ប៉ះកង់ឡានចល័ត២៤ម៉ោង យប់ព្រលប់លែងភ័យ
- 2015-11-16 15:35:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ះកង់ឡានចល័ត២៤ម៉ោង យប់ព្រលប់លែងភ័យ
ចន្លោះមិនឃើញ
ធ្លាប់តែលឺហាងលក់ខោអាវចល័ត បន្ទប់ខារ៉ាអូខេចល័ត ឥលូវអ្នកអាចនឹងប្លែកចិត្តមួយទៀត ជាមួយសេវា "ប៉ះកង់ឡានចល័ត" ដែលបម្រើ២៤ម៉ោង សម្រាប់អ្នកបែកកង់ឡានឬអស់អាគុយ គ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញ។
របរនេះធ្វើឲ្យលោកអាចរកបានក្នុងមួយថ្ងៃដល់ទៅ៥០ដុល្លារ បើខែភ្លៀងអាចលើសបានដល់ទៅ១០០ដុល្លារ ដែលអ្នកធ្វើការល្មមៗសុំខ្មាស។
ដៃប្រឡាក់ប្រេងម៉ាស៊ីន រវល់ជួសជុលម៉ូតូ លោក បុត សុខា ប្រាប់ថា លោកប្រកបរបរជាជាងប៉ះកង់ឡានម៉ូតូនេះជិត៣-៤ឆ្នាំមកហើយ តែរបរថ្មី ប៉ះកង់ឡានចល័ត នេះ លោកទើបបែកគំនិតចាប់ផ្ដើមធ្វើប្រមាណមួយឆ្នាំនេះទេ។ លោកថា ដោយសារមើលឃើញអ្នកលេងFacebookច្រើន ហើយណាមួយពេលឡានបែកកង់តាមផ្លូវយប់ព្រលប់អីគឺលំបាក ចង់ទៅមុខក៏មិនកើត ក្រោយក៏មិនរួច ម្ល៉ោះហើយបើមានសេវាថ្មីនេះប្រហែលអាចងាយស្រួល។
កំលោះអាយុ៣០ឆ្នាំ មកពីខេត្តកំពង់ធំ បញ្ជាក់ថា ចំពោះម៉ូតូមួយបំណះ យកតម្លៃ៣០០០រៀល ឯឡានតម្លៃ២$ សម្រាប់ប៉ះនៅកន្លែង។ តែបើប៉ះចល័ត ឡានយក៥$ សម្រាប់ចម្ងាយជិត ឯឆ្ងាយយក១០$ ហើយចល័តជុំវិញរាជធានីភ្នំពេញមិនថាយប់ព្រលប់-ព្រឹកអីទេអាចហៅ២៤ម៉ោងបាន។
ចំណែកម៉ូតូ និងកង់មិនមានសេវានេះទេ។ "សំបូរគេហៅទៅប៉ះណាស់ ជួនកាល ក្នុងមួយថ្ងៃបាន ៥-៦ឡានអីក៏មាន" លោក បញ្ជាក់។ យ៉ាងណា របរនេះក៏ចំណាយដើមទុនអស់ច្រើនដែរ បុរសនេះថា មានទាំងរ៉ឺម៉កជិត១០០ដុល្លារ ម៉ូតូថ្លៃ៣០០ ដុល្លារ និងគ្រឿងឧបករណ៍ផ្សេងៗ ទិញម្ដងមួយៗ ដោយមកទល់ពេលនេះអស់ជាង២ពាន់ដុល្លារ។
អ្នកប៉ះកង់ឡាន ចល័តសំបូរវោហារនៅបណ្ដោយផ្លូវកម្ពុជាក្រោម ក្បែរផ្សារទំនើបស៊ីដនី រូបនេះបន្តថា ទៅថ្ងៃអនាគតបើលោកមានលទ្ធភាព លោកចង់បង្កើតរបរនេះឲ្យធំនិងទំនើបជាងនេះបន្តិច ៕
សូមអាន មហិច្ឆតាសាមញ្ញ ៦ យ៉ាងដែលអ្នកភ្នំពេញភាគច្រើនប្រាថ្នាចង់បានក្នុងជីវិត អត្ថបទ៖ លឹម សុនា