វិធី​ងាយ​ៗ​៦យ៉ាង បំបាត់​អាការៈ​ឈឺធ្មេញ យ៉ាង​​​មាន​ប្រសិទ្ធ​ភាព

  • 2015-10-15 21:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ពុក​ផុយ​របស់​ធ្មេញ​ តែង​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់ ដោយ​សារ​មាន​បាក់តេរី​ក្នុង​មាត់ ដែល​តោង​ជាប់​ធ្មេញ និង​អញ្ចាញធ្មេញ។ បាក់តេរី ទាំង​នោះ​បង្កើត​ជា​អាស៊ីដ ដើម្បី​បំផ្លាញ​ធ្មេញ​របស់​អ្នក ហើយ​នៅ​ពេល​ការ​បំផ្លាញ ឬ​ហៅ​ថា​ដង្កូវ​ស៊ី​ធ្មេញ​ ​ដល់​សរសៃ​ធ្មេញ​ នោះ​វា​នឹង​បង្ក​ការ​ឈឺ​ចាប់​ភ្លាមៗ​។ ប៉ុន្តែ​នៅ​មាន​បញ្ហា​មួយ​ចំនួន​ទៀត​ដែល​ធ្វើ​ឲ្យ​ឈឺ ដូចជា​ធ្មេញ​ប្រហោង   រលាក​អញ្ចាញ ឬធ្មេញ​ឆាប់​ស្រៀវ​ជាដើម។ ភាព​ឈឺ​ចុកចាប់​ទាំង​នោះ មិន​ត្រឹមតែ​ឈឺ​ត្រង់​អញ្ចាញ​ទេ វា​នឹង​ចាប់​ដល់​សរសៃ​ខួរ​ក្បាល ឬ​អាច​ឲ្យ​លោក​អ្នក​ក្ដៅ​ខ្លួន​ក៏​មាន។​

 

 

ក្រៅ​ពី​ទៅ​ពេទ្យ ឬ​លេប​ថ្នាំបំបាត់ការ​ឈឺ​ចាប់ អ្នក​អាច​សាក​​វិធី​សាស្ត្រ​ងាយ​ៗ ក្នុង​ការ​ព្យាបាល​​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង តាម​បែប​ធម្មជាតិ ដែល​មាន​ដូចខាង​ក្រោម៖

 

១. ​ម្រេច និង​អំបិល

 

សូម​យក​អំបិល​ម៉ត់ លាយ​ជា​មួយ​ម្រេច​ម៉ត់ រួច​ផ្សើម​ទឹក​តិច​ៗ​ដាក់​កូន​ចាន បង្កើត​ដូច​ថ្នាំ​ដុស​ធ្មេញ​បន្ទាប់​មក​យក​វា ​លាប​ប៉ាត​លើ​ច្រាស់​ស្អាត​ រួច​លាប​​ត្រង់​កន្លែង​ឈឺ​ទុក​រយៈពេល​ពីរ ឬ​បី​នាទី។

 

២. មើម​ខ្ទឹមស

 

​​ខ្ទឹម​ស​មាន​ផ្ទុក​​សារធាតុ​ប្រឆាំង​ភាព​​ឈឺ​ចាប់ ដោយ​ដំ​ខ្ទឹម លាយ​ជា​មួយ​អំបិល និង​លាប​ផ្ទាល់​ត្រង់​កន្លែង​ឈឺ។ ប្រសិនបើ​អ្នក​ចូល​ចិត្ត អ្នក​អាច​ទំពា​មួយ​ ឬ​ពីរ​កំពឹស ដោយ​ធ្វើ​បែបនេះ​រយៈពេល​ពីរ​បី​ថ្ងៃ។​​​​

 

៣.​ ខ្ទឹម​បារាំង

 

ខ្ទឹម​បារាំង​មាន​សារធាតុ​សម្លាប់​មេរោគ​ដែល​តោង​ជិត​ធ្មេញ​ឈឺ ដោយ​លោក​អ្នក​គ្រាន់​តែ​ហាន់​ជា​ជំនិត​ៗ និង​ទំពា​រយៈពេល ពីរបី​នាទី​ជា​ការ​ស្រេច។ បើ​អ្នក​មិន​ចង់​ទំពា អ្នក​អាច​ចិត​មួយ​ជំនិត​បៀម​ខាំ​ជាប់​ទុក​ឲ្យ​វា​បញ្ចេញ​សារ​ធាតុ​សម្លាប់​មេរោគ​ទាំង​នោះ​មក​ក្រៅ។

 

​​​៤. ទឹក​អំបិល​ក្ដៅៗ

 

យក​ទឹក​ក្ដៅឧណ្ណៗ​លាយ​ជា​មួយ​អំបិល​កន្លះ​ស្លាប​ព្រា​បាយ រួច​ខ្ពុរ​មាត់ ដើម្បី​កាត់​បន្ថយ​ការ​ហើម ​រលាក និង​ប្រឆាំង​បាក់តេរី។

 

៥. ស្លឹក​ត្របែក ​ អ្នក​ត្រូវ​បេះ​ស្លឹក​ត្របែក​ស្រស់ៗ ពីរ​ទៅ​បីសន្លឹក លាង​ទឹក​ រួច​ទំពា​ឲ្យ​ស្លឹក​ចេញ​ទឹក ទុក​មួយ​សន្ទុះ​ឲ្យ​ជ្រាប​ទៅ​កន្លែង​ឈឺ។ វិធី​មួយ​ទៀត អ្នក​អាច​យក​ស្លឹក​វា បួន ឬ​ប្រាំ​សន្លឹក ស្ងោរ​ឲ្យ​ពុះ រួច​ទុក​ត្រជាក់ បន្ថែម​អំបិល​បន្តិច ​ប្រើ​សម្រាប់​ខ្ពុរ​មាត់​ដូចគ្នា។

 

៦. ដុំ​ទឹក​កក

 

យក​ដុំ​ទឹកកក​តូច​ៗ​ ខ្ចប់​នឹង​ក្រណាត់​ស្អាត រួច​​ស្អំ​ត្រង់​ថ្ពាល់​ជិត​កន្លែង​ឈឺ​ទុក​ពីរ​បី​នាទី។

 

ប្រសិន​បើ​វិធី​ទាំង​នេះ​មិន​អាច​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​បាន​​ក្នុង​រយៈពេល​​យូរ​ពីរ​ ឬបី​ថ្ងៃ អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​បន្ទាន់ កុំ​ទុក​ឲ្យ​វា​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ ឬ​ហួស​ពេល៕ ​

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ homeremedies

អត្ថបទពេញនិយម
អត្ថបទថ្មី