ការនៅផ្ទះ និងការនៅហាង ចងដៃខុសគ្នា?
- 2015-11-19 16:33:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការនៅផ្ទះ និងការនៅហាង ចងដៃខុសគ្នា?
ចន្លោះមិនឃើញ
សម្រាប់អ្នករស់នៅភ្នំពេញដែលពុំមានទីធ្លាគ្រប់គ្រាន់សម្រាប់រៀបចំពិធីមង្គលការ គេនិយមជួលហាងនានាដើម្បីប្រារព្ធពិធីឡើង ឯអ្នកមានទីធ្លាផ្ទះធំទូលាយអាចរៀបចំពិធីបាន គេសម្រេចជ្រើសរើសការនៅផ្ទះ។ ប៉ុន្តែភ្ញៀវដែលទៅចូលរួមមង្គលការពិតជាចងដៃខុសគ្នាមែនឬ?
អ្នកនាងគ្រី ហ្គេកទៀងជាបុគ្គលិកស្ថាប័នរដ្ឋមួយកន្លែងបានប្រាប់ថា អ្នកនាងចងដៃខុសគ្នាពិតមែនដោយ ចងដៃអ្នកការនៅហាងច្រើនជាងអ្នកការនៅផ្ទះ ព្រោះចាត់ទុកថាជួយចេញថ្លៃជួលហាងបានខ្លះ។ ប៉ុន្តែអ្នកនាងអះអាងថា ចំណងដៃមិនលើសគ្នាច្រើននោះទេ គឺត្រឹម ៥ ដុល្លារទៅ ១០ ដុល្លារប៉ុណ្ណោះ។
ចំណែកកញ្ញា ឡាង គន្ធីបានប្រាប់ Sabay ថាសម្រាប់កញ្ញាផ្ទាល់ កញ្ញាចងមិនឱ្យលើសខ្វះគ្នាទេ បើសិនអ្នកទាំងពីរមានមិត្តភាពចំពោះកញ្ញាដូចគ្នា។ កញ្ញាលើកឡើងថា ចំណងដៃគឺជាទឹកចិត្តសម្រាប់គូស្វាមីភរិយាថ្មី មិនមែនសំដៅលើភាពហំហាននៃមង្គលការទេ។ «អ្នកទាំងពីរចង់ការនៅផ្ទះ នៅហាងឬនៅបាតសមុទ្រ ជារឿងរបស់គេ តែខ្ញុំចងមិនឱ្យខុសគ្នាទេ មានប៉ុណ្ណាចងប៉ុណ្ណឹង!»។ គន្ធីបានបន្ថែម។
កញ្ញា ហុង សារ៉ៃយ៉ា អតីតនិស្សិត វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្របានប្រាប់ថា កញ្ញាចងចំណងដៃអ្នកទាំងពីរមិនឱ្យខុសគ្នាឡើយ ពោលគឺវាអាស្រ័យលើចំណងមិត្តភាព និង លទ្ធភាពរបស់កញ្ញាដែរ។
ងាកមកលោក វែង វឌ្ឍនៈ បុគ្គលិកក្រុមហ៊ុនឯកជនដែលបានអះអាងថាខែនេះ លោកទទួលបានការអញ្ជើញ៥ រោងនោះលើកឡើងថា «ទោះចងការគេក៏ត្រូវចងដៃឱ្យស្មើៗគ្នាដែរ! បើគ្នាការនៅផ្ទះចងដៃគ្នាតិចជាងការនៅហាង គ្នាដឹងអន់ចិត្តស្លាប់!»។
លោកវឌ្ឍនៈក៏បានបន្តទៀតថា ភ្ញៀវមិនគួររើសអើងថាការនៅផ្ទះចងតិច ការនៅហាងចាំចងដៃច្រើននោះទេ ព្រោះអ្នកការនៅផ្ទះមកពីមិនសូវមានលុយទើបការនៅផ្ទះ ដូច្នេះបើចងដៃតិចទៀត គឺមិនល្អមើលនោះទេ។
ចុចអាន៖ មកដល់ថ្ងៃនេះ បានសំបុត្រការប៉ុន្មានហើយ?
ចុចអាន៖ ប៉ះកង់ឡានចល័ត២៤ម៉ោង យប់ព្រលប់លែងភ័យ
ផ្ទុយទៅវិញកញ្ញា វ៉ាន់ តារាតី និស្សិតនៅសាកលវិទ្យាល័យកម្ពុជាបានប្រាប់ថា កញ្ញាចងដៃអ្នកការនៅហាងច្រើនជាងអ្នកការនៅផ្ទះ ព្រោះថាអ្នកការនៅហាងត្រូវចំណាយលុយ ជិតមួយពាន់ដុល្លារឬលើសមួយពាន់ដុល្លារ គ្រាន់តែថ្លៃសម្បកហាងដែលមានតុនិងកៅអីប៉ុណ្ណោះ ដូច្នេះនៅថ្លៃម្ហូបអាហារ និងសេវាកម្មផ្សេងទៀត។ ចំណែកអ្នកការនៅផ្ទះ ពួកគេចំណេញលុយជិតមួយពាន់ដុល្លារនោះស្រាប់ទៅហើយ។ រាតីបន្តទៀតថា ការលើកឡើងបែបនេះមិនមែនមានន័យថា អ្នកការនៅផ្ទះចងដៃតិចៗនោះទេ គឺកញ្ញាពន្យល់ថា «ឧទាហរណ៍ថា ជាទូទៅសមត្ថភាពយើងចងដៃគេ ម្ភៃដុល្លារ បើគេការញ៉ាំនៅផ្ទះយើងចងម្ភៃតែ បើគេការនៅហាងយើងចងលើសហ្នឹងប្រាំដុល្លារឬដប់ដុល្លារទៅ!»៕
ចុះចំណែកប្រិយមិត្តវិញ យល់យ៉ាងណាដែរ? តើគួរចងដៃអ្នកការនៅហាង និងនៅផ្ទះដូចគ្នាឬក៏ខុសគ្នា?
ចុចអាន៖ Sabayប្រកាសជួយអង្គការខ្មែរដែលមានសកម្មភាពល្អៗ តែការផ្សព្វផ្សាយនៅមានកម្រិត
អត្ថបទ៖ ណេង ណេង