បទសម្ភាសន៍​ពិសេស​ជាមួយលោក​ទេព​ រិនដារ៉ូ

  • 2015-11-10 17:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ទេព​ រិនដារ៉ូ តារា​សម្ដែង​ជើងចាស់​ដែល​មិន​មាន​​ពលរដ្ឋ​ខ្មែរ​ណា​មិន​​ស្គាល់​ឈ្មោះ​បាន​ស្ម័គ្រ​ចូល​មក​បើកទំព័រ​បទសម្ភាសន៍​ពិសេស​របស់ Sabay ដោយ​ឆ្លើយតប​នឹង​សំនួរ​មួយ​ចំនួន​របស់ខ្ញុំ​ដែល​​សាកសួរ​ជំនួស​មិត្ត​អ្នក​អាន។

 

នៅ​ចំពោះ​មុខ​ខ្ញុំ តារា​រូប​នេះ​មិនបាន​ប្រែប្រួល​រូប​សម្រស់​​ជា​ដុំ​កំ​​​​​ភួន​ទេ​បើ​ធៀប​ទៅ នឹង​រូបភាព​លើ​ផ្ទាំង​សំពត់​ស​កាល​ពីជាង​១០ឆ្នាំមុន។​ ចាស លោក​​ទេព​រិនដារ៉ូ​​ប្រលូក​​ជា​មួយ​​អាជីព​​​សម្ដែង​ជាង​២០ឆ្នាំ​ហើយ។ រយៈ​ពេល​ដ៏​វែង​នេះ ជីវិត​ការងារ​ និង​ភាព​ផ្ទាល់​ខ្លួន​របស់​​គាត់ ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​នានា​បរិយាយ​ជា​ញឹកញាប់​ស្រប​ទៅ​តាម ការ​ចង់​ដឹង​ជា​ទូទៅ​របស់​អ្នក​គាំទ្រ ប៉ុន្តែ​នៅ​ក្នុង​បទសម្ភាសន៍​ពិសេស​នៅ​ពេលនេះ​ ខ្ញុំ​សន្យា​ថា​ នឹង​មាន​ចំណុច សំខាន់​មួយ​ចំនួន​ដែល​អ្នកអាន​មិន​បាន​ដឹង​ពីមុនមក។

 

Sabay៖ ជម្រាប​សួរ​បង! អរគុណ​ណាស់​ដែល​បង​ស្ម័គ្រ​ចូល​មក​កាន់​បទ​សម្ភាសន៍​ពិសេស! ទេព រិនដារ៉ូ៖ បាទ​អរគុណ​ធារី! ខ្ញុំ​រីករាយ​ក្នុង​នាម​ជា​សិល្បករ​ម្នាក់ អ្វី​ដែល​អាច​ចែក​រំលែក​ខ្ញុំ​នឹង​ធ្វើ!

 

Sabay៖  ចាស បទសម្ភាសន៍​នៅ​ពេលនេះ​ចែកចេញជា ៣ ប្រធានបទសំខាន់គឺ ពិសោធន៍​អាជីព ជីវិត​ផ្ទាល់ខ្លួន និង​ទស្សនៈ​ក្នុង​នាម​ជា​សិល្បករ​មួយ​រូប។

 

  រូបថតៈប៉ែន​ ប៊ុនថាល់

 

 

ពិសោធន៍ អាជីព

 

Sabay៖ គេ​ដឹង​ជា​ទូទៅ​ថា អាជីព​សិល្បៈ ពិសេស​សិល្បៈ​សម្ដែង​មិនមែន​ទទួល​ផល​ច្រើន​ដូច​ប្រទេស​ជឿនលឿន​ឯទៀត ទេ តែ ហេតុអ្វី​បាន​ជា​បងរ៉ូ​ប្រឡូក​ និង ​វិស័យ​នេះ​បាន​យូរ​ជាង​គេ?

ទេព រិនដារ៉ូ៖ ខ្ញុំ​ទទួល​ស្គាល់​ថា​យើង​ រកចំណូល​បាន​តិច ធៀប​ជាមួយ​សិល្បករ​ប្រទេស​គេ តែ​និយាយ​ស្មោះ​សម្រាប់​ខ្ញុំ ខ្ញុំ​មាន​ជីវភាព​ធូរស្រាល​អាច​និយាយ​ថា ​គ្រាន់បើ​ជាង​មុន​ដោយ​សារ​​តែ​ សិល្បៈ​នេះ​ហើយ សម្រាប់​ខ្ញុំ​​សិល្បៈ​គឺ​មាន​តម្លៃ ជា​អាជីព​ដែល​ខ្ញុំ​មិន​គិត​ថា​បោះបង់​ចោល​​​ទេ!

 

Sabay៖  ទោះយ៉ាងណា រហូត​ដល់​ពេលនេះ​ភាពយន្ត​ និង​ វីដេអូ ខ្មែរ​នៅតែ​មិន​ទទួល​បានការ​គាំទ្រ​ពិត​ប្រាកដ​នៅឡើយ​ចុះ​នៅ​​ក្នុង​ការងារ​សម្ដែង និមួយៗ​បង​ធ្លាប់​មាន​ចំណុច ណា​មួយ​មិន​ពេញចិត្ត​ចំពោះ​ផលិតផល​ដែល​ចេញ​មក​ដែរ​ទេ?

ទេព រិនដារ៉ូ៖  គឺ​មាន​ច្រើន​រាប់​មិន​អស់​​ទេ! សិតសក់​មិន​សម​អាវ​ក៏​មាន អាវ​មិន​សម​សាច់រឿង​ក៏មាន ប៉ារូល​មិន​ទំនង​ក៏​មាន និយាយ​ទៅ​មាន​ច្រើន​ជា​ញឹកញាប់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​​ទាំង​មិន​ពេញចិត្ត។ ខ្ញុំ​មិនដែល​និយាយ​ទេ​តែ​ពេលនេះ​បង្ហើប​ប្រាប់​ចុះ គឺ​មាន​រឿង​ខ្លះ ឈុត​ខ្លះ​ខ្ញុំ​អត់​ហ៊ាន​មើល​តែ​ម្ដង​គឺ​រឹង​ខ្លួន​ពេក។

 

Sabay៖  នេះ​បង​សំដៅ​ជំនាន់​ទសវត្សរ៍​៩០​រឺ​បច្ចុប្បន្នកាល? ទេព រិនដារ៉ូ៖ និយាយត្រង់​គឺ​ទាំងពីរ!

 

Sabay៖  ឈុត​ឆាក​ទាំងនោះ​ចេញ​មក ​ប្រាកដ​វាយប្រហារ​ដល់​កេរ្តិ៍ឈ្មោះ​របស់​បង ហេតុអ្វី​បាន​ជា​បង​អនុញ្ញាត​អោយ ចេញ​កើត​បើ​យើង​មិន​ពេញចិត្ត​ផង? ទេព រិនដារ៉ូ៖  ថ្ងៃណាមួយ​ខ្ញុំ​និង​យក កុងត្រា​របស់​សិល្បករ​យើង​បង្ហាញ​ធារី​ម្ដង!តាម​ពិត​យើង​គ្មាន​សិទ្ធិ​អី​ទាំងអស់​នៅ​ក្នុង​នោះ​តួនាទី ​យើង​គឺ​សម្ដែង!ឯ ​អ្នក​និពន្ធ​គេ​មាន​សិទ្ធិ​រៀបចំ​គ្រប់​យ៉ាង!អ្នក​ដឹកនាំ​រឿង​គឺ​តម្រូវ​តាម​បទនិពន្ធ​មាន​ខ្លះ​​គេ​ ទទួល​​យក​យោបល់​​យើង​ក៏​​មាន។​តែ ខ្លះ​គឺ គេ​ធ្វើតាម​គោលដៅ​របស់ គេ​នេះ​ជា​ចំណុច​ពិបាក​មួយ! សួរថា​ហេតុអ្វី​បាន​យើង​ព្រម​ស៊ីញេ ព្រោះ​នោះ​​ជា​កុងត្រា​ទូទៅ​ក្នុង​សង្គម​សិល្បៈ ខ្មែរ​ទៅ​ហើយ ខ្ញុំ​ចង់​និយាយ​ថា គេ​ក៏​អញ្ចឹង​យើង​ក៏​អញ្ចឹង ខ្ញុំ​ចង់​និយាយ​ថា នៅ​កន្លែង​មួយ បើ​គ្រប់គ្នា​គេ​ទៅ​អស់ហើយ យើង​មិន អាច​ចចេស​អី តែ​ម្នាក់ឯង​បាន​ទេ ! ទោះបី​យ៉ាងណា​យើង​ឃើញ​មាន​អ្នក​ដឹកនាំ​រឿង​ខ្មែរ​ខ្លះ​ដែល​ គាត់​មាន​ជំនាញ ពិតៗ​ដូចជា​នៅ​ខ្មែរ​មេគង្គ នៅ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា និង​អគ្គ​នាយកដ្ឋាន​ទូរទស្សន៍…ពួក​គាត់​មាន​ជំនាញ បើក ចិត្ត​និង​ធ្វើការ​តាម​ស្តង់ដារ​មួយ មែន។ល។

 

Sabay៖ បង​អាច​​រក ឃើញ​ទេ​ថា​អ្វី​ទៅ​ជា​ចំណុចខ្លាំង​ដែល​បង​អាច​​ឈរ​ជើង​រឹ​ង​មាំ​បាន​រហូត​ ដល់​ពេលនេះ​នៅ​ពេល​ដែល​តារា រួម​ជំនាន់​ប្ដូរ​​អាជីព​សឹង​តែ​ទាំង​ស្រុង​ទៅ​ហើយ?

ទេព រិនដារ៉ូ៖  សំខាន់​គឺ​ខ្ញុំ​តស៊ូ!ធារី​ត្រូវ​ដឹង​ថា អ្នកខ្លះ​គេ​មិន​ចង់​ចំណាយ​ពេល​ច្រើន​ជាមួយ​ការងារ នេះ​ទៀត​ដោយសារ​គេ​យល់​ថា​នឿយណាយ ធុញទ្រាន់​នឹង​ការ​​មិន​ឈាន​ទៅមុខ​របស់​អាជីព​នេះ​នៅ​ក្នុង​ប្រទេស​ យើង។ចំណែកខ្ញុំ ខ្ញុំ​ធ្លាប់​តស៊ូ​តាំងពី​គ្រួសារ​មិន​គាំទ្រ ខ្ញុំ​មិន​ចង់​ចោល ដោយសារ​និស្ស័យ​ជា​មនុស្ស​ធ្វើអ្វី​ធ្វើ ប្រាកដ ហើយ​អ្នក​នៅ​ក្នុង​វិស័យ ហ្នឹង​ទាំងអស់​​ភាគ​ច្រើន​ដឹង​ខ្ញុំ​ពី​ចំណុច​ហ្នឹង ទើប​គាត់​ចេះ​តែ​បន្ត​ធ្វើការ​ជាមួយ​ម៉ោ​រហូត។

 

Sabay៖ ប៉ុន្តែ​ភាព​នៅ​លីវ​របស់​បង​អាច​ជា​បច្ច័យ​មួយ​ដែរ​ទេ? ទេព រិនដារ៉ូ៖ ហ្នឹង​ក៏​អាច​ថា​បាន!តែ​​សំខាន់​ខ្ញុំ​យល់​ថា​​ខ្លួន​ឯង​​ជា​​មនុស្ស​​បត់បែន​តាម​សម័យ​ទាន់​និង​​មាន​​គោលដៅ​​អាជីព​​ច្បាស់ !

 

 រូបថតៈប៉ែន​ ប៊ុនថាល់

 

ជីវិត​ផ្ទាល់ខ្លួន Sabay៖ និយាយ​ដល់​រឿង​នៅ​លីវ ទោះបី បង​ប្រាប់​បណ្ដាញ​ព័ត៌មាន​ជារឿយៗ​ថា​បង ឆ្អែតឆ្អន់​ដោយសារ​ប្រវត្តិ​ជីវិត​អាពាហ៍ពិពាហ៍​បរាជ័យ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ ​យល់ថា​មនុស្ស​ម្នាក់​​ដែល​មាន​ស្នេហា​មិន​គាប់ចិត្ត​ម្ដង​មិនមែន​មានន័យថា​ ត្រូវ​បោះបង់​ចោល​ជា​រៀង រហូត​ទេ​មែនទេ​បង?

ទេព រិនដារ៉ូ៖​ (សើច)តាមពិត​វា​អញ្ចឹង​មែន!តែ​ខ្ញុំ​មាន​ហេតុផល​ច្រើន​ដែល​ធ្វើ​អោយ​នឿយណាយ​មិន​ចង់​ អោយ​កសាង​គ្រួសារ​មួយ​បាន​។ ដូចជា​ដឹង​ស្រាប់​ហើយ​ខ្ញុំ​មាន​ប្អូន​មាន​ក្មួយ ​ក្នុង​បន្ទុក ច្រើន​ឆ្នាំ​មកនេះ​ខ្ញុំ ទុក​ពួកគេ​ជា​គ្រួសារ​របស់ខ្ញុំ ដូចជា​អ្វី​ដែល​គ្រប់គ្រាន់​សម្រាប់​ជីវិត​ខ្ញុំ​ហើយ។

 

Sabay៖ អាច​រំលឹក​បាន​ទេ​ថា​​អាពាហ៍ពិពាហ៍​​បង បរាជ័យ​ដោយសារ​អ្វី? ទេព រិនដារ៉ូ៖​  ប្រហែល​ជា​ដោយសារ​ខ្ញុំ​រៀបការ​តាម​ការ​រៀប​ចំ​របស់​ចាស់ៗ​ក៏​មិន ដឹង !

 

Sabay៖  ចុះ​បង​ធ្លាប់​មាន​ស្នេហា​ដែរទេ? ទេព រិនដារ៉ូ៖​…គឺ..មាន!កាល​ពី​ក្មេងៗ អាយុប្រហែល១៩ឆ្នាំ មាន​ស្រលាញ់​គេ​វ័យ​ស្រករ​គ្នា រៀន​ជាមួយ​គ្នា ធ្លាប់​ដើរ​លេង​នឹង​មាន​អនុស្សាវរីយ៍​រំភើប​អី​តាម​បែប​យុវវ័យ​ដែរ តែ​គេ​ឥឡូវ​ប្រហែល​ជា​មាន​គូរ មាន​គ្រួសារ​អី​ដែរ ហើយ លែង​ជួប​គ្នា​យូរ​ហើយ!

 

Sabay៖ ចុះ​ហេតុអ្វី​បង​បែក​គ្នា?ម្ដាយ​បង​លោក​មិន​ពេញ​ ចិត្ត​រឺ​មួយ​យ៉ាងណា​ដែរ? ទេព រិនដារ៉ូ៖ មិនមែន​ទាំង​អស់!គឺ​ខ្ញុំ​ចេញ​ទៅ​រៀន​នៅ​រុស្សី​រឿ​ង​ក៏​ចប់។

 

Sabay៖ ម៉េច​ក៏​បង​ចាត់ទុកថា​នោះ​ជា​ស្នេហា​បាន​ ​បើ​បង​អាច​បំភ្លេច​បាន​ងាយស្រួល​អញ្ចឹង? ទេព រិនដារ៉ូ៖ មិនមែន​ងាយស្រួល​ប៉ុន្មាន​ទេ ពិបាក​គួរសម ខ្ញុំ​ធ្លាប់​ស្រក់​ទឹកភ្នែក ហើយ​ឈឺចាប់​មិន​អន់​ដែរ​ទម្រាំ​​កាត់​ចិត្ត​បាន។​តែ​ខ្ញុំ​ថា​អ៊ីចេះ!ស្នេហា​ជំនាន់​ខ្ញុំ​ មិនមែន​ដូច​យុវវ័យ​សម័យ​នេះ​ទេ គឺ​យើង​ស្មោះត្រង់​ចិត្ត​និង​ចិត្ត គោរព​ឪពុកម្ដាយ​ណាស់​មិន​ដែល​ហ៊ាន​រំលង​ទេ​ប្រពៃណី​ហើយ​ក៏​អត់​មាន​ទូរសព្ទ ​ទូរសារ​អី​ទំនាក់ទំនង​គ្នា​ងាយស្រួល​អញ្ចឹង​ដែរ ខ្ញុំ​មាន​ចិត្ត​លើ​គេ គេ​ក៏​មាន​ចិត្ត​លើ​យើង តែ​មិនដែល​ហ៊ាន​និយាយ​ថា​ស្រលាញ់​គ្នា​ត្រង់​ទេ ហ៊ាន​ដើរលេង​ជាមួយ​គ្នា​ខ្លះ​គឺ​ទៅ​​ជា​ក្រុម​មាន​ពួកម៉ាក​បង្អាប់​ទៅ​បង្អាប់​មក។

 

Sabay៖ នោះ​ជា​រឿង​យូរ​ហើយ !តែ​នៅ​ក្រោយ​អាពាហ៍ពិពាហ៍​ វិញ បង​នៅ​លីវ​ម្ដង​ទៀត គឺ​នៅ លីវ​រយៈ​ពេល​វែង តែ​ក៏ មិនមែន​មានន័យថា​អត់​មាន​ស្នេហា ដែរ​មែនទេ​បង​ក្នុង​អំឡុង​ពេលនោះ? ទេព រិនដារ៉ូ៖ (សើច)គឺ​មាន ខ្លះ​មែន​មិន​បដិសេធ​ទេ តែ​វា​អត់​ចេញ​ជា​លទ្ធផល​អី បាន​ខ្ជិល​រំលឹក​និយាយ​រួម​មាន​លក្ខខ័ណ្ឌ​ខ្លះ​​ដែល​ខ្ញុំ​គិត​ថា​មិន អាច​កសាង​ជីវិត​គ្រួសារ​បាន​អញ្ចឹង​ក៏​បែកគ្នា​វិញ​ទៅ!

 

Sabay៖  តែ​បុរស​ដែល​ក្រ​រៀបការ​នៅ ក្នុង​សង្គម ខ្មែរ​បច្ចុប្បន្ន​ភាគច្រើន​ត្រូវ​គេ​គិត​ថា​ជា​ប្រភេទ​មនុស្ស ខុស​ធម្មជាតិ​ដូច​ជា​បែរ​ទៅ​ស្រលាញ់​ភេទ​ដូចគ្នា​អី​ជា​ដើម បង​ធ្លាប់​គិត​ពី​ប្រការ​នេះ​ដែរ​ទេ? ទេព រិនដារ៉ូ៖ មិន​ត្រឹម​តែ​គិត​ទេ​ធារី !ខ្ញុំ​ធ្លាប់​ត្រូវ គេ​សួរ​ពី​រឿង​ហ្នឹង​តែ​ម្ដង….និយាយ​តាម​ត្រង់​មាន​មនុស្ស​ចូលចិត្ត​បែប​ណឹង​គាត់​មក​រក​ យើង​តា​ម៉ង​​​​សួរ​ចិត្ត​​យើង​អី​អញ្ចឹង​ទៅ!

 

Sabay៖  គួរ​អោយ​ចាប់អារម្មណ៍​មែន! ចុះ​បង​តប​យ៉ាងណា​វិញ? ទេព រិនដារ៉ូ៖ អ្នកខ្លះ​ចេះ​តែ​គេច​គាត់​ទៅ ពេល​ខ្លះ​ធ្វើ​ដូច​មិន​ដឹង​ខ្លួន តែ​អ្នកខ្លះ​ត្រូវ​ប្រឈមមុខ​ខាន​មិន​បាន​ក៏​ត្រូវ​សុំ​ទោស និយាយ​ជាមួយ​គាត់​ត្រង់​ៗ​ថា​យើង​មិនមែន តែ​គេ​ថា​មិន​ជឿ​យើង គេ​ថា​គេ​ច្បាស់​ជាង​យើង​សាមី​ខ្លួន​ទៅ​ទៀត​ក៏​មាន បាទ​គឺ​មាន​ច្រើន​ដែរ​ករណី​ហ្នឹង។

 

Sabay៖  បង​រ៉ូ​ចាប់អារម្មណ៍​ យ៉ាងណា​ចំពោះ​ហេតុការណ៍​បែប​ហ្នឹង ? ទេព រិនដារ៉ូ៖ មាន​តែ​ហួសចិត្ត​និង​អស់សំណើច!តែ​ខ្លួន​យើង យើង​ដឹង​ច្បាស់ អត់អី ដែរ​ចេះតែ​ធ្វើ​ធម្មតា​ទៅ!

 

Sabay៖ ជា​តារា​ល្បី​ម្នាក់ បង​ធ្លាប់​ទទួល​គំនាប​រឿង ស្នេហា​ពី​ស្ត្រី​​មាន​ឥទ្ធិពល​​ណា​ម្នាក់​ទេ? ទេព រិនដារ៉ូ៖ មិនមែន​ អត់ទេ! តែ​អាច​ ថា​ជា​សំណាង ខ្ញុំ​គុណបុណ្យ​ឪពុកម្ដាយ ខ្ញុំ​ជម្រាប​គាត់​ត្រង់ ថា​ខ្ញុំ​មិន​ចេះ​ធ្វើ​ស្រលាញ់​ក្លែងក្លាយ​ទេ គាត់​ក៏​យល់​ហើយ ក៏​អត់​អី​វិញ !

 

Sabay៖ និយាយ​ចុះ​និយាយឡើង ស្នេហា​និង​បង​រ៉ូ​ដូចជា​ចូលគ្នា​អត់​ចុះ​សោះ ចុះ​បង​ថា​ម៉េច​ចំពោះ​ពាក្យ​ដែល ថា​បុរស​ពិត​មិន​អាច​វាង​បាន​ពី​ចំណង់​ផ្លួវ​ភេទ​នោះ? ទេព រិនដារ៉ូ៖ គឹ​ខ្ញុំ​ ដូច​គេ​ឯង​អញ្ចឹង គឺ​ធម្មតា​ជា​មនុស្ស​ប្រុស ខ្ញុំ​អាច​ស្វែង​រក វិធី​រំងាប់​និយាយ​ទៅ​គឺ​ធម្មតា​ដូច គេ​ឯង។

 

Sabay៖  តែ​បង​ជា​តារា​ល្បី​មួយ​រូប ដូចជា​មិន​ងាយស្រួល​ទេ​មែន​ទេ ក្នុងការ​ស្វែងរក​សេវា​បែប​ដោះ​ដូរ​នៅ​ខាង​ក្រៅ?ណា​មួយ​ចុះ​បើ​បង​ជ្រុល​ជា​មាន​កូន​វិញ? ទេព រិនដារ៉ូ៖ ជា​តារា តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​ខ្ញុំ​នៅ​តែ​ជា​បុរស​ធម្មតា​ម្នាក់​ក្នុង​រឿង​ ហ្នឹង!ហើយ​រឿង​ កូន ប្រសិន​បើ​មាន​ហេតុភេទ​ហ្នឹង​មែន​ខ្ញុំ​ហ៊ាន​ទទួល​ខុស​ត្រូវ​ តែ​ជឿ​ខ្ញុំ​​ទៅ​រឿង​ហ្នឹង​មិន​អាច​កើត​មាន​លើ​ខ្ញុំ​បាន​ទេ!

 

Sabay៖  បង​មិនដែល​ធ្វើជា​ឳ ពុក​គេ​ទេ ហេតុអ្វី​បង​អាច​សម្ដែង​រឿង​ទឹក​ចិត្ត​ឳពុក​បាន​ល្អ​ម្ល៉េះ? ទេព រិនដារ៉ូ៖ ខ្ញុំ​អត់ ​មាន​កូន​មែន ប៉ុន្តែ​​ក្មួយ​ទាំង​បី​ខ្ញុំ​ថែ​ទាំ​ដូច​កូន បង្កើត​ពួកគេ​ក៏​ចាត់​ទុក​ខ្ញុំ​ជា​ឳពុក​ដែរ!ឯ​ស្នាដៃ​ក្នុង រឿង ក្រៅពី​ព្យាយាម​ខ្លួន​ឯង ធារី​ដឹង​ហើយ​រឿង​ហ្នឹង​ដឹកនាំ​ដោយ​អ្នក​និពន្ធ​ល្បី​ពាន់​ភួងបុប្ផា គាត់​ជា​មគ្គុទ្ទេសក៍​ដ៏​ល្អ។

 

 

 

 

ទស្សនៈ ​ជីវិត មុន​ពេល​បញ្ចប់​បទ​ សម្ភាសន៍ តារា​ប្រុស ល្បី​ឈ្មោះ​រូប នេះ​បាន​បញ្ចេញ​ទស្សន​ផ្ទាល់ខ្លួន​ថា យុវវ័យ​គួរ​មាន​អាពាហ៍ពិពាហ៍​ដោយ​ជម្រើស​ផ្ទាល់ខ្លួន ដោយ​សុំ​យោបល់​ខ្លះ​ពី​ឪពុកម្ដាយ ក៏​មិនមែន​មាន​ន័យ​ថា​ត្រូវ​តែ​ទទួល​យក​អាពាហ៍ពិពាហ៍​ដោយ​ការ​បង្ខំ​ចិត្ត​ ដែរ។ “ក្មួយ​ ប្រុស​ខ្ញុំ​ដែល​ខ្ញុំ​ទុក​គេ​ជា​កូន គេ​ក៏​ទុក​ខ្ញុំ​ជា​ប៉ា​។ខ្ញុំ​គាំទ្រ​អោយ​គេ​មាន​ស្នេហា​ចាត់​ចែង​វាសនា​ ខ្លួន​ឯង ការ​នៅ​លីវ​ដូច​ខ្ញុំ​មិន​មែន​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​អោយ​គេ​យក​តម្រាប់​ តាមទេ ជីវិត​មនុស្ស​មាន​លក្ខខ័ណ្ឌ​ផ្សេងគ្នា ខ្ញុំ​គឺ​ផ្សេង​គេ​គឺ​ផ្សឹង មិនមែន​អ្វី​ដែល​ខ្ញុំ​ជ្រើស​សុទ្ធ​តែ​ត្រូវ​គួរ​យក​តម្រាប់​តាម​ទេ តែ​មនុស្ស​ម្នាក់​ៗមាន​ហេតុផល​ផ្សេងៗ​គ្នា”៕

 

អរគុណ​​បង​រ៉ូ​​សម្រាប់​បទសម្ភាសន៍​ពិសេស​នេះ!

 

អត្ថបទ៖ Sabay

 

សូមចុចអាន៖ ជួប អ្នកលើកទង់ជាតិខ្មែរ នៅWTO (ផ្សាយជាលើកទី២) សូមចុចអាន៖ លោកស្រី​​ធីតា ឃិះ ស្ត្រី​ខ្មែរ​ដ៏​ជោគជ័យ សូមចុចអាន៖ ឯកឧត្ដម ខៀវ កាញារីទ្ធ បើកទំព័រ “ឧត្ដមជនខ្មែរ” ​