ចូល​រួម​ត្រេក​អរ​ទាំង​អស់​គ្នា តារា​កម្ពុជា ជាប់​ពាន​១ទៀត​ហើយ​នៅ​ហុងកុង

  • 2014-10-18 16:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក យិត មាសឧស្សាហ៏ ហៅ Edwin តារា​ម៉ូដែល​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កម្មវិធី "Mr Asia Contest” ពិភព​លោក​នៅ​ទី​ក្រុង​ហុង​កុង កាល​ពី​ចុង​ខែ​កញ្ញា ឆ្នាំ ២០១៤​នោះ ពេល​នេះ​ដឹង​លទ្ធផល​ហើយ ដោយ​លោក​ទទួល​បាន​រង្វាន់​ជា​តារា​ញញឹម​ស្រស់ជាង​គេ “ Mr. Smiley Award in Mister Asia Contest 2014 ”។

 

បើ​តាម​ការ​​ឲ្យ​ដឹង​ពី​លោក ម៉ែន និមលរតន៍ ប្រធាន​ក្រុម​បង្ហាញ​ម៉ូដ Sun Super Model Cambodia បាន​ឲ្យ​ដឹង​ថា ការ​​ប្រកួត"Mr Asia Contest” បាន​បញ្ចប់​ហើយ កាល​ពី​ថ្ងៃ​ទី១៧ តុលា ម្សិល​មិញ​នេះ ដោយ​​កម្មវិធី​បាន​ចាប់​​ផ្ដើម​តាំង​ពី​ថ្ងៃ ទី២២ ​ខែ​កញ្ញា ឆ្នាំ ២០១៤។

 

ជា​លទ្ធផល​ គឺ​លោក Edwin របស់​កម្ពុជា​យើង ​ទទួល​បាន​រង្វាន់​ជា តារា​ញញឹម​ស្រល់​ជាង​គេ “ Mr. Smiley Award in Mister Asia Contest 2014”។ ចំណែក​​ប្រទេស​ដែល​ជាប់​លេខ១ និង លេខ២ បាន​ទៅ​លើប្រទេសចិន និង លេខ​ ៣ បាន​ទៅ​លើ​ប្រទេស ភូមា។

 

កាល​ពី​ពេល​ថ្មី​នេះ កញ្ញា នូ ទឹម​ស្រី​នៀត ទើប​ឈ្នះ​ជយលាភី​ផ្នែក​ប្រជាប្រិយ (Miss Popular Vote Award) ក្នុង​កម្មវិធី Miss Grand International ពី​ប្រទេស​ថៃ ដោយ​ទទួល​បាន​ពានរង្វាន់​មួយ រួម​ជាមួយ​ប្រាក់​រង្វាន់​អម​ជយលាភី​ផង។ សម្រាប់​លោក ម៉ែន និមលរតន៍ បាន​លើក​ឡើង​ថា នេះ​ជា​មោទនភាព​​ថ្មី​មួយ​ទៀត​របស់ ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្រុម​ម៉ូដែល​របស់​លោក ព្រោះ​តាម​រយៈ​កម្មវិធី​មួយ​នេះ បាន​ធ្វើ​ឲ្យ​ពិភពលោក​កាន់​​តែ​ស្គាល់​ប្រទេស​កម្ពុជា​មួយ​កម្រិត​ថែម​ទៀត។

 

កម្មវិធី “Mister Asia Contest ” ធ្វើ​​ឡើង​ដើម្បី​លើក​ស្ទួយ​វិស័យ​សិល្បៈ​នៅ តំបន់​អាស៊ី។ ជា​គោសការណ៍​ប្រទេសមួយ អាច​បញ្ជូន​បេក្ខជន​តែ​ម្នាក់​ប៉ុណ្ណោះ ទៅ​ចូល​រួម​ប្រកួត "Mr Asia Contest” កម្រិត​ពិភព​លោក តាម​រយៈ​ការ​ប្រកួត​​ជ្រើសរើស​ក្នុង​ប្រទេស​របស់​ខ្លួន ប៉ុន្តែ​ដោយ​ឆ្នាំ​នេះ​ប្រទេស​មួយ​ចំនួន​អវត្តមាន អ្នក​រៀប​ចំ​បាន​អនុញ្ញាត្ត​ឲ្យ​ប្រទេស​ខ្លះ​អាច​បញ្ជូន​តារា​លើស​ពី​​ ម្នាក់​ទៅ​ចូល​រួម​បាន  ។ សម្រាប់​ប្រទេស​កម្ពុជា នេះ​ជា​ឆ្នាំ​ទី១​ហើយ​ដែល​បាន​ចូល​ប្រកួត។ "Mr Asia Contest 2014 ” ពិភព​លោក ឆ្នាំ​នេះ បាន​ធ្វើ​នៅ​ទី​ក្រុង​ហុង​កុង និង​ចិន ដោយ​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ ទី២២ ​ខែ​កញ្ញា ឆ្នាំ ២០១៤ ដល់​​ថ្ងៃ​ទី១៧ តុលា ឆ្នាំ ២០១៤ ក្នុង​នោះ​​ប្រទេស​ដែល​ចូល​រួម មាន​ចំនួន១០ប្រទេស ។

លោក Edwin ត្រូវ​បាន​ទៅ​ចូល​រួម​ប្រកួត​តាម​រយៈ FX Entertainment សហការ​ជាមួយ Hamsa Entertainment Cambodia ។ លោក​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី១៩ តុលា ឆ្នាំ ២០១៤ នេះ៕

អានអត្ថបទ៤បទ​នេះ សាច់​ភ្លេង​ដូច​​គ្នា តើ​​មួយ​​ណា​​ពីរោះ​ជាង? អានអត្ថបទ៖តារា​ខ្មែរ-កូរ៉េ ​ប៉ះ​គ្នា​រំជួល​​អារម្មណ៍​យុវវ័យ​​យប់មិញ! អានអត្ថបទ៖ប្រជុំ​តារា​ល្បីៗ កម្ពុជា-កូរ៉េ ស្តាត​អូឡាំពិក​ថ្ងៃ ១៦ តុលា​ខាន​ស្អែក!

អត្ថបទ៖ ខុត សីហា