មកដល់ថ្ងៃនេះ បានសំបុត្រការប៉ុន្មានហើយ?
- 2015-11-18 12:10:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដល់ថ្ងៃនេះ បានសំបុត្រការប៉ុន្មានហើយ?
ចន្លោះមិនឃើញ
បទចម្រៀងភ្លេងការ «បាយខុនចងដៃ» ចាប់ផ្ដើមលាន់ឮជាបណ្ដើរៗហើយក្រោយពីចេញព្រះវស្សា ខណៈប្រជាជនខ្មែរប្រុសស្រីជាច្រើនបានចូលរោងការបណ្ដើរៗ ហើយខ្លះកំពុងត្រៀមខ្លួនចូលរោងជ័យ ក្នុងពេលឆាប់ៗខាងមុខដែរ។ តើចាប់ពីចេញវស្សាមកដល់ពេលនេះ ប្រិយមិត្តអ្នកអាន ទទួលបានធៀបការប៉ុន្មានហើយ?
“ខ្ញុំបាន ៥ រោងហើយបង!” ជាការប្រាប់របស់ ស៊ឹម ចន្ធា បុគ្គលិកនៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ ATC មកកាន់គេហទំព័រ Sabay កាលពីពេលថ្មីៗនេះ។
ថ្លែងពីអារម្មណ៍ពិតយុវតីរូបនេះថា នាងមានអារម្មណ៍ពិបាកចិត្តបន្តិច ព្រោះត្រូវចុះឡើងពីភ្នំពេញទៅខេត្តឆ្ងាយ និងពីខេត្តមកភ្នំពេញ ហើយអ្វីកាន់តែជាបញ្ហានោះគឺប្រាក់ចងដៃ និងចំថ្ងៃធ្វើការ។
នារីសម្បុរខ្មៅស្រអែមរៀបរាប់ថា៖ "ចងមធ្យម ២០ ដុល្លារ។ ពេលខ្លះលុយប្រាក់ខែមិនចងគ្រប់ទេ តែក៏មិនមែនរាល់ខែដែរ"។ ចោលអត់កើត ព្រោះសុទ្ធតែជាមិត្តភ័ក្ដិ និងសាច់ញាតិបងប្អូន"។ ថ្វីបើយ៉ាងនេះក្ដីនាងមិនបោះបង់ការចូលរួមទេ ព្រោះដើម្បីមិត្តភាព។
ប្លែកពីយុវតី ស៊ឹម ចន្ធា កញ្ញា លុង ឆេងហៀង បានសម្ដែងការរីករាយ ព្រោះមកដល់ពេលនេះ នាងមិនទាន់មានអ្នកណាអញ្ជើញឱ្យចូលរួមពិធីមង្គលការនៅឡើយទេ។
កញ្ញាបញ្ជាក់ទាំងសើចថា ៖ “ខ្ញុំពិតជាសំណាងម្ល៉េះទេ"។ ការមិនទទួលបានការអញ្ជើញណាមួយនេះ ឆេងហៀង បង្ហើបថា មកពីមិត្តភ័ក្ដិរបស់នាងនៅក្មេងៗមិនទាន់មានអ្នកចង់គិតគូររឿងអាពាហ៍ពិពាហ៍។
ចំណែកកញ្ញា ឡេង បុប្ផា បានបង្ហាញឱ្យដឹងថា កញ្ញាទើបតែទទួលបានមួយរោងប៉ុណ្ណោះពីមិត្តរួមការងារ ហើយនឹងធ្វើដំណើរទៅចូលរួមនៅថ្ងៃទី ២២ ខែវិច្ឆិកា នៅស្រុកព្រៃឈរខេត្តកំពង់ចាម។
និយាយពីចំណាប់អារម្មណ៍ នារីមកពីខេត្តកណ្ដាលរូបនេះ ថាជារឿងធម្មតា ព្រោះវាការរាប់អាន និងជួយគ្នាទៅវិញទៅមក៖ "ទើបបានមួយ [ធៀបការ] ព្រោះមិត្តភ័ក្ដិខ្ញុំ គេការអស់ហើយ"។
ដោយឡែកលោក ប៉ែត ផានិត បានទទួលសំបុត្រអញ្ជើញបីហើយនៅក្នុងខែធ្នូ ដោយមួយនៅភ្នំពេញ និងពីរទៀតនៅខេត្តកំពង់ចាម និងឧត្ដុង្គ [ខេត្តកណ្ដាល]។
លោកថ្លែងថា ៖ ត្រេកអរពេលឃើញពួកម៉ាករៀបការ ហើយពិបាកចិត្តដែរ ព្រោះអីសុទ្ធតែដើមខែ [បើកលុយកណ្ដាលខែ] តែជាអត់អីទេ ព្រោះម្ដងយើងម្ដងគេ បើយើងការនឹងហៅគេវិញ។ ចោលអត់កើត ព្រោះអី ជាពួកម៉ាកជិតស្និទ្ធ"។
យុវជនមកពីខេត្តកណ្ដាលដដែលថ្លែងថា បើតាមខេត្តនិងភ្នំពេញលោកចងដៃ ២០ ដុល្លារ ឬលើសនេះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន៕
ចុះអ្នកបានធៀបការប៉ុន្មានហើយ?
ចុចត្រង់នេះដើម្បីអាន៖ គេអញ្ជើញការទៅតាមខេត្ត គួរទៅឬមិនទៅ?
ចុចត្រង់នេះដើម្បីអាន៖ បើស្រលាញ់នារីម្នាក់ អ្នកគិតអតីតកាលរបស់នាងទេ?
អត្ថបទ៖ អ៊ុំ សុភក្តិ