​ព្រឹទ្ធាចារ្យ​ ជ័យ ប៊ុនឈឿ ​​​ធូរ​ស្រាល​មួយ​កម្រិត​​​​ក្រោយ​​ចាក់​​ថ្នាំ​​​គីមី​​បាន​ពីរ​លើក

  • 2015-11-12 21:50:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អាជ្ញាកណ្ដាល​​លោក​តា​ព្រឹទ្ធាចារ្យ ជ័យ ប៊ុនឈឿ បាន​ធូរ​ស្រាល​ពី​ជំងឺ​មហា​រីក​សាច់ជើង​បាន​មួយ​កម្រិត​ក្រោយ​ចាក់​ថ្នាំ​គីមី​សម្លាប់​មេរោគ​​បាន​ពីរ​លើក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ​​កាល​ពី​ពេល​ថ្មី​ៗ នេះ។

 

លោក​តា ជ័យ ប៊ុនឈឿ កាល​ធ្វើ​ជា​អាជ្ញា​កណ្តាល

 

លោក​តា​ ជ័យ ប៊ុនឈឿ​ បាន​ឲ្យ​ដឹង​ថា ​លោក​​បាន​ធូរស្រាល​បាន​បន្តិច​ហើយ ថែម​ទាំង​អាច​និយាយ​បាន​ និង​ដើរ​បាន​តិច​ៗ ​ទៀត​ផង។ គ្រូពេទ្យ​​ដែល​ទទួល​បន្ទុក​ចាក់​ថ្នាំ​ជាតិ​គីមី​សម្លាប់​មេរោគ​មហា​រីក​បាន​ប្រាប់​លោក​តា​ថា ត្រូវ​ចាក់​រហូត​គ្រប់​ចំនួន៦ ដង​ទើប​បាន​ជាសះស្បើយ​​វិញ​បាន ប៉ុន្តែ​ក្រោយ​ចាក់​គ្រប់​ចំនួន​រួច​ហើយ​ គ្រូពេទ្យ​​នៅ​តែ​​បន្ត​ពិនិត្យ​រហូត​អាច​សន្មត​ថា​សភាព​ជំងឺ​មិន​​ឈឺ​​ម្ដង​ទៀត​ទើប​ឈប់​ចាក់​ថ្នាំ​គីមី​។

 

​អ្នក​ស្រី ​ឈឿន ​សុធារី កូន​ស្រី​ទីពីរ​របស់​លោក​គ្រូ​ ជ័យ ប៊ុនឈឿ ​បាន​​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​​ប្រាក់​ថ្លៃ​ចាក់​ថ្នាំ​គីមី​ម្ដង​​ចំនួន​១ពាន់​ដុល្លារ​អាមេរិក។ ​សម្រាប់​ការ​ចំណាយ​ក្នុង​ការ​ចាក់​ពីរ​លើក​កន្លង​ទៅ​នេះ ​គឺ​មាន​លោក​ស្រី​ ហ៊ុន ម៉ាណា ​​អគ្គនាយិកា​រ​នៃ​ទូរទស្សន៍​បាយ័ន​ជា​អ្នក​ជួយ​ចេញ​ទាំង​ស្រុង​។ ក្រៅ​ពី​នេះ​ក៏​មាន​ថ្លៃ​ធ្វើ​ដំណើរ​ពី​​ផ្ទះ​របស់​លោក​គ្រូ​​​មក​មន្ទីរពេទ្យ​ និង​ការ​ចំណាយ​ផ្សេង​ៗ លោក​ស្រី​អគ្គនាយិការ​​ក៏​បាន​ជួយ​ចេញ​​ដែរ។

 

កូន​ស្រី​ទីពីរ​​រូប​នេះ​បន្ថែម​ថា ​អ្នក​ស្រី​​មិនទាន់​​​ដឹង​​ តើ​លោក​ស្រី ហ៊ុន ម៉ាណា នៅ​តែ​បន្ត​ជួយ​​សម្រាប់​ការ​ចាក់​ថ្នាំ​លើក​​ក្រោយៗ ​ទៀត​ ឬ​យ៉ាង​ណា​នោះ​ឡើយ។ ចំពោះ​ការ​ចំណាយ​​​នៅ​មន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ​សូវៀត​(​ពេទ្យ​រុស្ស៊ី​)​​កន្លង​​ទៅ​ ក៏​មាន​លោក​ជំទាវ​ ប៊ុន រ៉ានី​ ហ៊ុន​ សែន​ជួយ​ផង​ដែរ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​