រឿងរ៉ាវ​​​ធំ​ៗ​១០ កើត​ឡើង​​ប្រចាំ​ឆ្នាំ២០១៥ ​ជុំវិញ​ពិភពលោក

  • 2015-12-15 21:05:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មាន​រឿងរ៉ាវ​​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥ ​នៅ​ទូទាំង​ពិភពលោក​ ដែល​មាន​ទាំង​ព្រឹត្តិការណ៍​នយោបាយ គ្រោះ​ធម្មជាតិ ការ​បាញ់​ប្រហារ វិបត្តិ​នៅ​ស៊ីរី និង​បញ្ហា​ជន​ភៀស​ខ្លួន​ជា​ដើម។ Sabay សូម​លើក​យក១០ករណី​ធំៗ ដែល​មាន​ដូច​ខាង​ក្រោម៖

១. ថ្ងៃ​ទី​៧ ​ខែ​មករា ៖ ទស្សនាវដ្ដី Charlie Hebdo ត្រូវ​​ខ្មាន់​កាំភ្លើង​ចូល​​បាញ់​រះ​នៅ​ប៉ារីស

 

 

ហេតុការណ៍​ដ៏​កក្រើក​ពេញ​ប្រទេស​បារាំង បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ទី៧ មករា​ ដោយ​​ខ្មាន់​កាំ​ភ្លើង​ស្លៀកពាក់​ខ្មៅ​បិទ​មុខ​មួយ​ក្រុម បាន​សម្រុក​ចូល​ទៅ​បាញ់​រះ​នៅ​ទីស្នាក់ការ​​ទស្សនាវដ្ដី​ដ៏​ល្បី​ឈ្មោះ​មួយ​ក្នុង​ក្រុង​ប៉ារីស បណ្ដាល​ឲ្យ​មនុស្ស ១២​នាក់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង។

 

ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង១២​នាក់ មាន៨​នាក់​ជា​អ្នក​សារព័ត៌មាន និង​២​នាក់ជា​មន្ត្រី​ប៉ូលិស ហើយ​​ក្នុង​នោះ​បូក​រួម​ទាំង​លោក ​Stephane Charbonnier ដែល​ជា​និពន្ធ​នាយក​​​របស់​ទស្សនាវដ្ដី Charlie​ Hebdo ផង​ដែរ។ ចំណែក ២នាក់​ទៀត​ប្រភព​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយ។ ​

២. ថ្ងៃ​ទី២៤ មេសា ៖ ​ប្រទេស​នេប៉ាល់​ជួប​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៩រិចទ័រ

 

 

គ្រោះ​រញ្ជួយ​ដី​កម្លាំង​ ៧,៩​រ៉ិចទ័រ​ បាន​វាយ​ប្រហារ​ទីក្រុង​ Kathmandu ​របស់​ប្រទេស​នេប៉ាល់​ នា​វេលា​ម៉ោង​១១:៤១នាទី​ ម៉ោង​ក្នុង​តំបន់​ ត្រូវ​នឹង​​ថ្ងៃ​សៅរ៍​ ធ្វើ​ឲ្យ​អគារ​ជា​ច្រើន​ត្រូវ​ដួល​រលំ​​សម្លាប់​មនុស្ស​ជាង ២០០០នាក់​ និង​កប់​លើ​មនុស្ស​រាប់​ពាន់​នាក់​ផ្សេង​ទៀត។

 

៣. ​ថ្ងៃ​ទី១២ កក្កដា៖ ​អ៊ីរ៉ង់​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​

 

 

​ប្រទេស​អ៊ីរ៉ង់ ​និង​​មហា​អំណាច​ចំនួន ៦ទៀត​មាន​បារាំង ចិន សហភាព​អឺរ៉ុប រុស្ស៊ី អ៊ីរ៉ង់ និង​អាល្លឺម៉ង់​ ​​ដឹក​​នាំ​​ដោយ​សហរដ្ឋ​អាមេរិក​ បាន​ឈាន​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​​ក្នុង​ការ​កំណត់​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ទីក្រុង Tehran ​​​ក្រោយ​ស្វែង​រក​ការចរចា​​ជាង​មួយ​ទសវត្ស ជា​ថ្នូរ​នឹង​ការ​ដក​ទណ្ឌកម្ម​​​សេដ្ឋកិច្ច​។​

 

៤. ថ្ងៃ​ទី១៧ ​សីហា៖ ​​បំផ្ទុះ​គ្រាប់​បែក​កណ្ដាល​ក្រុង​បាង​កក សម្លាប់​មនុស្ស២៧នាក់ របួស​ជិត​១០០នាក់ ​ក្បែរ​ទីសក្ការបូជា Erawan

 

 

ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​បាន​កើត​​ឡើង​​នៅ​ចំណុចប្រសព្វ​ Ratchaprasong ​​សម្លាប់​មនុស្ស​ ១៩នាក់ ភ្លាមៗ ​​​មាន​ទាំង​ជន​បរទេស​ផង​ និង​​យ៉ាង​ហោច​ណាស់​​​ ​៨០ ​នាក់​​ផ្សេង​​ទៀត​រង​របួស។

 

ការ​បំផ្ទុះ​បាន​កើត​ឡើង​ប្រហែល​ម៉ោង​៧ យប់ ​ក្បែរ​រូប​សំណាក ​Brahmin ​នៅ​កន្លែង​បូជា​សាសនា Erawan ​ដែល​នៅ​ជិត​ចំណុច​ផ្លូវ​ប្រសព្វ​ដដែល​​​ ស្រប​ពេល​ដែល​មនុស្ស​កំពុង​ចូល​ទៅ​បួង​សួង និង​ធ្វើ​ដំណើរ​យ៉ាង​ច្រើន​កុះ​ករ។

 

៥. ខែ​សីហា៖ ​វិបត្តិ​ជន​ភៀស​ខ្លួន​នៅ​អឺរ៉ុប

 

 

​ចំនួន​​ជន​ភៀស​ខ្លួន​​ពី​ប្រទេស​មាន​សង្គ្រាម​​នៅ​ដើម​បូព៌ា ​ដូច​ជា​​ស៊ីរី​ជាដើម ​បាន​ធ្វើ​ដំណើរ​​ឆ្លង​កាត់​សមុទ្រ​មេឌីទែរ៉ាណេ​ទៅកាន់​អឺរ៉ុប​ក្នុង​ឆ្នាំ២០១៥​នេះ​ ដែល​មាន​ជាង ៧៥ម៉ឺន​នាក់ និង​បង្ខំ​​ឲ្យ​កើត​ជា​វិបត្តិ​ ដែល​ប្រទេស​ទាំង​នោះ​ត្រូវ​តែ​រក​វិធី​ដោះ​ស្រាយ។​​​

 

៦.​ ថ្ងៃទី​២៣ ខែ​កញ្ញា ៖ ផ្អើល​រត់​ជាន់​គ្នា​នៅ​​អារ៉ាប៊ីសាអ៊ូឌីត ​សម្លាប់​មនុស្ស​ ២១៧៧នាក់

 

 

សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ ​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​បុណ្យ​គប់​ដុំ​ថ្ម​​ប្រចាំ​ឆ្នាំ​ លើ​ទឹក​ដី​ដ៏​សក្ដិសិទ្ធិ របស់​អ្នក​កាន់​សាសនា​ឥស្លាម។ នេះ​ជា​សោកនាដកម្ម​លើក​ទីពីរ សម្រាប់​អ្នក​កាន់​សាសនា​ឥស្លាម ក្នុង​ខែតែមួយ។ កាលពី​ថ្ងៃ​ទី ១១ កញ្ញា មាន​អ្នក​ស្វែង​ធម៌​១០៩​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាក់​រលំ​ដង​រថយន្ត​សន្ទូច​ដែល​កំពុង​សាងសង់​ពង្រីក​វិហារ​នៅ​ក្រុង​ឡាម៉ិច។ បើ​តាម​ក្រសួង​សុខាភិបាល​អារ៉ាប៊ីសាអ៊ូឌីត មក​ពី​សាសនិក​ជនមួយចំនួន​គ្មាន​វិន័យ មិន​ស្ដាប់​សេចក្ដី​ណែនាំ​របស់​អ្នក​រៀបចំ​កម្មវិធី ដោយ​ងើប​ដើរ​ដោយ​មិន​គោរព​ម៉ោង និង​ទិស​នៃ​ការ​ដើរ ទើប​ត្រូវ​បុក​ទង្គិច​ជា​មួយ​ហ្វូង​មនុស្ស​មក​ពី​ទិស​បញ្ច្រាស​ទៀត។

 

៧. ​ថ្ងៃទី២៥ ​កញ្ញា៖​ ណាសា ប្រកាស​ថា​​​រក​ឃើញ​​មាន​ទឹក​ហូរ​លើ​ភព​អង្គារ

 

 

ណាសា​បាន​អះអាង​ថា​ចំណុច​ខ្មៅ​ដែល​ថត​ជាប់​លើ​ផ្ទៃ​​ភព​អង្គារ​នេះ ទំនង​ជា​កើត​ឡើង​ដោយ​សារ​មាន​ទឹក​ហូរ​ឆ្លង​កាត់ ឬ​ទឹក​ក្រោម​ដី​របស់​ភព។ សញ្ញា​ទាំង​នេះ​​មាន​ប្រវែង​វែង​ និង​ដាន​ជាប់​ខ្មៅ ខណៈ​រដូវ​បាន​ផ្លាស់​ប្ដូរ ដែល​ជា​ភស្តុតាង​លើក​ដំបូង​ដែល​ពុំ​ធ្លាប់​បាន​ជួប​ប្រទះ​លើ​ភព​ផ្សេង​ៗ និង​ជា​ជំហាន​ដំបូង​ដែល​គេ​​សន្និដ្ឋាន​ថា​អាច​មាន​ជីវិត​សត្វ​រស់​នៅ​ទី​នោះ។ ដាន​ទាំង​នេះ​បាន​កើត​មាន​ឡើង​នៅ​ច្រើន​ទី​តាំង​លើ​ភព​អង្គារ នៅ​ពេល​ដែល​សីតុណ្ហភាព​ស្ថិត​នៅ​-២៣​អង្សា និង​បាត់​ទៅ​វិញ​ដល់​ពេល​វា​ចុះ​ត្រជាក់។ ​

៨. ​ថ្ងៃទី១ តុលា៖ ​រុស្ស៊ី​បើក​ប្រតិបត្តិការ​វាយ​ ISIS ​នៅ​ស៊ីរី

 

 

​រុស្ស៊ី​​បាន​អនុម័ត​​យល់​ព្រម​​តាម​សំណើ​​របស់​ប្រធានាធិបតី​​លោក​ ពូទីន ​ក្នុង​ការ​បើក​​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ប្រទេស​ស៊ីរី​ប្រឆាំង ISIS គាំ​ទ្រ​ប្រធានាធិបតី​ស៊ីរី អាសាដ។ មក​ទល់​សព្វ​ថ្ងៃ​រុស្ស៊ី​កំពុង​បន្ត​វាយ​ និង​កម្ទេច​ទីតាំង ISIS ​បាន​រាប់​ពាន់​កន្លែង​ហើយ​​ដែរ។​

 

៩.​ ថ្ងៃទី៣០ ​តុលា៖ ​យន្តហោះ​​ដឹក​អ្នក​ដំណើរ​រុស្ស៊ី​​ ​ធ្លាក់​នៅ​ទីក្រុង​ស៊ីណៃ ប្រទេស​អេហ្ស៊ីប​ ស្លាប់​ទាំង២២៤នាក់

 

 

ការិយាល័យ​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​របស់​ប្រទេស​អេហ្សីប បាន​ដាច់​ការ​ទាក់​ទង​ជាមួយ​យន្តហោះ​ដែល​ដឹក​មនុស្ស​ ២២៤នាក់ ក្រោយ​ហោះ​ឡើង​ពី​សួន​កម្សាន្ត Red Sea ឆ្ពោះ​ទៅ​ប្រទេស​រុស្ស៊ី​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ។ យន្តហោះ​ដែល​ជួប​​គ្រោះ​ថ្នាក់​នោះ​ប្រភេទ Airbus A-321 ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Kogalymavia និង​លើ​យន្តហោះ​មាន​ដឹក​អ្នក​ដំណើរ ២១៧​នាក់ និង​ក្រុម​ការងារ ៧​នាក់។

 

១០. ថ្ងៃទី១៣ ខែ​វិច្ឆិកា៖ ក្រុម​ភេរវករ ISIS ​​បាញ់​រះ​នៅ​ក្រុង​ប៉ារីស​សម្លាប់​មនុស្ស ១២៩នាក់

 

 

​ហេតុការណ៍​បាញ់​រះ​​នេះ​បាន​​កើត​មាន​ឡើង​នៅ​ទី​កន្លែង​៦ផ្សេងៗ​គ្នា ​និង​ក្នុង​ពេល​តែ​មួយ គឺ​នៅ​វេលា​ម៉ោង​ប្រហែល​ជា​៩ ​និង​៣០​នាទី​ យប់​ថ្ងៃ​សុក្រ​ ទី​១៣​ វិច្ឆិកា។ ក្នុង​នោះ​​ភោជនីយដ្ឋាន​ខ្មែរ Le Petit Cambodge ​ដែល​ស្ថិត​ក្នុង​សង្កាត់​ទី១១​ ក្រុង​ប៉ារីស​ គឺ​ជា​ទី​ប្រជុំ​ជន ​ដែល​សំបូរ​មនុស្ស​ម្នា​ច្រើន​អ៊ូអរ ​ហើយ​ដែល​ភ្ញៀវ​ភាគ​ច្រើន ​ជា​ជនជាតិ​បារាំង ក៏​ត្រូវ​ក្រុម​នេះ​ចូល​បាញ់​គ្មាន​ប្រណី​ផង​ដែរ។ តាម​តួលេខ​​ចុង​ក្រោយ​អ្នក​ស្លាប់​ទាំង​អស់​មាន​ចំនួន ១២៩នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ បរទេស

អត្ថបទថ្មី