នាយ ឆើត រៀប​រាប់​ពី​ជីវិត​ដែល​ប្រឈម​​នឹង​សេចក្ដី​ស្លាប់​ទាំង​អួល​ដើម​ក​

  • 2015-10-05 17:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ ឆើត បាន​ពោល​រៀបរាប់​ទាំង​អួល​ដើមក​ ពី​ជីវិត​ដែល​ជួប​ការ​លំបាក​មាន​ព្រឹក​ខ្វះ​ល្ងាច​ ជា​ពិសេស​ប្រឈម​នឹង​សេចក្ដី​ស្លាប់​ ព្រោះ​តែ​ជាតិ​សុរា ចូល​ក្នុង​ខ្លួន​រាល់​ថ្ងៃ​គ្មាន​ថ្ងៃ​លស់​។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​ នាយ​ ឆើត​ ក្នុង​កម្មវិធី​ "តុ​បំភ្លឺ"​ ថ្មី​ៗ​នេះ។

 

 

ពៅ គីសាន់ ក្នុង​កម្មវិធី "តុបំភ្លឺ" របស់ MyTV

 

“រាល់​ថ្ងៃ​បង​ធ្វើ​ការ​នៅ ផ្ទះ​មាន់​ស្រែ​​មួយ​កន្លែង​ ជា​មេការ​ ហើយ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ណាស់​​ ផឹក​ស្រា​រាល់​ថ្ងៃ ​ដើម្បី​លុយ​ធីប​យក​មក​ចិញ្ចឹម​ប្រពន្ធ​កូន​... បើ​គិត​តែ​ប្រាក់​ខែ​ បាន​ត្រឹម​រួច​ថ្លៃ​ផ្ទះ​ជួល​ប៉ុណ្ណោះ​ប៉ុន្តែ​បាន​ភ្ញៀវ​ដែល​គេ​ស្រលាញ់​រាប់​អាន​ គេ​ហៅ​មក​កំដរ​ផឹក​ស្រា​ ហើយ​ហុច​ 10$​ 20$​ គ្រាន់​បាន​រួច​ថ្លៃ​ម្ហូប​ខ្លះៗ​ដែរ" ។នាយ​ឆើត ថ្លែង។​​

 

តារា​និយម​សម្ដែង​ជា​តួ​ចិត្ត​អាក្រក់​ ថ្លែង​​ពី​ជីវិត​លើ​វិថី​សិល្បៈ​មួយ​នេះ​ថា ​មិន​បាន​ជួយ​លោក​ឲ្យ​មាន​ជីវភាព​ប្រសើរ​នោះ​ឡើយ​។ ​បើ​និយាយ​ពី​ឈ្មោះ​​ លោក​ប្រាប់​ថា​ទៅ​ដល់​ទី​ណា​ក៏​គេ​ស្អប់​ដែរ ប៉ុន្តែ​ប្រិយ​មិត្ត​មិន​បាន​ដឹង​ពី​ចិត្ត​ពិត​ប្រាកដ​របស់​លោក​ឡើយ​។

 

" មិត្ត​ខ្ញុំ​គេ​ថា​ ខ្ញុំ​ប្រឡូក​សិល្បៈ​យូរ​ហើយ​ ម៉េច​មិន​មាន​ដូច​គេ​...ពិបាក​ដែរ​ ការ​ថត​រឿង​របស់​ខ្ញុំ​ ធម្មតា​បើ​គេ​បាន​ 1តម្លឹង​ ខ្ញុំ​បាន​ត្រឹម​ 5ជី​ បើ​គេ​បាន​ 5ជី​ ខ្ញុំ​បាន​ ប៉ុន្មាន​ហ៊ុន​តែ​ប៉ុណ្ណោះ​។ ហើយ​បើ​ខ្ញុំ​សុំ​តវ៉ា​គេ​ គេ​ច្បាស់​ជា​ជួល​អ្នក​ផ្សេង​ ចឹង​ខ្ញុំ​មិន​អាច​តវ៉ា​បាន​ទេ រាល់​ថ្ងៃ​ជីវភាព​ខ្ញុំ​​បាន​ត្រឹម​តែ​ម៉ា​រស់​ៗ"។ នាយ ឆើត បន្ថែម។

 

ពៅ​ គីសាន់ ហៅ នាយ​ ឆើត​ មិន​អាច​ប្រកប​របរ​សិល្បៈ​តែ​មួយ​មុខ​ឡើយ​ ក្នុង​នាម​ជា​មេ​គ្រួសារ​ដែល​មាន​ ម្តាយ​ បង​ប្អូន​ និង​កូន​ នៅ​ក្នុង​បន្ទុក​​ ។ នាយ ប្រាប់​ថា​ ត្រូវ​រ៉ាប់​រង​ជា​ច្រើន​ទាំង​ថ្លៃ​ផ្ទះ​ជួល​ផង ទឹក​ភ្លើង​ ម្ហូប​អាហារ។ មុន​នឹង​ក្លាយ​ជា​មេការ​ នាយ​ប្រាប់​ថា​ធ្លាប់​ ឆ្លៀត​ទៅ​រត់​ម៉ូតូ​ឌុប​ ធ្លាក់​ស៊ីក្លូ​ លក់​ទឹកត្រី​ បើក​ឡាន​ឲ្យ​គេ... ជា​ដើម​។ ​​

 

ទោះ​​បី​ជា​ជីវិត​​មិន​បាន​ធូរ​ធារ​​ដូច​គេ នាយ​ឆើត នៅ​តែ​សប្បាយ​ចិត្ត​ពេល​ដែល​ឃើញ​កូនៗ​លោក​ទាំងអស់​ដើរ​ដោយ​គន្លង​ធម៌​ មិន​សេព​នឹង​គ្រឿង​ញៀន​ ផ្តេសផ្តាស​ ហើយ​ចេះ​គិតគូរ​ដល់​នាយ​។ លោក​ប្រាប់​ថា ​ស្លាប់​ទៅ​បិទ​ភ្នែក​ជិត​ហើយ ​៕

 

អត្ថបទ​៖ ថា​ ម៉ាលីដា