ចូលចិត្តរឿងខ្មោច? «ខ្មោចទាររបស់» ចេញផ្សាយហើយ!
- 2015-12-11 13:00:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលចិត្តរឿងខ្មោច? «ខ្មោចទាររបស់» ចេញផ្សាយហើយ!
ចន្លោះមិនឃើញ
«ហ៎នេះ! ធ្ងន់ណាស់វ៉ើយ! ជួយយក៎… ហើយចុះម៉ោធ្វើអីថ្មើរហ្នឹងហើយហ្នឹង? ហើយផ្ទះម៉េចក៏មិនបើកភ្លើង ម៉េចក៏នៅងងឹតឈ្លប់ចឹង?» ប្រពន្ធខ្ញុំមិនឆ្លើយសោះ ខ្ញុំក៏ទៅជិតសួរទៀត ក្រែងលោគេស្ដាប់មិនឮ៖ «អេ! ម៉េចសួរមិនឆ្លើយ? អីវ៉ាន់ក៏មិនជួយកាន់!» ខ្ញុំនិយាយដូចរបៀបដែលប្ដីប្រពន្ធអ្នកស្រែអ្នកស្រុកទំនាក់ទំនងគ្នា។ ខ្ញុំក្ដៅឆេវ! ព្រោះគេនៅតែមិនឆ្លើយ ខ្ញុំក៏ស្រែកខ្លាំងៗថា «អឺម៉ែអាង៉ែត អឺម៉ែអាង៉ែត» ខ្ញុំស្រែកធ្វើជាមែនផង លេងផង ព្រោះខ្ញុំដឹងថាប្រពន្ធខ្ញុំត្រចៀកធ្ងន់បន្តិច នរណានិយាយល្មមៗ ស្ដាប់មិនឮទេ។ មាត់ចេះតែហៅ ជើងក៏ចេះតែដើរទៅរកមនុស្ស ទូរសព្ទក៏មិនហ៊ានរេឆ្វេចឆ្វាចដូចមុនដែរ។ ដូចជាមិនមែនជាម៉ែអាង៉ែតទេ។ អ្ហាក! គឺមិនមែនតែម្ដង។ នេះគឺជាក្មេងស្រីវ័យជំទង់ម្នាក់ស្លៀកខោខោវប៊យ ពាក់អាវយឺតដៃខ្លីពណ៌ស នាងមានទឹកមុខស្រងូតស្រងាត់ណាស់ ហើយឱបដៃត្រង់ពោះរហូត។ «ក្មួយ! ហើយកូនចៅអ្នកណា? ម៉េចមកនៅហ្នឹងចឹង? នេះម៉ោងជាងដប់ហើយណា?»
ខ្ញុំច្រាស់ច្រាល់ក្នុងចិត្តខ្លាំងមែនទែន ក្នុងចិត្តលួចគិតថានេះជាសង្សារអាង៉ែត ហើយវាមករកគ្នាវា តែដូចមិនសម ថ្មើរនេះហើយ ណាមួយជាស្រីមិនខ្លាច ក៏គួរតែខ្មាសខ្ញុំដែរ ព្រោះខ្ញុំជាឪអាង៉ែត។ «ប្រាប់មើល៎! មករកអ្នកណា? ហើយបានអីជិះម៉ោ? នេះចង់កណ្ដាលអធ្រាត្រហើយក្មួយ!» «ខ្ញុំមកយករបស់!» ក្មេងស្រីនោះនិយាយតែប៉ុណ្ណឹង ភ្លើងនៅខាងក្រោយផ្ទះខ្ញុំក៏ភ្លឺឆ្វាចឡើង ខ្ញុំងាកទៅរកពន្លឺ ហើយក៏ឆ្លៀតបង្ហើរសំណួរមួយមកកាន់នាងក្មេងនោះថា៖ «របស់អីក្មួយ?…» [...]
ចុច Like Page ប្រលោមលោក Sabay ដើម្បីទទួលបានរឿងថ្មីៗ