លោកតា ជ័យ ប៊ុនឈឿ ទទួលបានថ្លៃព្យាបាល និងផ្ទះថ្មី១ខ្នងពី ហ៊ុន ម៉ាណា
- 2015-10-17 20:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកតា ជ័យ ប៊ុនឈឿ ទទួលបានថ្លៃព្យាបាល និងផ្ទះថ្មី១ខ្នងពី ហ៊ុន ម៉ាណា
ចន្លោះមិនឃើញ
លោកតា ជ័យ ប៊ុនឈឿ ដែលជាអាជ្ញាកណ្តាលប្រដាល់ក្បាច់គុនខ្មែរបុរាណដ៏ប្រជាប្រិយ និងធ្លាក់ខ្លួនឈឺដោយខ្វះខាតថវិកាព្យាបាលអស់រយៈពេលជាច្រើនខែនោះ ពេលនេះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតហើយដោយលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកានៃទូរទស្សន៍បាយ័នជាអ្នកចេញថ្លៃព្យាបាល។
លោកព្រឹទ្ធាចារ្យ ជ័យ ប៊ុនឈឿ បានអវត្តមានពីសង្វៀនប្រដាល់ជាលើកទីពីរអស់រយៈពេលជាច្រើនខែមកហើយដោយសារជំងឺមហារីកសាច់ដុំជើង និងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ព្យាបាល។ លោកបានត្រឹមតែព្យាបាលនៅផ្ទះតិចតូច និងមកមន្ទីរពេទ្យម្តងម្កាលប៉ុណ្ណោះ។
កូនស្រីរបស់លោកធ្លាប់បានប្រាប់ Sabay ថា មានសប្បុរសជនមួយចំនួនបានជួយដល់ការព្យាបាលរបស់លោកខ្លះដែរ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់សម្រាប់ការព្យាបាលរយៈពេលយូរអង្វែង។ កូនស្រីរបស់លោកបានអំពាវនាវដល់សប្បុរសជនឲ្យជួយដល់ការព្យាបាលជំងឺមហារីកសាច់ដុំបន្ថែមទៀត។
ពេលនេះគ្រួសាររបស់លោកតា ជ័យ ប៊ុនឈឿ ស្រួលចិត្តហើយដោយលោកស្រី ហ៊ុន ម៉ាណាអគ្គនាយិកានៃទូរទស្សន៍បាយ័នបានទទួលបន្ទុកលើការថ្លៃព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ មិនត្រឹមតែប៉ុណ្ណោះតាមប្រភពពីបុគ្គលិកទូរទស្សន៍បាយ័នឲ្យដឹងថា ក្រុមការងារមនុស្សធម៌របស់ លោកស្រី ហ៊ុន ម៉ាណានឹងប្រគល់ផ្ទះទេវតា១ខ្នងថែមទៀតដល់លោកតា ជ័យ ប៊ុនឈឿ នៅខេត្តបាត់ដំបង ដែលជាស្រុកកំណើតគាត់ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកតា ជ័យ ប៊ុនឈឿធ្លាប់ប្រកាសឈប់ពីការងារជាអាជ្ញាកណ្តាលនៃសហព័ន្ធកីឡាប្រដាល់កម្ពុជាម្តងហើយកាលពីដើមឆ្នាំ២០១៤ ប៉ុន្តែដោយសារជីវភាពខ្វះខាត លោកបានសម្រេចមកធ្វើជាអាជ្ញាកណ្តាលម្តងទៀតនៅដើមឆ្នាំ២០១៥។ ទោះជាយ៉ាងណាការធ្វើជាអាជ្ញាកណ្តាលបានមួយរយពេល ជំងឺរបស់លោកក៏ធ្វើទុក្ខ ហើយផ្អាកពីការងារកីឡាកាលពីពាក់កណ្តាលឆ្នាំ២០១៥។ តាំងពីកុមារភាពរហូតដល់វ័យជាង៧០ឆ្នាំ លោកបានបូជាពេលវេលាទាំងស្រុងក្នុងការងារកីឡា៕
អត្ថបទ៖ ជាន ចាន់រ៉ា