កាលពីល្ងាចថ្ងៃទី២៧ ស្ថានទូតកូរ៉េបានរៀបចំកម្មវិធីមហោស្រពភាពយន្តកូរ៉េខួបទី៩នៅរោងភាពយន្ត Legend ដោយមានបញ្ចាំងខ្សែភាពយន្ត៥រឿងផ្តាច់មុខរបស់អ្នកដឹកនាំឆ្នើមនៃប្រទេសកូរ៉េ គឺលោក លី ជុនអ៊ីក។
អ្នកដឹកនាំឆ្នើមរូបនេះបានថ្លែងទាំងក្តីរំភើបដែលខាងស្ថានទូតកូរ៉េជ្រើសរើសខ្សែភាពយន្តរបស់លោកមកបង្ហាញជូនប្រជាពលរដ្ឋខ្មែរក្នុងកម្មវិធីមហោស្រពភាពយន្តកូរ៉េខួបទី៩នេះ។
“បើតាមការពិតទៅ ខ្ញុំផលិតរឿងសរុបទាំងអស់បានចំនួន១១រឿងហើយ ប៉ុន្តែក្នុងកម្មវិធីមហោស្រពនេះលើកយកតែ៥រឿងមកបង្ហាញតែប៉ុណ្ណោះ។ ២រឿងជារឿងបែបប្រវត្តិសាស្ត្រ និង៣រឿងទៀតជាខ្សែភាពយន្តបែបសម័យទំនើបបច្ចុប្បន្ន"។ លី ជុនអ៊ីក ថ្លែង។
មិនតែប៉ុណ្ណោះ លោកបញ្ជាក់ដែរថា លោកចង់ចែករំលែកបទពិសោធន៍ជាមួយផលិតករនៅកម្ពុជា ប្រសិនបើមានឱកាសណាមួយអំណោយផល ហើយលោកក៏រំពឹងទុកដែរថានឹងមានស្នាដៃខ្សែភាពយន្តដែលផលិតរួមគ្នារវាងផលិតករខ្មែរ និងកូរ៉េនៅពេលអនាគតផងដែរ។
លើសពីនេះ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក សោម សុគន្ធ ថ្លែងក្នុងពិធីប្រកាសបើកនេះថា ស្នាដៃខ្សែភាពយន្តទាំង៥រឿងរបស់ផលិតករខាងលើនឹងផ្តល់ឱកាសជាថ្មីម្តងទៀតដល់ទស្សនិកជន ពិសេសយុវជនកម្ពុជាដើម្បីឲ្យស្វែងយល់កាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកូរ៉េ និងពីភាពរីកចម្រើន និងសម្បូរបែបនៃឧស្សាហកម្មភាពយន្តកូរ៉េ។
លោកបន្តទៀតថា តាមរយៈមហោស្រពភាពយន្តនេះទៀតសោតនឹងចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មភាពយន្ត និងពង្រីកទំនាក់ទំនងវិស័យភាពយន្តរវាងប្រទេសទាំងពីរ ព្រមទាំងជួយផ្សព្វផ្សាយខ្សែភាពយន្តកូរ៉េឱ្យប្រជាជនកម្ពុជាស្គាល់កាន់តែច្រើនថែមទៀត៕
អត្ថបទ៖ ថា ម៉ាលីដា