បច្ចេកវិទ្យា​​ LiDAR ដែល​បុរាណ​វិទូ​​ប្រើ​​​រុក​រក​អាថ៌កំបាំង​​ប្រាសាទ​អង្គរវត្ត​ ដំណើរ​ការ​ដូច​ម្ដេច?

  • 2015-12-11 18:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​​​សារព័ត៌មាន​អង់គ្លេស​ DailyMail បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​ថា​ ក្រុម​បុរាណ​វិទូ​បាន​រក​ឃើញ​សំណង់​បុរាណ​អាថ៌កំបាំង​ដែល​កប់​ក្នុង​ដី​នៃ​បរិវេណ​ប្រាសាទ​អង្គរវត្ត​ ដោយ​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា LiDAR ដ៏​ពិសេស​មួយ។

 

 

បច្ចេកវិទ្យា​ LiDAR ឬ​ ការ​ស្កេន​ 3D ​ដោយ​ឡាស៊ែរ​ ​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​អំឡុង​ឆ្នាំ​១៩៦០​ សម្រាប់​ឲ្យ​ ​យន្តហោះ​​ប្រើ​ប្រាស់​ដើម្បី​ស្វែង​រក​នាវា​មុជទឹក​នៅ​ក្នុង​សមុទ្រ។ ​បច្ចេកវិទ្យា​នេះ​ទៀត​សោត​មាន​ជា​ពីរ​ប្រព័ន្ធ​​គឺ​ Airborne LiDAR និង​ Ground-based LiDAR។

 

​ប្រព័ន្ធ​​ Airborne LiDAR គឺ​ជា​ដំណើរ​ការ​មួយ​​ដែល​គេ​​បាញ់​​​ពន្លឺ​ឡាស៊ែរ​​​ទៅ​លើ​កញ្ចក់​ រួច​​ពន្លឺ​នោះ​បញ្ចាំង​ពី​លើ​ចុះ​ទៅ​ក្រោម​​ទៅ​លើ​ផ្ទៃ​ដី​ចេញ​ពី​​លើ​អាកាស​ ដែល​ភាគ​ច្រើន​គេ​ប្រើ​ យន្តហោះ​ឬ​ឧទ្ធម្ភាគចក្រ​ដើម្បីបាញ់​ពន្លឺ។ ​ពន្លឺ​ឡាស៊ែរ​ធ្វើ​ការ​ស្កេន​ពី​ចំហៀង​មួយ​ទៅ​ចំហៀង​មួយ​ ខណៈ​​ពេល​ដែល​យន្តហោះ​ ហោះ​លើ​​លើ​តំបន់​​ដែល​គេ​ធ្វើ​ការ​រុក​រក ដែល​វា​អាច​ចាប់​យក​បាន​ចន្លោះ​ពី​ ២០០០០​ ទៅ​ ១៥០០០០​ ចំណុច​ក្នុង​មួយ​វិនាទី។ ​

 

 

នៅ​ពេល​ដែល​ពន្លឺ​ឡាស៊ែរ​បាញ់​ចំ​​វត្ថុ​អ្វី​មួយ​ វា​នឹង​ជះ​ត្រឡប់​មក​កញ្ចក់​វិញ។ រយៈ​ពេល​ដែល​ឡាស៊ែរ​បាញ់​ចេញ​ពី​យន្តហោះ​ និង​រយៈ​ពេល​ដែល​វា​ជះ​ត្រឡប់​មក​វិញ​ត្រូវ​បាន​គេ​កត់​ត្រា​ទុក​ ដើម្បី​​គួប​ផ្សំ​ជា​មួយ​នឹង​ទិន្នន័យ​ដទៃ​ទៀត​បង្កើត​បាន​ជា​វិមាត្រ​ទាំង​បី​របស់​សណ្ឋាន​ដី​ រួម​​ទាំង​ទ្រង់​ទ្រាយ​របស់​សណ្ឋាន​ដី។ ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ Airborne LiDAR ​គេ​អាច​ធ្វើ​ការ​​លុប​ចេញ​នូវ​អាគារ​ និង​​វត្ថុ​ដទៃ​ទៀត​លើ​សណ្ឋាន​ដី​ ដើម្បី​អាច​មើល​​លក្ខណៈ​ភូមិសាស្ត្រ​នៃ​ដី​នៅ​ផ្នែក​ខាង​ក្រោម​បាន។

 

 

ចំពោះ​ប្រព័ន្ធ​ Ground-based LiDAR វិញ​ស្រដៀង​នឹង​ Airborne LiDAR ដែរ​​ប៉ុន្តែ​វា​ធ្វើ​ឡើង​នៅ​​លើ​ផ្ទៃ​ដី​ ដោយ​ភាគ​ច្រើន​ LiDAR ត្រូវ​បាន​គេ​ដំឡើង​នៅ​លើ​ជើង​ទម្រ​មួយ​ ហើយ​ Sensor របស់​ LiDAR វិល​៣៦០​ដឺក្រេ។ ពន្លឺ​ឡាស៊ែរ​ដែល​បាញ់​ចេញ​ពី​ប្រព័ន្ធ​ Ground-based LiDAR នេះ​​នឹង​ជះ​ត្រឡប់​មក​វិញ​ ពី​ផ្ទៃ​ខាង​មុខ​នៃ​អាគារ​ ​បង្គោល​ភ្លើង​ រុក្ខជាតិ​ ដើម​ឈើ​ ឡាន​ រួម​ទាំង​មនុស្ស​ផង​ដែរ។ ពន្លឺ​​ដែល​ជះ​ត្រឡប់​មក​វិញ​​ត្រូវ​បាន​កត់​ត្រា​ទុក​ ហើយ​រយៈ​ចម្ងាយ​រវាង​ Sensor និង​វត្ថុ​ដែល​ពន្លឺ​បាន​បាញ់​ចំ​ក៏​ត្រូវ​បាន​គេ​​គណនា​រួច​ស្រេច។ ​ទិន្នន័យ​ដែល​ប្រមូល​បាន​អាច​បង្កើត​ជា​វិមាត្រ​​ទាំង​បី​ ​នៃ​តំបន់​ដែល​គេ​បាន​សិក្សា​ទៅ​លើ។

 

 

​​​​​​​​​​​​​​​​​​​​​ជា​ធម្មតា​ប្រព័ន្ធ​ LiDAR ទាំង​ពីរ​ខាង​លើ​ប្រើ​ប្រាស់​នូវ​ឧបករណ៍​​ដូច​ជា​ឡាស៊ែរ​ ឧបករណ៍​ឯកទេស​ខាង​ទទួល​សញ្ញា​​GPS ឧបករណ៍​ IMU (inertial measurement unit)  ​និង​កុំព្យូទ័រ ប៉ុន្តែ​សម្រាប់​ប្រព័ន្ធ Ground-based​ ​មិន​មាន​ប្រើ​ប្រាស់​ ឧបករណ៍​ IMU ឡើយ។ ជា​ទូទៅ​ប្រព័ន្ធ​ Airborneគឺ​ប្រើ​ប្រាស់​យន្តហោះ​ឬ​ឧទ្ធម្ភាគចក្រ​​​ដើម្បី​ប្រមូល​ទិន្នន័យ​នៅ​លើ​តំបន់​ដែល​មាន​ផ្ទៃ​ដី​ធំ​ទូលាយ៕​

​​​​​​​​​​​​​​​​ ចុច​អាន៖ បច្ចេកវិទ្យា​ថ្មី​​​​ៗ​កាន់​តែ​ទំនើប​បំពាក់​​លើ​រថយន្ត​​ក្នុង​ឆ្នាំ​២០១៥​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖​ Lidar-UK​​​

អត្ថបទថ្មី