កម្មវិធី​កម្សាន្ត "ក្លាហាន​៩" ​មាន​អ្វី​ប្លែក​ ហើយ​ទាក់​ទង​អ្វី​នឹង​យុវវ័យ?

  • 2015-12-03 18:38:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លាហាន​៩​ជា​កម្ម​វិធី​ថ្មី​​មួយ​បន្ទាប់​ពី​ ឡូយ​៩ និង​ស្នេហ៍​៩​ ​ផលិត​ដោយ​​អង្គការ ​BBC ដែល​កម្ម​វិធី​ទាំង​ពីរ​នេះ ​​​ធ្លាប់​ទទួល​បាន​ជោគជ័យ​ និង​មាន​អ្នក​ចូល​រួម​ទស្សនា​ប្រមាណ​ជាង​​​២​លាន​នាក់​​រួច​មក​ហើយ​​។

 

ក្លាហាន​៩​គឺ​ជា​កម្ម​វិធី​កម្សាន្ត​ ផ្ដល់​ព័ត៌មាន​ និង​មាន​លក្ខណៈ ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ចម្រុះ​ នៅ​លើ​ទូរទស្សន៍​ វិទ្យុ​ ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​គោល​បំណង​គាំ​ទ្រ​ដល់​យុវជន​កម្ពុជា​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង​តាម​រយៈ​ការ​ផ្ដល់​នូវ​ព័ត៌មាន​ និង​សុវត្ថិភាព​ការងារ​ការ​ចរចា​ជាមួយ​គ្រួសារ​ និង​ការ​​សម្រេច​ចិត្ត​ផ្សេង​ទៀត​ជុំ​វិញ​បញ្ហា​ការងារ។

 

ឯក​អគ្គ​រាជ​ទូត​ ប្រចាំ​ស្ថានទូត​ ស៊ុយអែត​ Anna Maj Hultgard បាន​ថ្លែង​ក្នុង​កម្ម​វិធី​សម្ពោធ​ក្លាហាន​៩​កាល​ពី​ល្ងាច​មិញ​នេះ​ថា​ កម្មវិធី​នេះ​តែង​តែ​បង្ហាញ​ប្រជា​ជន​វ័យ​ក្មេង​កម្ពុជា​ទាំង​អស់​ពី​ដំណើរ​ការ​ដែល​ស្ថានទូត​ស៊ុយ​អ៊ែត​តែង​ស្វែង​រក ​និង​ផ្ដល់​នូវ​ការ​​គាំ​ទ្រ​ ។ កម្មវិធី​មាន​បំណង​ជួយ​សម្រួល​ដល់​អន្តរ​កាល​ដល់​យុវជន​វ័យ​ក្មេង​ឆ្ពោះ​ទៅ​កាន់​ការងារ​ដំបូង​របស់​ពួក​គេ។

 

 

(អ្នក​ស្រី Anna Maj Hultgard ឯក​អគ្គ​រាជ​ទូត​ ប្រចាំ​ស្ថានទូត​ ស៊ុយអែត)

 

អ្នក​ស្រី Anna Maj Hultgard  ថ្លែង៖  “ខ្ញុំ​សូម​និយាយ​ដោយ​ស្មោះ​ត្រង់​ចុះ ថា​វាមិន​មែន​​ជាការ​ងាយ​ស្រួលទេ ព្រោះ​ជម្រើស​យើង​មាន​ច្រើន​ ហើយ​អ្នក​ទាំង​អស់​គ្នា​​ទី​បំផុត​មិន​ដឹង​ថា​ខ្លួន​យើង​ទៅ​ដល់​ទី​ណា មិន​ដឹង​ថា​យើង​គួរ​តែ​សិក្សា​ពី​អ្វី​ អ្នក​ណា​ដែល​យើង​គួរ​តែ​រៀប​ការ​ជាមួយ​ ហើយ​យើង​គួរ​តែ​ធ្វើ​ការ​នៅ​ឯណា ​ហើយ​រហូត​ទៅ​ដល់​ពេល​ណា? វា​ពិត​ជា​ពិបាក​"។

 

អ្នក​ស្រី​បន្ត​ទៀត​ថា​កម្ម​វិធី​ថ្មី​ "ក្លាហាន​៩​នេះ"​ ក៏​មិន​ខុស​ពី​កម្មវិធី​ពីរ​មុន​ដែរ ​ផ្ដោត​សំខាន់​ទៅ​លើ​យុវវ័យ​ដូចគ្នា​ ។​​​ហើយ​កម្មវិធី​ក្លាហាន​៩​​នេះ​ទៀត​សោត​មាន​គោល​បំណង​បង្ហាញ​ពី​បញ្ហា​ទាំង​អស់​នេះ​នៅ​លើ​កញ្ចក់​ ទូរទស្សន៍ ​វិទ្យុ និង​ប្រព័ន្ធ​អ៊ីនធឺណិត​ តាម​រយៈ​ការ​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​ អ្នក​ជំនាញ​ខាង​មុខរបរ​ កម្ម​វិធី​សន្ទនា តាម​ទូរស័ព្ទ​ ការ​លេង​ល្បែង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត ​និង​ភាពយន្ត​បែប​អប់រំ​។

 

ការ​សម្ដែង​ទាំង​អស់​នេះ​នឹង​ផ្ដោត​លើ​ប្រធាន​បទ​ផ្សេងៗ​ទៀត​ដូចជា​៖ វិធី​សាស្ត្រ​ ក្នុង​ការ​ស្វែង​រក​ការងារ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ការ​ចរចា​ជាមួយ​អាណាព្យាបាល​ និង និយោជក ការ​សរសេរ​ប្រវត្តិ​រូប​សង្ខេប​ និង​ការ​ធ្វើ​បទ​សម្ភាសន៍​ សុវត្ថិភាព នៅ​កន្លែង​ការងារ​ សិទ្ធិ និង​ទំនួល​ខុស​ត្រូវ​ របស់​និយោជិក​ ការ​ចំណាក​ស្រុក ​និង​ហានិភ័យ​ផ្សេងៗ​ ដែល​បង្កើត​ឡើង​ដោយ​មេខ្យល់​​ជាដើម។

 

 

អ្នក​ស្រី​​ Setsuko Yamazaki នាយក​ប្រចាំ​ប្រទេស អង្គការ​UNDP បាន​ថ្លែង​ថា​ កម្មវិធី​ក្លាហាន​៩ បង្កើត​ឡើង​ដើម្បី​ជួយ​យុវជន​កម្ពុជា កសាង​ទំនុកចិត្ត​ ក្នុង​ការ​វិនិច្ឆ័យ​ធ្វើ​អ្វី​មួយ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ។

 

"ប្រជាជន​វ័យ​ក្មេង​មាន​ទំនោរ​ធ្វើ​អ្វី​មួយ​ទៅ​តាម​ការ​ចូល​ចិត្ត​ក្រុម​គ្រួសារ​របស់​គេ​ ហើយ​ជា​ពិសេស​យុវនារី​វ័យ​ក្មេង​តែង​តែ​ជួប​នូវ​បញ្ហា​ប្រឈម​ច្រើន​ជាង​គេ ជាពិសេស​ពេល​ដែល​គេ​ជ្រើសរើស​ការងារ​ផ្ទាល់​ខ្លួន​របស់​គេ"។ អ្នក​ស្រី​​ Setsuko Yamazaki ​បន្ថែម។

 

កម្មវិធី​នេះ​មាន​ផ្សាយ​តាម​វិទ្យុ​រៀង​រាល់​ថ្ងៃ​អាទិត្យ ចាប់​ពី​ម៉ោង 01 ដល់​ម៉ោង​ 02 រសៀល​តាម​រយៈ​វិទ្យុ​ FM103 MHz និង​បន្ត​ផ្សាយ​ទៅ​ស្ថានីយ​ផ្សេងៗ​តាម​បណ្ដា​ខេត្ត​ទៀត​។ ចំណែក​តាម​ទូរទស្សន៍​នឹង​ចាក់​ផ្សាយ​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ ឆ្នាំ​២០១៥​លើ​កញ្ចក់​ទូរទស្សន៍​ My Tv នា​ម៉ោង​៧​យប់​​ផង​ដែរ៕

 

 
 
 
 
 

អត្ថបទ៖ ថា ម៉ាលីដា​