អ្នក​ជំនាញ​ថា ២០១៥ បរិមាណ​ភាពយន្ត​កើន​ឡើង ប៉ុន្តែ​គុណភាព​ថយ​ចុះ

  • 2015-12-16 13:17:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ចុង​ឆ្នាំ ២០១៥ នេះ មាន​ភាពយន្ត​ខ្មែរ​ប្រមាណ ៣០ រឿង​ហើយ បាន​ចាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​ក្នុង​ប្រទេស​កម្ពុជា កើន​ឡើង​ជាង​ឆ្នាំ ២០១៤ ដែល​មាន​ត្រឹម​តែ ២១ រឿង​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប។

 

 

មន្ត្រី​ជំនាញ​ដដែល​អះអាង​បន្ត​ថា យ៉ាង​ហោច​ណាស់ ក៏​នៅ​មាន​ភាពយន្ត​ប្រមាណ​ជិត ១០ រឿង​ផ្សេង​ទៀត​ផង​ដែរ កំពុង​ត្រៀម​ចាក់​បញ្ចាំ​ជា​បន្ត​បន្ទាប់​រហូត​ដល់​ដើម​ឆ្នាំ ២០១៦ ឯណោះ។ ប៉ុន្តែ​លោក​បាន​រិះគន់​ថា សមិទ្ធផល​កុន​ខ្មែរ​ទាំង​នោះ បែរ​ជា​ថយ​ចុះ​ផ្នែក​គុណភាព​ទៅ​វិញ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​កន្លង​មក ទាំង​ផ្នែក​បច្ចេកទេស ឬ​ជំនាញ​ផលិត​ជា​ដើម ដែល​ជា​កង្វល់​សម្រាប់​នាយកដ្ឋាន​របស់​លោក។

 

"បើ​រឿង​របស់​យើង អត់​មាន​គុណភាព​យ៉ាង​ដូច្នេះ មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​ភាពយន្ត​បរទេស​ចូល​មក​កាន់​ទីផ្សារ​យើង​ទេ ហើយ​ការ​គាំទ្រ​របស់​ទស្សនិកជន​ក៏​កាន់​តែ​បាត់បង់​ទៅ​ដែរ"។ លោក ស៊ិន ច័ន្ទសាយ៉ា ថ្លែង​មក​កាន់ Sabay ព្រឹក​នេះ។ លោក​បន្ត​ថា នាយកដ្ឋាន​ភាពយន្ត​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​កម្សោយ​គុណភាព​កុន​ខ្មែរ ហើយ​ជា​ជំហាន​ដំបូង​លោក​បាន​បង្កើត​ឱ្យ​មាន​មហោស្រព​ភាពយន្ត​ជាតិ ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​ពេល​ថ្មី​នេះ ដោយ​ក្នុង​ឱកាស​នោះ ក៏​មាន​សិក្ខាសាលា​ជជែក​ជាមួយ​ផលិតករ​ទាំង​អស់​រក​ដំណោះ​ស្រាយ​ផង​ដែរ។

 

ប្រធាន​នាយកដ្ឋាន​ឱ្យ​ដឹង​ទៀត​ថា មាន​តែ​ការ​ពង្រឹង​គុណភាព​របស់​ផលិតករ​ប៉ុណ្ណោះ ទើប​អាច​ជួយ​ស្រោចស្រង់​វិស័យ​ភាពយន្ត​ខ្មែរ ឱ្យ​រីក​ចម្រើន​ទៅ​មុខ​បាន និង​អូស​ទាញ​ទស្សនិកជន​មក​ទស្សនា​កុន​ខ្មែរ​ឡើង​វិញ។ នាយកដ្ឋាន​នឹង​ពង្រឹង​ការ​ត្រួត​ពិនិត្យ​លើ​អត្ថបទ​ភាពយន្ត​នានា មុន​ពេល​អនុញ្ញាត​រៀបចំ​ដំណើរ​ការ​ថត។ ដោយ​ឡែក ក្រសួង​វប្បធម៌ បាន​រៀបចំ​ស្រេចបាច់​ហើយ ដើម្បី​បើក​សាលា​បណ្ដុះបណ្ដាល​ជំនាញ​ភាពយន្ត បន្ទាប់​ពី​មើល​ឃើញ​ភាព​ទន់ខ្សោយ​ក្នុង​វិស័យ​នេះ៕

 

អត្ថបទ៖ សំ ជំនាញ