តា ហ៊្វុយសូ រួម​ជា​មួយ​និស្សិត​១ក្រុម យក​អំណោយ​ជូន​​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា

  • 2015-10-23 21:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹក​ប្រាក់​​ចំនួន២លានរៀលត្រូវ​បាន​លោក ហ៊្វុយសូ រួម​ជា​មួយ​និស្សិត​មួយ​ក្រុម​បាន​យក​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា កាល​ពី​ព្រឹក​មិញ។

 

 

 

 

ទឹក​ប្រាក់​​​ខាង​លើ ជា​ផ្នែក​មួយ​បាន​មក​ពី​​​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​​នៃ​​ក្ដី​សង្ឃឹម ដែល​រៀបចំ​ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​មួយ​ក្រុម​​កាល​ពី​ដើម​ខែ​តុលា​កន្លង​ទៅ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​ស្វែង​រក​ប្រាក់​​មក​ជួយ​ដល់ សមាគម​ចលនា​វប្បធម៌​ជាតិ​ដើម្បី​កុមារ​កំព្រា​ក្រីក្រ ហៅ​​កាត់​ថា NACOPCA របស់​​លោក​តា ហ៊្វុយសូ។ នេះ​បើ​តាម​ការ​បញ្ជាក់ ពី​លោក សួន តារា ហៅ Rai O ដែល​ជា​អ្នក​សម្រប​សម្រួល។

 

លោក​សួន តារា បាន​ប្រាប់​​ថា ទឹក​ប្រាក់​ប្រមូល​បាន​ពី​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​​នៃ​​ក្ដី​សង្ឃឹម​កាល​ពី​ពេល​កន្លង​ទៅ មាន​រហូត​ដល់​ទៅ​ជិត៥ពាន់​ដុល្លារ ដោយ​បាន​បែង​ចែក​ទិញ​​សម្ភារ​សិក្សា ក៏​ដូច​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ជូន​ដល់​អង្គការ តា ហ៊្វុយសូ និង​មួយ​​ចំណែក​ទៀត ជូន​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ក្នុង​នោះ​ដែរ​ទឹក​ប្រាក់​ដែល​សល់​ពី ការ​ចំណាយ​មាន​ចំនួន ៩ ៤៩២ ៦០០រៀល និង ១ ៨៩៩ ដុល្លារ សម្រាប់​តម្កល់​ជូន​អង្គការ តា ហ៊្វុយសូ ផង​ដែរ។

 

មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​និស្សិត​មួយ​ក្រុម​ខាង​លើ ប្រមូល​គ្នា​រៀប​ចំ​ការ​ប្រគំតន្ត្រី​សប្បុរសធម៌​ជួយ​ដល់ អង្គការ តា ហ៊្វុយសូ និង ឈាន​ដល់​បាន​មក​ចែក​រំលែក​ដល់​មន្ទីរ​ពេទ្យ​បុប្ផា​នេះ ត្រូវ​បាន​លោក សួន តារា បញ្ជាក់​ប្រាប់​ថា ដោយសារ​តែ​ក្រុម​របស់​លោក​បាន​ឃើញ ពី​អង្គការ​មួយ​នេះ កំពុង​ជួប​ការ​ខ្វះ​​ខាត​ខ្លាំង ។

 

 

តំណាង​ក្រុម​និស្សិត​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ការ​ប្រគំតន្ត្រី​សប្បុរសធម៌​កន្លង​ទៅ​មាន​តារា​ចម្រៀង​ជា​ច្រើន​ចូល​រួម​ក្នុង​នោះ​មាន​ដូច​ជា លោក ឆន សុវណ្ណារាជ,​ កញ្ញា លាង សុផាឡែន,លោក ប៊ុត សីហា, លោក ឈុន វត្ថា កញ្ញា សាមុត ស្រីកា លោក វ៉ាន់ ផល្លី កញ្ញា កែវ សុបញ្ញា លោក ដា សក្កដា កញ្ញា នីគី នីគី និង សិល្បករ សិល្បៈ​ការិនី​ជា​ច្រើន​រូប​ទៀត។ ជា​មួយ​គ្នា​នោះ​ក៏​មាន ការ​សម្ដែង​ទម្រង់​សិល្បៈ​របាំ​បុរាណ ប្រពៃណី​និង​ល្ខោន​បាសាក់ ការ​សម្ដែង​ក្បាច់គុន​បុរាណ​ខ្មែរ ល្បែង​កម្សាន្ត និង សកម្មភាព​ផ្សេងៗ​ទៀត ជា​ច្រើន​ផង​ដែរ ។ ក្រុម​សិល្បករ​សិល្បៈ​ការិនី ​អ្នក​ទាំង​អស់ បាន​ស្ម័គ្រចិត្ត​ចូល​រួម ដោយ​មិន​គិត​ប្រាក់​ឡើយ។

 

លោកតា ហ្វុយសូ បាន​លើក​ឡើង​ថា មួល​ហេតុ​ដែល​នាំ​ឲ្យ​លោក​សម្រេច​យក​ប្រាក់​មួយ​ចំណែក​មក​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​​ដែល​កំពុង​តែ​ខ្វះ​ខាត​មួយ​នេះ ក៏​ព្រោះ​តែ​លោក​ចង់​ចែក​រំលែក​សេចក្ដី​ស្រលាញ់ ដល់​មន្ទីរ​ពេទ្យ​មួយ​នេះ ដោយ​បំណង​​មួយ​នេះ​លោក​គិត​ជាយូរមកហើយ។ តារា​កំប្លែង​រូប​នេះ​ថ្លែង​​បន្ត​ថា ទោះ​បី​ជា​ទឹក​ប្រាក់​នេះ វា​មាន​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​លោក​ចង់​បង្ហាញ​ថា អង្គការ​របស់​លោក​ក៏​ដូច​ជា​ក្មេងៗ​ក្នុង​អង្គការ​ទាំង​អស់​ មាន​ទឹក​ចិត្ត​ចង់​ជួយ​ដល់​មន្ទីរពេទ្យ​សប្បុរសធម៌​មួយ​នេះ ក្នុង​នាម​ជា​​ខ្មែរ​ដូច​គ្នា ។

 

 

 

 

លោក ស៊ូ សាវ៉ាង ហៅ​តា ហ៊្វុយសូ បាន​បោះ​បង់​ការងារ​សិល្បៈ​​ដែល​ធ្លាប់​តែ​មាន​មុខ​លើ​ឆាក​តន្ត្រី មក​​​បង្កើត​​​អង្គការ ​NACOPCA ឡើង​នៅ​ឆ្នាំ២០០០ ដោយ​អង្គការ​មួយ​នេះ​ទទួល​​យក​តែ​កុមារ​កំព្រា ឬ​កុមារ​ដែល​​ក្រីក្រ​គ្មាន​លទ្ធភាព​​ទៅ​សាលារៀន ក្នុង​ចន្លោះ​ពី អាយុ៦ឆ្នាំ រហូត​ដល់​ទៅ១៨​ឆ្នាំ មក​បង្រៀន​សិល្បៈ​របាំ​គ្រប់​ប្រភេទ ដូច​ជា​តារា​សម្ដែង​ខារ៉ាអូខេ ពិធី​ករ បង្រៀន​ភាសា អង់គ្លេស  និង ចំណេះដឹង​ទូទៅ​ជា​ដើម។

 

ដំបូង​ឡើយ​អង្គការ​របស់​លោក​ មាន​​អង្គការ​អន្តរជាតិ​មួយ​ផ្ដល់​ជំនួយ ប៉ុន្តែ​ក្រោយ​ពី​ផ្ដល់​បាន​ត្រឹម​២ឆ្នាំ​ ក៏​ដាច់​​ទៅ​វិញ។ បច្ចុប្បន្ន​មិន​មាន​ជំនួយ​ណា​ក្រៅ​ពី​សប្បុរស​ជន​ក្នុង​ស្រុក​នោះ​ឡើយ ។ ចំណូល​ធំ​ដែល​បាន​មក​ប្រចាំខែ គឺ​ការ​​ដើរ​សម្ដែង​សិល្បៈ​នៅ​ក្នុង​កម្មវិធី​ផ្សេង ក្នុង​នោះ​ក្រុម​សិល្បៈ​អង្គការ​របស់​លោក បាន​សម្ដែង​ជា​ប្រចាំ​​នៅ​ផ្សារ​រាត្រី ជា​រៀងរាល់​សប្ដាហ៍ ដោយ​ទទួល​បាន​៤០០ដុល្លារ​ក្នុង​មួយ​ខែ តែ​លោក​ត្រូវ​ចំណាយ​ខ្ទង់​៨០០ដុល្លារ ក្នុង​មួយ​ខែ លើ​ការ​ហូប​ចុង ទឹក​ភ្លើង និង មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ជា​ដើម។

 

កន្លង​មក NACOPCA ធ្លាប់​បាន​ជួប​វិបត្តិ​​ហិរញ្ញវត្ថុ​ជា​ខ្លាំង ដោយ​មាន​ពេល​ខ្លះ តា ហ៊្វុយសូ ​ធ្លាប់​បាន​យក​ប្លង់​ផ្ទះ ដាក់​ធានា​គារ ដើម្បី​យក​ប្រាក់​មក​បង់​ថ្លៃ​ទឹក​ភ្លើង​ក៏​មាន។ ថ្មីៗ​នេះ​បន្ទាប់​ពី​​បណ្ដាញ​សារព័ត៌មាន​មាន​ក្នុង​ស្រុក​​ចេញ​ផ្សាយ​ពី ​ការ​ខ្វះ​ខាត់​ជា​បន្ត​បន្ទាប់​មក អង្គការ​​របស់​លោក មាន​សប្បុរសជន ថ្នាក់​ដឹក​នាំ សិស្ស​និស្សិត និង​សិល្បករ​ សិល្បការិនី នាំគ្នា​មក​បន្ត​ជួយ​ជ្រោមជ្រែង​ជា​បន្ត​បន្ទាប់ ​បច្ចុប្បន្ន​លែង​ជួប​បញ្ហា​ដូច​មុន​ទៀត​ហើយ៕

 

 

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម
អត្ថបទថ្មី