ប្រិមប្រិយ ទម្លាយរឿងស្នេហ៍ពីអាមេរិក
- 2015-10-27 18:07:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រិមប្រិយ ទម្លាយរឿងស្នេហ៍ពីអាមេរិក
ចន្លោះមិនឃើញ
តារាកំប្លែងនាងប្រិមប្រិយ ដែលបច្ចុប្បន្ននេះកំពុងតែមមាញឹកសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិកជាមួយនាយក្រិន និង យ៉ុង ចាន់សុធាវី បាននិយាយរឿងស្នេហារបស់ខ្លួន ប្រាប់ Sabay នៅព្រឹកនេះថា នាងប្រហែលជាមិនអាចបន្តជាមួយកំណាន់ចិត្តបានទៀតទេ ត្បិតអីបើនៅបន្តទៀត ក៏មិនអាចទៅមុខទៀតនោះដែរ។
ក្រោយពីចែកផ្លូវជាមួយស្វាមីដែលគេស្គាល់ថា ជាថៅកែភោជនីយដ្ឋានបុប្ផាជាយដែន ហើយបានបន្សល់កូនស្រីម្នាក់មានវ័យ៦ឆ្នាំ ប្រិមប្រិយ ត្រូវបានគេដឹងថា កំពុងតែមានទំនាក់ទំនងជាមួយបុរសម្នាក់ទៀត ដែលមានវ័យប្រហាក់ប្រហែលគ្នា ដោយនាងតែងតែ និយាយថាបុរសនោះជាកំណាន់ចិត្តថែមទៀតផង។
ទំនាក់ទំនងជាមួយបុរសនោះ ទើបកើតឡើងជិត១ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីតារាកំប្លែងរូបនេះ ចែកផ្លូវគ្នាជាមួយស្វាមី អស់រយៈពេលជាង៤ឆ្នាំមក។ ជាមួយគ្នានោះ ក្រុមគ្រួសារទាំងសងខាង ក៏បានដឹងលឺ ហើយក្រុមគ្រួសារប្រុស ក៏តែងតែផ្ដល់តម្លៃឲ្យនាងជានិច្ច ទោះបីជាដឹងថា នាងជាស្ត្រីមេម៉ាយកូន១ក្ដី ។
ឆ្លើយឆ្លងជាមួយ Sabay ពីសហរដ្ឋអាមេរិកតាម Facebook ប្រិមប្រិយប្រាប់ថា មូលហេតុដែលនាំឲ្យនាងសម្រេចចិត្ត មិនបន្តស្នេហាជាមួយនឹងកំណាន់ចិត្តរបស់នាងទៀត មិនមែន នាងមានថ្មី ឬកំណាន់ចិត្តរបស់នាងមានថ្មីឡើយ ប៉ុន្តែនាងគិតថា ចំណងស្នេហ៍របស់នាង ប្រហែលមិនអាចលើសពីនេះបានទៀតទេ ត្បិតអីទាំងសងខាង ហាក់ដូចជាមិនទុកចិត្តគ្នា និងមិនផ្ដល់តម្លៃឲ្យគ្នា។
"នៅអាមេរិកនេះ មិនខ្វះគេស្រលាញ់ទេ តែខ្ញុំមិនគិតរឿងនេះ។ខ្ញុំគិតថា ពួកយើងមិនអាចទៅមុខទៀតទេ ខ្ញុំចង់នៅម្នាក់ឯងដូចកាលពីមុន ខ្ញុំធ្លាប់ធ្វើបាន៤-៥ឆ្នាំហើយ កាលណោះអារម្មណ៍ខ្ញុំ មិនស្មុគស្មាញដូចពេលនេះទេ" ប្រិមប្រិយថ្លែង។
រូបភាព៖ ផ្ដល់ដោយ ប្រិមប្រិយ
ប្រិមប្រិយថា ការសម្រេចចែកផ្លូវនេះ មិនមែននាងធ្វើតែម្នាក់ឡើយ ពោលភាគីខាងប្រុស ក៏យល់ព្រមតាមសំណើនាងដែរ ។ ចាប់ពីពេលនេះទៅនាងសូមប្រកាសថា និងបន្តជីវិតនៅម្នាក់ឯងសាជាថ្មី លែងគិតខ្វល់ខ្វាយអ្វីទាំងអស់៕
អត្ថបទ ៖ ខុត សីហា