យ៉ែម សំអូន និងយ៉ាន លីនដា ធ្វើដំណើរទៅថៃដូចគ្នា
- 2015-10-22 17:03:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ែម សំអូន និងយ៉ាន លីនដា ធ្វើដំណើរទៅថៃដូចគ្នា
ចន្លោះមិនឃើញ
កាលពីប្រមាណជាងពីរសប្ដាហ៍មុនទំនាក់ទំនងរវាងប្ដីប្រពន្ធ យ៉ែម សំអូន និងយ៉ាន លីនដា ដែលបានបែកបាក់ជាង ៥ ខែមកហើយនោះ ត្រូវបានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា "យ៉ាន លីនដា ចង់វិលរកទ្រនំស្នេហ៍ចាស់” តែត្រូវបានតារាស្រីមានសញ្ជាតិអូស្ត្រាលីរូបនេះបដិសេធចោល។ ប៉ុន្តែគួរឲ្យកត់សម្គាល់នាថ្ងៃម្សិលមិញ តាមបណ្ដាញសង្គម Facebook របស់ពួកគេ បានឲ្យដឹងថា ពួកគេបានទៅដល់ប្រទេសជិតខាងកម្ពុជាមួយនេះទាំងអស់គ្នា។
ដោយគ្រាន់តែបង្ហាញរូបវ៉ាលីឥវ៉ាន់ យ៉ែម សំអូន បានឲ្យដឹងថា លោកកំពុងនៅទីក្រុងបាងកក។ ងាកមក យ៉ាន លីនដា វិញក៏ដូចគ្នាដែរ ដោយនាងឲ្យដឹងថា នាងបានមកដល់ប្រទេសថៃហើយ។ ភ្ជាប់រូបថតជាមួយមិត្តសិល្បៈជាច្រើន មាន គង់ ចាន់ស្រីមុំ លោក គឹម សីហា កញ្ញា មួយមួយ ជាដើម ប្រាប់ថា លីនដា សរសេរជាភាសាអង់គ្លេសដែលមានន័យថានាងមកស្រុកថៃ ដើម្បីមុខជំនួញផង និងដើរកម្សាន្តផង។ "លក្ខណៈមុខជំនួញ និងការលំហែកាយនៅប្រទេសថៃ ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបបង ប្អូនជាទីស្រលាញ់ដែលនឹងមកទីនេះ ដើម្បីជួបជាមួយខ្ញុំ”។
ប្រការគួរកត់សម្គាល់ សកម្មភាពលើបណ្ដាញសង្គមរបស់ពួកគេ បានចាប់ផ្ដើមក្នុងពេលតំណាលគ្នា។ យ៉ាងណាក៏ដោយ មិនដឹងថា វត្តមានរបស់ពួកគេនៅទីនោះ ជារឿងចៃដន្យ ឬយ៉ាងណាទេ ខណៈសាមីខ្លួនទាំងសងខាង នៅមិនទាន់អាចទំនាក់ទំនងបាននៅឡើយ។
ចំណងស្នេហ៍ជាង ១៥ ឆ្នាំ របស់លោក យែម សំអូន និងយ៉ាន លីនដា ត្រូវបានដាច់ដោចក្រោយធ្លាយព័ត៌មានថាតារាចម្រៀងប្រុសរូបនេះ លួចមានស្នេហាលួចលាក់ជាមួយមនុស្សប្រុសដូចគ្នា ហើយថែមទាំងប្រើអំពើហិង្សាដល់ លីនដា ដែលជាភរិយាស្របច្បាប់ថែមទៀតផង។ រហូតធ្វើឲ្យតារាស្រីសម្បុរសណ្ដែកបាយរូបនេះខឹងទ្រាំមិនបានក៏ឡើងយន្តហោះឆ្ពោះទៅកាន់ដែនកោះអូស្ត្រាលីវិញភ្លាមៗ និងបានបញ្ជាក់ថានឹងឲ្យមេធាវីចុះមកស្រុកខ្មែរដើម្បីលែងលះទៀតផង។
តើពួកគេទៅជួបគ្នាឬយ៉ាងណា ហើយតើប្រិយមិត្តចង់ឲ្យពួកគេជួបគ្នាវិញទេ?
អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖គណនី Facebook យ៉ែម សំអូន និងយ៉ាន លីនដា