Angelina Jolie-Pitt​ វាយ​តម្លៃសិល្បៈ​ភាពយន្ត​របស់​កម្ពុជា

  • 2015-12-07 17:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​​​កិច្ច​សន្ទនា​ជា​​មួយ​សមិទ្ធិ​ករភាពយន្ត​ជំនាន់​ក្រោយ កាល​ពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ​ដែល លោកស្រី Angelina Jolie-Pitt បាន​អញ្ជើញ​ចូល​រួម​ធ្វើ​ជា វាគ្មិន តារា​ហូលីវូដ ម្នាក់​នេះ បាន​វាយ​តម្លៃ​ភាពយន្ត​កម្ពុជា​ថា កាន់​តែ​មាន​ការ​រីក​ចម្រើន​ខ្លាំងបើ​ធៀប​នឹង​គ្រា​ដែល​លោកស្រី​មក​ថត​ភាពយន្ត​រឿង​ « Tomb Raider»​ជា​លើកដំបូង​នៅ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ ​២០០០។

 

 

  ការ​វាយ​តម្លៃ​បែប​នេះ  Angelina Jolie-Pitt បាន​លើក​ហេតុ​ផល​ថា  កាល​លោកស្រី​មក​ថត​ភាពយន្ត​រឿង ​« Tomb Raider»​ ជា​លើកដំបូង​នៅ​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​២០០០​នោះ កម្ពុជា​​មិន​ទាន់​មាន​សមិទ្ធិករ​​ ក៏​ដូច​ជា​ក្រុម​​​បច្ចេកទេស​គ្រប់​គ្រាន់​នៅ​ឡើយ អ្វី​គ្រប់​យ៉ាង​គឺ​​ស្ថិត​ក្រោម​ការ​ចាត់​ចែង​របស់​ក្រុម​​លោក​ស្រី​ទាំង​អស់ ប៉ុន្តែ​​បច្ចុប្បន្ន​នេះ​ កម្ពុជា​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់។ " មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន ព្រោះ​រឿង «​ដំបូង​ខ្មែរក្រហម សម្លាប់​ឪពុក​ខ្ញុំ​»​ ឬ​«First they killed my father» ដែល​ខ្ញុំ​កំពុង​តែ​ថត​​នៅ​​សៀម​រាប​​នេះ ទាំង​តារា​សម្ដែង​ ក៏​ដូច​ជា​ក្រុម​បច្ចេកទេស​ គឺ​សុទ្ធតែ​ជា​​កម្ពុជា​ទាំង​អស់ ពួក​គាត់​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់" លោកស្រី Angelina Jolie-Pitt  ថ្លែង​បញ្ជាក់។

 

 

 

 

ជា​បន្ត​ទៀត លោកស្រី Angelina Jolie-Pitt បាន​លើក​ទឹក​ចិត្ត​​ដល់​សមិទ្ធិករ​កម្ពុជា ​បន្ត​កិច្ចការ​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បីទទួល​បាន​ភាព​ជោគជ័យ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​​ទៀត​លោកស្រី បាន​បង្ហាញ​ក្ដី​សង្ឃឹម និង​ជឿ​ជាក់​ថា លោកស្រី​នឹង​អាច​ធ្វើ​ការងារ​រួមគ្នា ជាមួយ​សមិទ្ធិ​ករ​ភាពយន្ត​កម្ពុជា ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា។

 

 

បន្ទាប់​ពី​បញ្ចប់​ការ​​ក្នុង​​​កិច្ច​សន្ទនា​ខាង​លើ​ប្រហែល​ជា​១ម៉ោង  Angelina Jolie-Pitt បាន​បន្ត​ទៅ​​ធ្វើ​ជា​វាគ្មិន​ក្នុង​ប្រធាន​បទ​ដែល​នៅ រោងភាពយន្ត​Major Ceneplex by Cellcard  ប្រមាណ​ជា២០នាទី​​ថែម​ទៀត៕

 

 

 

 

អត្ថបទ៖ ខុត សីហា