គ្រូ​កម្ពុជា​គិត​សំខាន់​ជម្រុះ​ World Cup​ ឯ​គ្រូ​ប្រ៊ុយណេ​គិត​​សំខាន់ពាន​ Suzuki Cup 2016

  • 2015-11-03 17:55:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ទំនង​ជា​ប្រើ​ប្រាស់​កីឡាករ​សំខាន់​ៗ​ច្រើនសម្រាប់​ការ​ប្រកួត​យប់​នេះ​​​ដើម្បី​ត្រៀម​ខ្លួន​ជម្រុះ​បាល់ទាត់​ពិភព​លោក​នា​ពេល​ខាង​មុខ​ ប៉ុន្តែ​គ្រូ​បង្វឹកបាល់ទាត់​ជម្រើស​ជាតិ​ប៊្រុយណេ​ទំនង​ជា​ប្រើ​ប្រាស់​កីឡាករ​វ័យ​ក្មេង​ច្រើន​ដើម្បី​ត្រៀម​ខ្លួន​ពាន​ Suzuki Cup នៅ​ឆ្នាំ​២០១៦។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​​គ្រូ​ទាំង​ពីរ​មុន​ពេល​ក្រុម​របស់​ខ្លួន​ប៉ះ​គ្នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ។

 

 លោក Mike Wong គ្រូ​បង្វឹក​ប៊្រុយណេ

 

នៅ​សន្និសីទ​កាល​ពី​ព្រឹក​មិញ​ លោក​ Mike Wong ជន​ជាតិ​សិង្ហបុរី​បាន​និយាយ​ថា ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​ជា​ច្រើន​មក​សម្រាប់​ការ​ប្រកួត​មិត្តភាព​កន្លង​មក​ និង​បាន​កោះ​ហៅ​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន​ចូល​ជម្រើស​ជាតិ​សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​Suzuki Cup ឆ្នាំ​២០១៦។

 

លោក​ថា ៖«ការ​ប្រកួត​ល្ងាច​នេះ​ ខ្ញុំ​មិនគិត​​សំខាន់​លើ​ឈ្នះ​ឬ​ចាញ់​ទេ​ តែ​អ្វី​ដែល​សំខាន់​គឺ​ស្វែង​រក​គុណ​ភាព​លេង​ឲ្យ​បាន​ល្អ។ បើ​យើង​សំណាង​បាន​ឈ្នះ​ តែ​បើ​លេង​មិន​ល្អ​ក៏​មិន​កើត​ដែរ​ សំខាន់​គឺ​លេង​ឲ្យ​បាន​ល្អ»។ លោក​គិត​ថា ក្រុម​កម្ពុជា​មាន​កម្រិត​គុណ​ភាព​ល្អ​ជាង​ដោយ​សារ​ចំណាត់​ថ្នាក់​បាល់ទាត់​ពិភព​លោក​ FIFA ខ្ពស់​ជាង​ប៊្រុយណេ ហើយ​ប្រកួត​ចុង​ក្រោយ​ជា​មួយ​សិង្ហបុរី ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​ណាស់។

 

ចំណែក​លោក​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ Lee Tae Hoon បាន​លើក​ឡើង​ថា លោក​បាន​កោះ​ហៅ​កីឡាករ​វ័យ​ក្មេង​ច្រើន​ចូល​រូម​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​មើល​ពី​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​សម្រាប់​ព្រឹត្តិការណ៍​សំខាន់​ៗ​នៅ​ពេល​ខាង​មុខ។ ទោះ​យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ​លោក​ទំនង​ជា​ប្រើ​ប្រាស់​កីឡាករ​សំខាន់​ៗ​ជួរ​មុខ​ច្រើន។

 លោក Lee Tae Hoon គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា

 

លោក​ថា​ ៖«​ការ​ប្រកួត​ល្ងាច​នេះ ខ្ញុំ​គិត​ជា​សំខាន់​ដល់​ការ​ប្រកួត​ជម្រុះ​ World Cup នា​ពេល​ខាង​មុខ​ អីចឹង​ខ្ញុំ​នឹង​ដាក់​កីឡាករ​សំខាន់​ៗ​ឲ្យ​លេង​បាន​ច្រើន»។ លោក​​មិន​បាន​បញ្ជក់​ថា​តើ​សមាជិក​មក​ពី​ក្រុម​បឹងកេត​អង្គរ​ចូល​លេង​ឬ​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​លើក​ឡើង​ថា ពួក​គេ​ត្រូវ​ការពារ​​សម្រាក​ដោយ​សារ​ទើប​មក​ពី​ប្រកួត​ពាន​ Toyota Mekong Club Championship នៅ​ប្រទេស​ឡាវ។

 

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ប៊្រុយណេ​​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ដែល​មាន​ផ្សាយ​​ផ្ទាល់​ដោយ​ទូរទស្សន៍​ BTV។

 

សូម​បញ្ជាក់​ដល់​អ្នក​គាំទ្រ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ថា វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​នេះ នឹង​មាន​ពិធី​ដង្ហែ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ដែល​មានក្រុម​ឆៃយុំា ពី​សណ្ឋាគារ Rose Emerald ឆ្ពោះ​ទៅ​ពហុកីឡដ្ឋាន​ជាតិ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទថ្មី