គ្មានមិត្តណាល្អ ដូចមហាមិត្តខ្ញុំម្នាក់នឹងទេ
- 2015-11-02 15:31:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មានមិត្តណាល្អ ដូចមហាមិត្តខ្ញុំម្នាក់នឹងទេ
ចន្លោះមិនឃើញ
សួស្ដីប្រិយមិត្តនៅ Sabay កម្មវិធី «មនុស្សដែលខ្ញុំចងចាំ» នាងខ្ញុំឈ្មោះ ស្រអែម មានស្រុកកំណើតនៅខេត្តកណ្ដាលជិតរាជធានីភ្នំពេញ។ បច្ចុប្បន្នគេ (មហាមិត្ត) និង ខ្ញុំមានអាយុ ២៤ ឆ្នាំ គេមានប្រពន្ធ និង កូនមួយហើយ ចំណែកខ្ញុំក៏មិនសូវបានទៅស្រុកដែរ។ ដូច្នេះឲ្យតែពេលជួបគ្នាម្ដងៗយើងតែងរំលឹករឿងអស់សំណើចកាលនៅក្មេងៗ។
ថ្ងៃនេះខ្ញុំសូមរំលឹកពីបុរសម្នាក់នោះ ដែលជាមិត្តល្អតាំងពីកើតពីពោះម្ដាយរៀងខ្លួនមក ហើយក៏ជាអ្នកជិតខាងចាក់ទឹកមិនលិចរបស់ខ្ញុំដែរ។ តាំងពីតូចរហូតដល់ធំពេញវ័យ ពួកយើងតែងទៅណាមកណាជាមួយគ្នា និងមានអតីតកាលច្រើនជាមួយគ្នាមិនថាល្អ ឬអាក្រក់ឡើយ។ ពេលនេះខ្ញុំសូមលើកយកអតីតកាលតូចមួយមកបង្ហាញមិត្តអ្នកអានកម្សាន្តចុះ។
កាលពីខ្ញុំមានអាយុប្រហែលជា ១១ -១២ ឆ្នាំអ្នកផ្ទះពួកខ្ញុំទាំងពីរចង់ញ៉ាំម្ជូរជ្រលក់ទឹកប្រហុកដែលមានដូចជាស្វាយ ចេក ល្ហុង ម្កាក់ ក្ដឹបអំពិលអីជាដើម។ តែចង្រៃអីនៅផ្ទះពួកខ្ញុំអត់មានដើមអំពិលទេ ដូចនេះម៉ាក់ខ្ញុំក៏ឲ្យអាម៉ាប់ (ឈ្មោះក្រៅមិត្តភ័ក្ដិខ្ញុំ) ទៅបេះផ្លែអំពិលនៅឆ្ងាយពីផ្ទះប្រហែល ៣០០ ម៉ែត្រ។
ខ្ញុំឯណេះនៅមិនសុខទេ ក៏តាមវាទៅបេះអំពិលដែរ។ ពេលទៅដល់ដើមអំពិលមួយដើម មានទំហំមិនជាធំទេ និងមិនជាខ្ពស់ប៉ុន្មានដែរ ប្រហែលជាជាង ៣ ម៉ែត្រប៉ុណ្ណោះ មានស្នាមរូងសត្វចុះពីរបីដែលអាចបង្កលក្ខណៈងាយស្រួលដល់អ្នកឡើងបាន។ អាម៉ាប់ មិនបង្អង់យូរវាតោងឡើងយ៉ាងជំនាញដូចស្វាអញ្ចឹង ចំណែកខ្ញុំវិញនៅមិនសុខសោះ ចេះតែចង់ឡើងទៅដែរ។
អ្វីដែលអាមិត្តឡប់ខ្ញុំតែងបង្អាប់នោះ គឺរឿងដែលខ្ញុំចង់ឡើងបេះអំពិលហ្នឹងឯង។ តាមពិតខ្ញុំឡើងមិនរួចទេ ព្រោះកម្ពស់ និងដៃជើងខ្ញុំមិនសូវវែងដូចវាជាមនុស្សប្រុស ដូចនេះឡើងបានត្រឹមពាក់កណ្ដាលដៃខ្ញុំក៏ឈោងទៅចាប់មែកមួយទៀតដែលត្រូវឆ្ពោះទៅដល់លើមិនបាន ដូចនេះហើយលោកបងមិត្តនោះក៏ហុចដៃដើម្បីជួយទាញខ្ញុំឲ្យឡើងដល់លើ។
ពួកខ្ញុំប្រើពេល១០នាទីដើម្បីបេះម្ជូរដែលចាស់ៗចង់ញ៉ាំនោះ ហើយក៏ដល់វេលាដែលមនុស្សដៃជើងខ្លីៗដូចខ្ញុំពិបាកទៀតហើយ។ អាម៉ាប់ ប្រើពេលមិនដល់ពីរនាទីទេអាចចុះពីលើដើមឈើបានយ៉ាងងាយស្រួលព្រោះវាមានដៃជើងវែងៗ តែសម្រាប់ស្រីទាបម្នាក់វិញនេះ ចុះម៉េចក៏មិនរួចដែរ។
មហាមិត្តចាប់ផ្ដើមនិយាយមកហើយ «អេ៎! ឯងពេលណាចុះមក?» ខ្ញុំតបទាំងភ័យ «អញចុះមិនរួច! បើអញចុះរួចអញចុះហើយ អាណាចង់នៅលើនឹង យីអានេះវ៉ើយ!»។ អាម៉ាប់ ចាប់ផ្ដើមមួម៉ៅហើយពេលខ្ញុំចុះមិនកើតអញ្ចឹង វានិយាយទាំងខឹងតិចៗមក «ចុះមកហើយទម្លាក់ជើងតាមប្រហោងមួយៗហ្នឹងទៅ!»។
ក្នុងចិត្តខ្ញុំវិញគិតថា «ស្រអែម អញអ្ហើយម៉េចក៏កម្មក្រាស់មេស? ចាំនៅផ្ទះទៅគឺបានស៊ីហើយ នៅមិននៅមកឡើងនាំតែអំពល់ទុក្ខដាក់ខ្លួនមែន!»។ មិនទាន់ទាំងគិតចប់ផងសំឡេងអាឡប់នោះស្រែកមកទៀតហើយ «ហើយម៉េចក៏មិនចុះមក?» ខ្ញុំមិនតបទេ តែព្យាយាមដាក់ជើងតាមប្រហោងសត្វចោះតាមវាប្រាប់។ «ដាក់បានតែរន្ធមួយទេ រន្ធពីរបីទៀតនៅឆ្ងាយពីជើងណាស់ដាក់អត់ដល់ទេ អញឡើងទៅវិញហើយ» ខ្ញុំស្រែកប្រាប់ទៅកំពូលអ្នកជិតខាងខ្ញុំដែលនៅចាំខាងក្រោមដើមអំពិលនោះ។ វាតបមកវិញថា «អើ បើចុះមិនរួចទេលោតមក អញចាំចាប់»។
ខ្ញុំតវិញ «អញអត់ហ៊ានលោតទេ អញខ្លាចបាក់ដៃបាក់ជើងណាស់» ពាក្យសន្ទនាពីរឃ្លាថា "បើចុះមិនរួចទេលោតមកអញចាំចាប់» និង «អញអត់ហ៊ានលោតទេ ខ្លាចបាក់ដៃបាក់ជើងណាស់» នេះមានរយៈពេលប្រហែលជា១០នាទី។
អាម៉ាប់ និយាយជាចុងក្រោយ «ហើយនៅលើណុងធ្វើអីយូរម៉េ្លះ? លើនោះសុទ្ធតែពស់ និងតុក...” មិនទាន់ដល់ពាក្យកែ ផងខ្ញុំលោតដល់ដីធ្លាក់ចូលក្នុងគុម្ពស្រែគេបាត់ ព្រោះឮសត្វដែលខ្លាចបំផុតនៅលើដើមអំពិលជាមួយ។
អាមិត្តឡប់នោះឃើញអញ្ចឹងឈរសើចបាក់កបាក់ស្រង់ហើយ។ ពេលឃើញខ្ញុំក្នុងសភាពចុកឆ្អល់ៗ ទល់ផ្អក សក់កន្ត្រើងរ៉ើង គេនិយាយបណ្ដើរសើចបណ្ដើរមកថា «អើ! ពីណាឲ្យលោតចុះម៉ោអ្ហាស?» ខ្ញុំគំហកដាក់ឲ្យវាវិញ «ចុះអាឆ្កួតណាឲ្យលោតម៉ោៗ មិញ?» វាបន្តទាំងសើចមិនឈប់សោះ «អាពេលគេប្រុងប្រៀបចាប់អត់លោតទេ តែពេលថាមានពស់និងតុកកែគេភរសោះហ្នឹង លោតមក អាណាប្រុងប្រៀបទាន់ អត់បានត្រៀមផង(នៅតែសើច)»។
មិនបង្អង់យូរ ស្រអែម ខ្ញុំត្រូវបានលោកបងមិត្តម្នាក់ហ្នឹងគ្រាដើរទៅផ្ទះ ហើយពេលមកដល់ចាស់ៗនាំគ្នាសួរមានរឿងអីបានដល់ថ្នាក់គ្រាហើយ? វាក៏បានរៀបរាប់ប្រាប់គេឯងអញ្ចេះអញ្ចោះ និងថា «ថ្ងៃក្រោយឲ្យរៀងកុំចេះតែចង់ឡើងដើមឈើផ្ដេសផ្ដាសពេក»។ ខ្ញុំឆ្លើយតាមកំហឹងក្នុងចិត្ត «ឈប់ស៊ីម្ជូរជ្រលក់ទឹកប្រហុកស្អីគេហ្នឹងទៀតហើយ! ហើយយកទៅបោះចោលឲ្យអស់ទៅ»។
តាំងពីពេលនោះមក ឲ្យតែវានិយាយអីមិនឈ្នះខ្ញុំ អាម៉ាប់ តែងរំលឹករឿងខ្ញុំលោតពីលើដើមអំពិលមកនិយាយឲ្យឮៗ ដើម្បីឲ្យខ្ញុំខ្មាសគេឈប់ប្រកែកជាមួយវាទៀត។
តែទោះជាយ៉ាងណាមិត្តភាពរវាង ស្រអែម និង អាម៉ាប់ គឺស្អិតល្មួតលើសដើម ដូចបងប្អូនបង្កើតអញ្ចឹង ហើយកាលពីថ្ងៃបុណ្យភ្ជុំកន្លងទៅ ពេលខ្ញុំទៅស្រុក វាធ្វើជានិយាយឲ្យកូនវា អាយុមិនដល់មួយខួបថា «កូនអ្ហា! ចង់ស្ដាប់រឿងមីងទៅបេះផ្លែអំពិលអត់?» ពេលឮរឿងនេះខ្ញុំ និងវានាំគ្នាសើចកាច់កកាច់ស្រង់ ព្រោះជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានកាលពីជាង ១០ ឆ្នាំមុន។នេះហើយជាមិត្តល្អដែលខ្ញុំចងចាំមិនភ្លេចក្នុងមួយជីវិតនេះ៕
អត្ថបទ៖ស្រអែមស្រស់
មានអត្ថបទពាក់ព័ន្ធនឹងមនុស្សដែលអ្នកចងចាំ ចង់ឲ្យ Sabay ចុះផ្សាយ សូមទាក់ទង៖
e-mail៖ kong.chanvanneng@cidc.com.kh
ឬ ទាក់ទងមកលេខទូរសព្ទ៖ ០១០ ៧០០ ៧២៧
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!