ជីវិតរសាត់អណ្ដែត ក្រោយ២០ឆ្នាំរបស់តួក្នុងរឿង "ស្ដេចស្វាស៊ុនអ៊ូខុង"
- 2015-10-20 13:05:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតរសាត់អណ្ដែត ក្រោយ២០ឆ្នាំរបស់តួក្នុងរឿង "ស្ដេចស្វាស៊ុនអ៊ូខុង"
ចន្លោះមិនឃើញ
ឆ្នាំ២០១៥ គឺគម្រប់ខួប ២០ ឆ្នាំគត់ដែលរឿង "ស្ដេចស្វាស៊ុនអ៊ូខុង" ដ៏ល្បីឈ្មោះរបស់ ទិន ហ្វី បានដាក់បញ្ចាំងជាលើកដំបូង។ ក្រឡេកមើលជីវិតរបស់តួសម្ដែងក្នុងរឿងនេះមានអ្នកខ្លះឡើង ហើយក៏មានអ្នកធ្លាក់ចុះដែរ។
ឆ្នាំ ១៩៩៥ រឿង "ស្ដេចស្វាស៊ុនអ៊ូខុង" ឬ "A Chinese Odyssey" ត្រូវបានចាក់បញ្ចាំង និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅហុងកុង និងបណ្ដាប្រទេសជាច្រើនក្នុងតំបន់។ ភាពយន្តនេះបានបំបែកកំណត់ត្រាលក់សំបុត្រកុននៅពេលនោះទាំងដែលវិស័យភាពយន្តហុងកុងកំពុងធ្លាក់ចុះ។ ដោយសារតែភាពយន្តនេះ មានតារាជាច្រើនមានសន្ទុះខ្លាំងទាំងកេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ច។ ២០ ឆ្នាំក្រោយពេលរឿងបានចាក់ផ្សាយជាលើកទីមួយ ជីវិតរបស់តួក្នុងរឿងនេះមានភាពប្រែប្រួលច្រើន។
“ស៊ុនអ៊ូខុង" ទិន ហ្វី៖ អាជីពថ្កុំថ្កើង តែកេរ្តិ៍ឈ្មោះដាំក្បាលចុះក្រោម
ស្ដេចកំប្លែងហុងកុងទិនហ្វី តែងតែទាក់ទាញបានចំណាប់អារម្មណ៍របស់ទស្សនិកជនជានិច្ចជាមួយនឹងតួសម្ដែងដែលមនុស្សភាគច្រើនបានជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ យ៉ាងណាមិញ នេះជារឿងពាក់ព័ន្ធនឹងភាពយន្ត តែបើគិតចេញពីវិស័យនេះ តារាសម្ដែងមួយនេះត្រូវបានគេចាត់ទុកថា ជាមនុស្សដែលគួរតែជៀសចេញឲ្យឆ្ងាយ។
អតីតមិត្តស្រីរបស់ ទិន ហ្វី ធ្លាប់បកអាក្រាតតារារូបនេះនៅលើបណ្ដាញសារព័ត៌មានថា នាងត្រូវគេបោកប្រាក់ឈ្នួលធ្វើជាអ្នកគ្រប់គ្រងឲ្យតារាសម្ដែងនេះជាង ១០ ឆ្នាំ។ "គ្មានអ្នកណាមិនដឹងថា ទិន ហ្វី គម្រិះដល់ថ្នាក់ណានោះទេ។ ក្រុមហ៊ុនរបស់គាត់ទាំងមូល ត្រូវបានម្ដាយនិងប្អូនស្រីក្ដោបក្ដាប់។ នៅពេលទៅញ៉ាំអីជាមួយបុគ្គលិក គេតែងតែយកលេសថាភ្លេចយកកាបូបតាមដើម្បីគេចពីការចេញលុយ"។ អតីតមិត្តស្រី Stephen Chow បកស្រាយ។
ថ្មីៗនេះប្ដីប្រពន្ធអ្នកដឹកនាំសម្ដែង Charles Heung មិនរារែកប្រកាសថា គ្មានថ្ងៃនឹងសហការជាមួយនឹងទិន ហ្វី ម្ដងទៀតទេដោយលើកហេតុផលថា មនុស្សធននេះគឺគ្មានតម្លៃ។ មិត្តស្រីរបស់កំពូលតារាសម្ដែង លី ស៊ាវឡុង Betty Ting បានបញ្ចេញមតិថា Stephen Chow មិនសមជាកូនប្រុស ជាមនុស្សហុតទឹកសម្លឹងកាក។
នៅក្នុងវិស័យសិល្បៈមានតារាជាច្រើនដែលបានផ្ដាច់ទំនាក់ទំនងជាមួយ ទិន ហ្វី រួមមាន Leung Chiu Wai, Cecilia Cheung, និង Anita Yuen...។
ប៉ាជេ Ng Man Tat និងជីវិតក្រលំបាកលំបិន
ក្នុងទសវត្សឆ្នាំ ១៩៩០ Ng Man Tat ត្រូវបានគេស្គាល់មុខច្រើនដោយបានលេងជាដៃគូក្នុងភាពយន្តមួយចំនួនជាមួយស្ដេចកំប្លែង ទិន ហ្វី។ គួរឲ្យសោកស្ដាយ លោកមិនដែលបានដើរតួឯកនោះទេព្រោះតែរួបសម្បត្តិមិនអំណោយផលរបស់ខ្លួន។ នៅក្នុងវ័យ ៦០ប្លាយ Ng Man Tat ធ្លាក់ខ្លួនឈឺគ្រាំគ្រា រស់មួយថ្ងៃគិតមួយថ្ងៃ។ ខែមេសា ឆ្នាំ ២០១៤ លោកត្រូវបានគេបញ្ជូនចូលមន្ទីរពេទ្យព្រោះដកដង្ហើមមិនបាន ដោយសារមានបញ្ហាបេះដូង។ អំឡុងពេលនោះ មានពាក្យចចាមអារ៉ាមថាលោកស្លាប់បាត់ហើយ។ លោកបានចេញមុខបកស្រាយក្រោយមានព័ត៌មានមិនពិតនេះ។
បើទោះជាមានជំងឺជាប់ខ្លួន Ng Man Tat នៅតែត្រូវទទួលថតរឿងព្រោះត្រូវរែកបន្ទុកគ្រួសារ។ សព្វថ្ងៃលោកមានកូនប្រាំនាក់ កូនប្រុសពៅទើបតែមានអាយុ ១១ ឆ្នាំ។ មកទល់ពេលនេះប្រពន្ធទាំងពីររបស់លោកគឺត្រូវរស់នៅដោយសារប្រាក់ចំណូលបន្តិចបន្តួចរបស់តារាសម្ដែងនេះនៅឡើយ។
“បិសាចពីងពាង" Yammie Lam៖ តារាឯកធ្លាក់កូដ កើតរោគសរសៃប្រសាទ
Yammie Lam ជាតារាសម្ដែងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅហុងកុង ក្នុងទសវត្សឆ្នាំ ១៩៨០ ដល់ ១៩៩០។ នាងបានចុះកុងត្រាជាមួយ TVB រួមជំនាន់ជាមួយតារាសម្ដែងល្បីៗដូចជា Carina Lau, Margie Tsang,និង Jacqueline Law...។ ដោយសារតែតួបិសាចពីងពាងក្នុងរឿង "ស្ដេចស្វាស៊ុនអ៊ូខុង" របស់ទិន ហ្វី នាងទទួលបានការចាប់អារម្មណ៍ជាច្រើនពីបណ្ដាអ្នកដឹកនាំរឿងល្បីឈ្មោះ។
ជីវិតដែលមើលទៅពោរពេញទៅដោយសុភមង្គលនេះ ត្រូវបានរលត់ផុតទៅនៅពេលនាងត្រូវបានអ្នកមានមុខមាត់នៅក្នុងវិស័យសិល្បៈពីរនាក់ចាប់រំលោភនិងធ្វើទារុណកម្ម។
ឆ្នាំ១៩៩៩ វេជ្ជបណ្ឌិតបានសំណូមពរឲ្យនាងចូលពេទ្យស្នាក់នៅដោយសារមើលឃើញរោគសញ្ញាជំងឺសរសៃប្រសាទ និងមានទំនោរទៅរកការសម្លាប់ខ្លួន។ តារាសម្ដែងស្រីនេះ ជានិច្ចកាលត្រូវគេឃើញដើរតែលតោលនៅលើផ្លូវដូចមនុស្សគ្មានផ្ទះសម្បែង ធ្វើឲ្យអ្នកគាំទ្រអាណិតខ្លោចចិត្ត។ Yammie Lam ធ្លាប់ចែករំលែកថា ជំងឺចាស់គឺបានធូរស្រាលច្រើនហើយ តែដោយសារតែគ្មានប្រាក់ចំណូលគឺបានត្រឹមតែរស់នៅដោយសារថវិកាជំនួយរបស់រដ្ឋតែប៉ុណ្ណោះ។
“ថាងចេង" Law Kar Ying៖ អាពាហ៍ពិពាហ៍ក្រោយជំងឺឈឺថ្កាត់
Law Kar Ying ដើរតួ ថាងចេង ក្នុងរឿង "ស្ដេចស្វាស៊ុនអ៊ូខុង"។ អាចនិយាយបានថាជីវិតរបស់ Law Kar Ying គឺផ្សារភ្ជាប់ជាមួយនឹង Wang Ming Quan តារាជើងចាស់របស់ TVB។ ពួកគេបានរស់នៅជាមួយគ្នាច្រើនឆ្នាំតែមិនរៀបការរហូតដល់អ្នកទាំងពីរធ្លាក់ខ្លួនឈឺរៀងៗខ្លួន។
ឆ្នាំ ២០០២ Wang Ming Quan ដឹងខ្លួនថា នាងមានជំងឺមហារីកសុដន់ និងដុំសាច់ ទីរ៉ូអ៊ីត។ នៅពេលនោះ Law Kar Wing បាននៅក្បែរមើលថែរក្សាមិត្តស្រីរហូតដល់គាត់មានសុខភាពមាំមួនឡើងវិញ។ ហាក់បីដូចសុភមង្គលរបស់ពួកគេបានត្រលប់មកវិញ ស្រាប់តែជំងឺឈឺថ្កាត់ត្រលប់មកវិញម្ដងទៀត។ ឆ្នាំ ២០០៤ Law Kar Wing កើតជំងឺមហារីកថ្លើម។ មកដល់ពេលនេះ Wang Ming Quan ក្លាយជាអ្នកមើលថែទាំលោកវិញ។ ក្រោយរស់នៅជាមួយគ្នាអស់រយៈពេល ២១ឆ្នាំ អ្នកទាំងពីរបានចុះអេតាស៊ីវិលនៅអាមេរិកក្នុងឆ្នាំ ២០០៩។
“ព្រាយឆ្អឹងស" Karen Mok៖ ជោគជ័យទាំងស្នេហានិងអាជីព
នៅក្នុងចំណោមតារាទាំងអស់ក្នុងរឿង "ស្ដេចស្វាស៊ុនអ៊ូខុង" កាលពីឆ្នាំនោះ អាចនិយាយបានថា Karen Mok ជាតារាស្រីដែលទទួលបានជោគជ័យច្រើនជាងគេ។
Karen Mok ធ្លាប់មានចំណងស្នេហាយូរឆ្នាំជាមួយអ្នកដឹកនាំរឿង Yon Fan មុនពេលពួកគេចែកផ្លូវក្រោយពីបានស្រលាញ់គ្នា ១០ឆ្នាំ។ ឆ្នាំ២០១១ Karen រៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជនជាតិបរទេស។ បើទោះជាតារាសម្ដែងនេះមិនបង្ហាញតាមកញ្ចក់ភាពយន្តច្រើនដូចមុនក៏ដោយ តែអ្នកគាំទ្ររបស់នាងគឺមិនបានធ្លាក់ចុះនោះទេ។ បណ្ដាញសង្គមរបស់ Karen មានអ្នកគាំទ្រតាមដានចំនួន ៣០ លាននាក់។
“ឈឺសៀង" Athena Chu៖ ជីវិតសាមញ្ញ
តួសម្ដែង ឈឺសៀងបានដើរជាប់កេរ្តិ៍ឈ្មោះរបស់ Athena Chu ជាប់រហូត។ ដោយសារតែតួអង្គនេះបានជំរុញឲ្យ Athena ក្លាយជាតារាជួរមុខរបស់វិស័យភាពយន្ត។ យ៉ាងណាមិញនៅឆ្នាំ ២០១២ នាងស្រាប់តែលាចាកពីវិស័យសិល្បៈ។ សព្វថ្ងៃ Athena នៅតែបង្ហាញមុខបន្តិចបន្តួចក្នុងកម្មវិធីផ្សេងៗតែប៉ុណ្ណោះ។
កើតឆ្នាំ ១៩៧១ Athena Chu ធ្លាប់មានចំណងស្នេហ៍ផ្លេកបន្ទោរជាមួយ ទិន ហ្វី។ ពួកគេបានចែកផ្លូវក្រោយស្រលាញ់គ្នាបានប៉ុន្មានឆ្នាំ។ ក្រោយមកនាងប្រកាសពីចំណងស្នេហ៍របស់ខ្លួនជាមួយកវីចម្រៀង Paul Wong។ ពួកគេបានរៀបមង្គលការក្នុងឆ្នាំ ២០១២។ Athena បាននិយាយថា បើទោះជាគ្មានជីវិតស៊ីវិល័យតែនាងមានសុភមង្គលនិងភាពស្ងប់ស្ងាត់ ៕
ចុចអាន៖ជីវិតលំបាកលំបិនរបស់តារាហុងកុង៣រូប ដែលធ្លាប់សម្ដែងជាមួយ ទិនហ្វី
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ បរទេស