២០ឆ្នាំក្រោយរឿង "មហាទេព​ស៊ុនអ៊ូខុង" ជីវិត​​តួអង្គមួយ​ៗ​ប្រែប្រួល​យ៉ាង​ណា​ខ្លះ?

  • 2015-10-27 13:05:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ២០១៥នេះ គឺ​ជា​ខួប​លើក​ទី ១៩ នៃ​​ការ​ចាក់​ផ្សាយ​​រឿង "មហាទេព​ស៊ុនអ៊ូខុង" ឆ្នាំ១៩៩៦ របស់ TVB ជា​លើក​ដំបូង។ ទោះ​បី​ជា​ត្រូវ​រង​សម្ពាធ​ច្រើន​ពី​រឿង​ស៊េរី​ចាស់​ដែល​ធ្លាប់​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​ក៏​ដោយ តែ​ដោយ​សារ​ភាព​ច្នៃ​ប្រឌិត​ក៏​ដូច​ជា​ការ​លាយ​ឡំ​រវាង​រឿង​កម្សត់​ជាមួយ​នឹង​ឈុត​ឆាក​កំប្លែង "មហាទេព​ស៊ុនអ៊ូខុង" ត្រូវ​បាន​ទស្សនិកជន​នៅ​គ្រប់​វ័យ​ចូលចិត្ត និង​បាន​ក្លាយ​ជា​រឿង​ភាគ​ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​​ឆ្នាំ​តែ​មួយ​នៅ​ហុងកុង។

 

 

ក្រោយ​រយៈ​ពេល​ជិត ២០ ឆ្នាំ​នៃ​ការ​ចាក់​ផ្សាយ​រឿង​នេះ​ ជីវិត​ក៏​ដូច​ជា​អាជីព​របស់​តួ​ក្នុង​រឿង​នេះ​បាន​ផ្លាស់​ប្ដូរ​គួរ​ឲ្យ​កត់​សម្គាល់។

 

ថាង​ចេង Kwong Wa

 

 

Kwong Wa ធ្លាប់​ត្រូវ​គេ​ចាត់​ទុក​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​មួយ​រូប​នៅ TVB។ ចូល​រួម​សម្ដែង​ក្នុង​រឿង "មហាទេព​ស៊ុនអ៊ូខុង" ឆ្នាំ ១៩៩៦ លោក​បាន​ពាំនាំ​មក​នូវ​រូប​ភាព​ថាងចេង​ស្រស់​សង្ហា​មួយ​រូប​ដែល​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ឈ្លក់​វង្វេង។ ក្រៅ​ពី​សម្ដែង​ក្នុង​រឿង​នេះ តារា​សម្ដែង​កើត​ឆ្នាំ ១៩៦២ ក៏​បាន​បង្ហាញ​វត្តមាន​ក្នុង​រឿង​ដ៏​ល្បី​ៗ​ជា​ច្រើន​ទៀត​របស់ TVB ​ដែរ ក្នុង​នោះ​រួម​មាន "Crimson Sabre” “A Step into the Past”...។ ឆ្នាំ ២០០៤ លោក​ផុត​កុង​ត្រា​ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍ TVB និង​បាន​ទៅ​ចិន​ដី​គោក​ដើម្បី​បន្ត​អាជីព​ជា​តារា​សម្ដែង។

 

 

គួរ​ឲ្យ​សោក​ស្ដាយ អាជីព​ជា​តារា​សម្ដែង Kwong Wa នៅ​ចិន​ដី​គោក​មិន​ទទួល​បាន​ភាព​ជោគជ័យ។ ក្រោយ​មក​ទៀត លោក​ត្រូវ​រង​របួស​នៅ​ជើង និង​កើត​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ ចាប់​ពី​ឆ្នាំ ២០០៩ ទៅ Kwong Wa បោះ​បង់​អាជីព​សម្ដែង​ចោល​ទាំង​ស្រុង ហើយ​ប្រពន្ធ​របស់​លោក Kitman Mak ជា​អ្នក​រ៉ាប់រង​បន្ទុក​គ្រួសារ​ទាំង​អស់។ មួយ​រយៈ ក្រោយ​នេះ នៅ​ពេល​ដែល​សុខភាព​បាន​ធូរ​ស្រាល​ជាង​មុន​លោក​ដូរ​អាជីព ក្លាយ​​ជា​បុគ្គលិក​លក់​ធានារ៉ាប់រង​វិញ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ។

 

ស៊ុន​អ៊ូខុង-Dicky Cheung

 

ជាមួយ​ការ​សម្ដែង​ចេះ​បត់​បែន​តាម​កាលៈទេសៈ និង​ពាក្យ​សម្ដី​តែង​តែ​នៅ​ជាប់​មាត់ "គ្រាន់​តែ​ទៅ​ចម្លង​ធម៌​តើ មាន​អ្វី​ត្រូវ​ភ័យ​ខ្លាច" Dicky Cheung បាន​ធ្វើ​ឲ្យ​តួ​អង្គ​របស់​ខ្លួន​ខុស​ប្លែក​ពី​តួអង្គ​អ៊ូខុង​មុន​ៗ​របស់​រៀម​ច្បង។ ក្រោយ​ពេល​សម្ដែង​រឿង​នេះ អាជីព​របស់​តារា​សម្ដែង​កើត​ឆ្នាំ ១៩៦៥ ​ស្រាប់​តែ​រះ​ភ្លឺ​ចែង​ចាំង។ លោក​ត្រូវ​បាន​ផលិតកម្ម​ភាពយន្ត​ជា​ច្រើន​ពី តៃវ៉ាន់ ចិន​ដី​គោក អញ្ជើញ​ឲ្យ​ចូល​រួម​សហការ។ តែ​តារា​សម្ដែង​រូប​នេះ​បាន​​បដិសេធ​ទាំង​អស់ ដោយ​លោក​ចង់​ផ្ដោត​អស់​កម្លាំង​កាយ​ចិត្ត​ផលិត​រឿង "មហាទេព​ស៊ុនអ៊ូខុង" វគ្គ ២(១៩៩៨)។

 

ក្រោយ​មក TVB និង Dicky Cheung កើត​មាន​ទំនាស់​ពី​រឿង​​តម្លៃ​ខ្លួន។ ភាគី​ខាង​ទូរទស្សន៍​បាន​ជ្រើស​យក​តារា​សម្ដែង Benny Chan ឲ្យ​ដើរ​តួ​ជំនួស​រូប​លោក​ក្នុង​វគ្គ ២។ Dicky បាន​សម្រេច​ចិត្ត​ដើរ​ចេញ​ពី TVB ទៅ​រក​ទ្រនំ​ផ្សេង។ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​លោក​កសាង​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​​តាម​រយៈ​រឿង​ជា​ច្រើន​ដូច​ជា "The Duke of Mount Deer” “The Proud Twins”...។

 

 

ទោះ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​អាជីព តែ​រឿង​ស្នេហា Dicky បែរ​ជា​មិន​សូវ​ជា​សម​បំណង។ នៅ​ពេល​ទើប​តែ​ចូល​សិល្បៈ ដំបូង​ លោក​ធ្លាប់​រស់​នៅ​ជាមួយ​តារា​សម្ដែង​ល្បី​ឈ្មោះ Jessica Hsuan។ ដោយ​សារ​តែ​មិត្ត​ស្រី​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង​ពេក លោក​បាន​ជ្រើស​យក​ការ​បែក​គ្នា​ដើម្បី​ឲ្យ​នាង​រក​បាន​មនុស្ស​ដែល​ស័ក្ដិសម​​នឹង​ខ្លួន។ ឆ្នាំ ២០០៩ Dicky Cheung រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារា​សម្ដែង Jess Zhang។ បន្ទាប់​ពី​បាន​រស់​នៅ​ជាមូយ​គ្នា​អស់​រយៈពេល ១៥ ឆ្នាំ អ្នក​ទាំង​ពីរ​នៅ​តែ​មាន​សុភមង្គល​បើ​ទោះ​បី​ជា​មិន​ទាន់​មាន​កូន​ក៏​ដោយ។

 

ប៉ាជេ​-Wayne Lai

 

 

ក្រោយ​ពេល​ដើរ​តួ ជូប៉ាក​ថុង ក្នុង​រឿង "យុទ្ធ​សិល្ប​ឥន្ទ្រី​ទេព ១៩៩៦" ដែល​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​មុខ Wayne Lai ត្រូវ​បាន TVB ប្រគល់តំណែងតួ ជ្រូក​ប៉ាជេ​ក្នុង​រឿង​ថ្មី។ ជាមួយ​នឹង​ការ​សម្ដែង​បែប​កំប្លុក​កំប្លែង​និង​ពាក្យ​មួយ​ឃ្លា​តែង​នៅ​នឹង​មាត់ "ហេតុអ្វី​ស្នេហា​ធ្វើ​ឲ្យ​មនុស្ស​ឈឺចាប់​បែប​នេះ" តួ​ជ្រូក​ប៉ាជេ​របស់ Wayne ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​ទស្សនិកជន​យ៉ាង​ពេញ​ទំហឹង។

 

​ក្រោយ​មក Wayne Lai បាន​ចាក​ចោល TVB ទៅ​រក ATV តែ​អាជីព​សម្ដែង​នៅ​តែ​នៅ​មួយ​កន្លែង​គ្មាន​រីក​ចម្រើន​ ធ្វើ​ឲ្យ​លោក​ត្រូវ​ត្រលប់​ទៅ​រក​ទ្រនំ​ចាស់​វិញ។ ដល់​ឆ្នាំ ២០០៩ នៅ​ពេល​បាន​ដើរ​តួ​ឯក​ក្នុង​រឿង "Rosy Business” ទេពកោសល្យ​របស់​លោក​ត្រូវ​បាន​មហាជន​ទទួល​ស្គាល់។ សព្វ​ថ្ងៃ​នេះ Wayne ជា​តារា​សម្ដែង​ជួរ​មុខ ដោយ​សម្ដែង​តែ​តួ​​ឯកក្នុង​រឿង​ល្បី​ជា​ច្រើន។ លោក​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​តារា​សម្ដែង​ឯក​ប្រុស​របស់ TVB បី​ដង។

 

 

សាជេ-Mak Cheung Ching

 

 

បើ​ទោះ​បី​ជា​មិន​ល្បី​ឈ្មោះ​ដូច​តារា​សម្ដែង​ស្រករ​ជាមួយ​គ្នា​តែ រូប​ភាព​របស់ Mak Cheung Ching បាន​ចេញ​មុខ​ច្រើន​ជាង​តារា​ល្បី​ឈ្មោះ​ទៅ​ទៀត។ អស់​រយៈ​ពេល​ជិត ២០ ឆ្នាំ​ក្នុង​អាជីព​សម្ដែង Mak Cheung Ching បាន​សម្ដែង​សរុប​ជាង ៥០ រឿង។ ជាពិសេស​តួ​សម្ដែង សាជេ ក្នុង​រឿង "មហាទេព​ស៊ុនអ៊ូខុង" បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​មុខ​តារា​សម្ដែង​មួយ​នេះ​ច្បាស់​ជាង​គេ។

 

ឆ្នាំ ២០១០ លោក​ឈ្នះ​ពាន​តួ​រង​ល្អ​ជាង​គេ​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​របស់ TVB។ សព្វ​ថ្ងៃ​នេះ​ តារា​សម្ដែង​វ័យ ៤៧ ឆ្នាំ ពេញ​ចិត្ត​នឹង​ការ​សម្ដែង​តួ​រង​របស់​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាមួយ​គ្រួសារ​តូច​រួម​មាន​ប្រពន្ធ​កូន​របស់​ខ្លួន៕

 

 

ចុចអាន៖រឿង​ដែល​​គេ​កម្រ​​ដឹង​ពី​អ្នក​លេង​ក្បាច់​គុន​កង្កែប ក្នុង​រឿង “ពូថៅ​ហោះ” របស់ ទិនហ្វី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ zing