ៍​តែ​មួយ​មុខ​ប៉ុណ្ណោះ គឺ​ការ​ស្វែង​រក​ព័ត៌មាន ដោយ​ចាប់​ផ្ដើម​តាម​រយៈ​ការ​វាយ​ព័ត៌មាន​ដែល​គេ​ចង់​រក​ក្នុង​ប្រអប់ Search ក្រោម​ពាក្យ Google នេះឯង។

 

 

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញ​ស្រាប់ Homepage របស់ Google មាន​ផ្ទៃ​ទំនេរ​ពណ៌​ស​យ៉ាង​ធំ​ទូលាយ​គ្មាន​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម (Ads) និង​ផ្ទាំង​ផ្ទុក​ទិន្នន័យ​រញ៉េរញ៉ៃ​ផ្សេង​ទៀត​​ដូច Homepage របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដទៃ គឺ​ដោយ​សារ​តែ Google គិត​ថា​ផ្ទាំង Ads ទាំងនោះ​ជា​ឧបសគ្គ​ធ្វើ​ឱ្យ​ដំណើរការ​ផ្ទុក​ទិន្នន័យ (Load) យឺត ​ពេល​បើក​ចូល​ទៅ​ក្នុង Homepage ហើយ​វា​នឹង​រឹត​តែ​លំបាក​ថែម​មួយ​កម្រិត​ទៀត​សម្រាប់​អ្នក​ប្រើប្រាស់​ណា​ដែល​មាន​ល្បឿន​អ៊ីនធឺណិត​យឺត។

 

ចក្ខុវិស័យ​ចម្បង​របស់ Google គឺ “Organize the world’s information and make it universally accessible and useful.” ដែល​មាន​ន័យ​ថា ប្រមូល​និង​រៀប​ចំ​ព័ត៌មាន​ជុំវិញ​ពិភពលោក ហើយ​ធ្វើ​ឱ្យ​វា​ងាយ​​ មាន​ប្រយោជន៍​និង​អាច​ដំណើរការ​បាន​ស្រួល​ទូទាំង​សាកល​លោក។

 

សេវាកម្ម​ដែល Google ផ្តល់​ជូន​សព្វ​ថ្ងៃ​មាន​ដូចជា Web-based Products, Operating Systems, Desktop Applications, Mobile Application, Hardware និង​សេវាកម្ម​ដទៃ​ជា​ច្រើន​ផ្សេង​ទៀត៕

 

អត្ថបទ៖ ប៉ែត ផាន់និត