ការ​ប្រើប្រាស់​ភាសាខ្មែរ​នៅ​លើ​អ៊ីនធឺណិត​ មាន​ការ​ពេញ​និយម​កម្រិត​ណា?

  • 2015-11-02 16:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​អ៊ីនធឺណិត​ជាពិសេស​បណ្ដាញ​សង្គម Facebook ឃើញ​ថា​ការ​ប្រើប្រាស់​ភាសាខ្មែរ​កាន់​តែ​ច្រើន​ឡើង ប៉ុន្តែ​មាន​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​តែ​មាន​ទំនោរ​លើ​ការ​ប្រើប្រាស់​ភាសាបរទេស។

 

 

កំពុង​អង្គុយ​នៅ​ក្នុង​ចំណត​រថយន្ត​ក្រុង​ក្បែរ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​កញ្ញា ស្រី​ពេជ្រ បាន​ប្រាប់ Sabay ថា កញ្ញា​មិន​សូវ​បាន​ប្រើប្រាស់​ភាសាខ្មែរ​ច្រើន​ទេ​នៅ​លើ​អ៊ីនធឺណិត ភាគច្រើន​ភាសា​អង់គ្លេស​។

 

កញ្ញា​បន្ត​ថា កញ្ញា​និយម​ប្រើប្រាស់​ភាសា​អង់គ្លេស​​ទាំង​ការ​សរសេរ​និង​ទំនាក់ទំនង​គ្នា ដោយសារ​ភាសា​អង់គ្លេស​​ប្រើ​មាន​ភាព​ងាយស្រួល លឿន​​មិន​សូវ​ស្មុគស្មាញ។ ដូច​នៅ​លើ​បណ្ដាញ​សង្គម កញ្ញា​និយម​ប្រើអក្សរ​ឡាតាំង ឬ​ភាសា​អង់គ្លេស​សំនៀង​ខ្មែរ​ដែល​ភាសា​សាមញ្ញ​ហៅ​ថា​សីងខ្មែរ​ដើម្បី​ទំនាក់ទំនង​និង​ជជែក​ជាមួយ​​មិត្តភ័ក្ដិ​​។

 

លើក​ហេតុផល​ដូច​កញ្ញា​ស្រីពេជ្រ​ដែរ សម្ជស្ស និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​​ឲ្យ​ដឹង​ថា ដោយសារ​មាន​ភាព​ស្មុគស្មាញកញ្ញា​ចូលចិត្ត​ប្រើប្រាស់​ភាសា​អង់គ្លេស​​ជំនួស​ឲ្យ​ការ​ប្រើប្រាស់​​ភាសាខ្មែរ​នៅ​ពេល​ត្រូវការ​ទំនាក់ទំនង​និង​ជជែក​ជាមួួ​យ​មិត្តភ័ក្តិ​នៅ​លើ​បណ្តាញ​សង្គម Facebook។

 

យ៉ាង​ណា បញ្ញា បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ងាក​មក​​គាំទ្រ​និង​ប្រើប្រាស់​​ភាសាខ្មែរ​​ឲ្យ​អស់​លទ្ធភាព​​ដើម្បី​បង្ហាញ​ពី​ការ​ផ្តល់​តម្លៃ​និង​លើក​កម្ពស់​ការ​ប្រើប្រាស់ភាសាជាតិ។

 

យុវជន​រូប​នេះ​បន្ត​ថា លោក​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ឲ្យ​ពលរដ្ឋ​ងាក​មក​គាំទ្រ​និង​ចូលរួម​ប្រើប្រាស់​ភាសាខ្មែរ​ឲ្យ​បាន​កាន់​តែ​ច្រើន​ទាំង​នៅ​លើ​ Facebook, បណ្ដាញ​សង្គម​ផ្សេងៗ និង​នៅ​លើ​អ៊ីនធឺណិត ដើម្បី​បង្ហាញ​​ពី​ការ​គាំទ្រ​ធ្វើ​ឲ្យ​អក្សរសាស្ត្រ​ជាតិ​កាន់​តែ​មាន​តម្លៃ​និង​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​មុខ។

 

ចំណែក​លោក​ពូ វុធ​ ដែល​កំពុង​អង្គុយ​លេង​អ៊ីនធឺណិត​នៅ​​ក្បែរ​សាលា​ពេទ្យ​ប្រាប់ Sabay ថា៖ "ខ្ញុំ​មិន​ចេះ​អង់គ្លេស​ទេ ដូច្នេះ​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ជា​ជម្រើស​របស់​ខ្ញុំ"។

 

លោក​សំណូម​ពរ​ដល់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ក៏​ដូចជា​អ្នក​លេង Facebook ព្យាយាម​ប្រើប្រាស់​អក្សរ​​ខ្មែរ​ឲ្យ​អស់​លទ្ធភាព ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​របស់​ពលរដ្ឋ​ក៏​ដូចជា​ចូលរួម​ចំណែក​លើក​កម្ពស់​មុខមាត់​អក្សរសាស្ត្រ​ជាតិ។

 

ជាក់​ស្ដែង​ មាន​ប្រិយមិត្ត​ក្នុង​បណ្ដាញ​សង្គម​ Facebook ជាច្រើន​ក៏​មាន​ការ​សំណូមពរ​ដល់​អ្នក​ប្រើប្រាស់​ រួម​គ្នា​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​បាន​ច្រើន​ ចៀសវាង​សរសេរ​អក្សរ​បរទេស​ជា​សំនៀង​ខ្មែរ​ក្នុង​ Facebook។

 

បន្ត​អាន៖ ស្ថាបនិក​ខ្មែរ​យូនីកូដ​ជំរុញ​ពលរដ្ឋ​ប្រើប្រាស់​អក្សរ​ខ្មែរ​ឲ្យ​អស់​លទ្ធភាព

 

អត្ថបទ៖ រក្សា