​​យុវតី​បី​នាក់​​​នាំ​យក​​តៅហ៊ូ​អាំង​​​រសជាតិ​ដើម​ពី​​ប៉ោយប៉ែត​មក​ភ្នំពេញ

  • 2015-11-16 17:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​បី​នាក់​បាន​រួម​គ្នា​បង្កើត​​អាហារ​សម្រន់​ថ្មី​រសជាតិ​ដើម​មក​ពី​ប៉ោយប៉ែត​គឺ​តៅហ៊ូ​អាំង​រសជាតិ​ហឹរ​​ដែល​យុវវ័យ​មួយ​ចំនួន​កំពុង​ពេញ​និយម។ ​​​យុវតី​ សឹង សាវី​ ដែល​កំពុង​សិក្សា​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ និង​មិត្តភ័ក្ដិ​របស់​នាង​ពីរ​នាក់​​ទៀត​បាន​​សម្រេច​ចូលហ៊ុន​គ្នា​បើក​ហាង​ «តៅហ៊ូ​អាំង​រសជាតិ​ដើម» ​នៅ​ជិត​សាលា​សន្ធរម៉ុក​ម្ដុំ​ក្រោយ​សណ្ឋាគារ​ឡឺប្រេស៊ីដង់​​​​ឡើង​នៅ​ខែ​មិនា​​កន្លង​ទៅ។

 

 

កញ្ញា សឹង សាវី កំពុង​អាំង​ស្លាបមាន់ និង​ងាវ​សមុទ្រ

 

អ្នក​ដែល​ចូលចិត្ត​អាហារ​ដែល​មាន​រសជាតិ​ហឹរ​ ​ហាង​របស់​នាង​អាច​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​ភ្លក់​រសជាតិ​អាហារ​សម្រន់​ដ៏​សម្បូរ​បែប។ ​​តៅហ៊ូ​អាំង​ ​ស្លាប​មាន់​ជាប់​ស្បែក ​និង​ប្រហិត​អាំង​ជា​អាហារ​ពិសេស​ប្រចាំ​ហាង​របស់​នាង​ដែល​ភ្ញៀវ​មក​ទទួល​ទាន​កម្រ​រំលង។

 

និស្សិត​ច្បាប់​ វ័យ​ ២២​ ឆ្នាំ​កញ្ញា​ អ៊ូ សាវរ៉ា​​​ ដែល​កំពុង​អង្គុយ​ញ៉ាំ​នៅ​ទី​នោះ​ជាមួយ​ប្អូន​ស្រី​និយាយ​​ថា ​​​​នាង​ចូលចិត្ត​ញ៉ាំ​ស្លាប​មាន់​អាំង​ព្រោះ​ស្លាប​មាន់​​នៅ​ទី​នេះ​គឺ​ជា​ប្រភេទ​ស្លាប​ជាប់​ខ្លាញ់​​ដែល​ខុស​ពី​កន្លែង​ផ្សេង។

 

ដោយ​ឡែក​ សៀវ ម៉ី​ ​​ដែល​កំពុង​រីករាយ​នឹង​អាហារ​ជាមួយ​មិត្តភ័ក្ដិ​របស់​នាង​បី​នាក់​​​ក៏​ចូលចិត្ត​​តៅហ៊ូ​អាំង​ដែរ។ ​​និស្សិត​ជំនាញ​ធនាគារ​វ័យ ​២១ ឆ្នាំ​រូប​នេះ​និយាយ​ដូច្នេះ៖ «ខ្ញុំ​ចូលចិត្ត​តៅហ៊ូ​អាំង​ព្រោះ​ឆ្ងាញ់​ ​ហើយ​ប្លែក​ពី​គេ។ ​​មួយ​ទៀត​ បង្គា​បក​សម្បក​​​ស្រួល​ញ៉ាំ​​ត្រូវ​ហ្នឹង​ទឹក​​ជ្រលក់​ហ្មង៎!»។

 

 

​​​​ម្ចាស់​ហាង​វ័យ​ក្មេង​ កញ្ញា​សារី​ថា ​នាង​ចេះ​ធ្វើ​តៅហ៊ូ​អាំង​នេះ​ដោយ​ការ​ទៅ​រៀន​នៅ​ថៃ ​និង​យក​មក​ច្នៃ​ទឹក​ជ្រលក់​ដោយ​ខ្លួន​ឯង។ ​​មូលហេតុ​ដែល​នាំ​ឲ្យ​សម្រេច​បើក​ហាង​ដោយសារ​មាន​ការ​ជំរុញ​ពី​មិត្តភ័ក្ដិ។

 

«ដំបូង​ធ្វើ​ញ៉ាំ​ជុំ​គ្នា​នៅ​ផ្ទះ​ជាមួយ​មិត្តភ័ក្ដិ​ធម្មតា​​ទេ​បង។ ​តែ​ញ៉ាំ​ទៅ​ មិត្តភ័ក្ដិ​គេ​ថា​ឆ្ងាញ់ ​​គេ​​ក៏​​​ជំរុញ​​ឲ្យ​ខ្ញុំ​បើក​​កន្លែង​លក់​​ខ្លួន​ឯង​»។ ​​​ម្ចាស់​ហាង​ដដែល​​​​បន្ត​ថា ​ចំណុច​ពិសេស​របស់​ហាង​នាង​គឺ​​ក្រៅ​ពី​រសជាតិ​រសជាតិ​ប្លែក​ពី​គេ​ ​​​នាង​មាន​បន្ថែម​ទឹកស៊ុប​ហ្វ្រី​​ជួយ​កាត់​បន្ថយ​រសជាតិ​ហឹរ៕

 

 
 
 
 
 

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​

​​ ​

អត្ថបទថ្មី