ក្រសួង​អប់រំ​ជំរុញ​សាលា​បណ្ដុះបណ្ដាល​បង្កើត​កម្មវិធី​សិក្សា​តាម​អនឡាញ

  • 2015-12-17 23:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​មើល​ឃើញ​ការ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (E-Learning) អាច​បង្កើន​ប្រសិទ្ធភាព​សិក្សា​របស់​សិស្ស​និស្សិត ក្រសួង​អប់រំ​បាន​ជំរុញ​ដល់​គ្រឹះស្ថាន​សិក្សា​ទាំង​ឡាយ​ឈាន​ទៅ​​ពង្រីក​កម្មវិធី​បណ្ដុះបណ្ដាល​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​បច្ចេកវិទ្យា​ព័ត៌មាន​នៅ​ក្នុង​វិស័យ​អប់រំ​ឲ្យ​មាន​ការ​លូតលាស់​បន្ថែម​ទៀត។

 

 

ឯកឧត្ដម បណ្ឌិត ហង់ ជួន​ណា​រ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​តាម​អ៊ីនធឺណិត​ជា​ប្រព័ន្ធ​សិក្សា​ថ្មី​ទំនើប ដែល​បាន​ដាក់​អនុវត្ត​យ៉ាង​ជោគជ័យ​នៅ​ក្នុង​ប្រទេស​ជឿនលឿន​ជាច្រើន​។ ប្រព័ន្ធ​សិក្សា​នេះ​ជំនួយ​សម្រាប់​និស្សិត​ដែល​មិន​សូវ​មាន​ពេល​វេលា​គ្រប់គ្រាន់​អាច​សិក្សា​ពី​ចម្ងាយ ​ចំណេញ​ពេលវេលា​និង​ផ្តល់​លទ្ធផល​ខ្ពស់​។

 

ទោះ​បី​កន្លង​ទៅ​មាន​គ្រឹះស្ថាន​សិក្សា​មួយ​ចំនួន​បាន​ដាក់​អនុវត្ត​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ E-Learning ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ជំរុញ​ឲ្យ​ប្រព័ន្ធ​តាម​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​អនុវត្ត​កាន់​តែ​ទូលំទូលាយ​នៅ​គ្រប់​ស្ថាប័ន​អប់រំ។

 

មជ្ឈមណ្ឌល​ Korea Software HRD ដែល​ជា​មជ្ឈមណ្ឌល​មួយ​ដែល​ទទួល​ស្គាល់​សម្រាប់​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​បច្ចេកទេស ក៏​មាន​កម្មវិធី​បង្រៀន​តាម​ប្រព័ន្ធ E-Learning ដល់​សិស្ស​និស្សិត។

 

លោក ចិន ភីរម្យ អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​​មជ្ឈមណ្ឌល​កូរ៉េ​សហ្វវែរ អេច អ ឌី បាន​ឲ្យ​ដឹង​ថា Khmer Academy បាន​ផលិត​វីដេអូ​ចំនួន ៧២៧ វីដេអូ​និង​គ្រោង​ធ្វើ​វីដេអូ​ជា​ច្រើន​ទៀត​ដើម្បី​សិស្ស​និស្សិត​អាច​សិក្សា​ស្រាវជ្រាវ​លើ​អ៊ីនធឺណិត។

 

លោក​បញ្ជាក់​ថា មាន​មុខ​វិជ្ជា​បង្រៀន​ជា​ច្រើន​​ដែល​សាលា​របស់​លោក​បាន​ដាក​សម្រាប់​សិស្ស​និស្សិត​សិក្សា​លើ​បណ្តាញ​អ៊ីនធឺណិត​ដូច​ជា ការ​បង្កើត​កម្មវិធី​លើ​ទូរសព្ ​ iOS , Android , ការ​​បង្កើត​ Website ការ​រចនា​ឌីហ្សាញ រួម​ទាំង​មុខវិជ្ជា​វិទ្យាសាស្រ្ត​សម្រាប់​សិស្សានុសិស្ស​នៅ​កម្រិត​វិទ្យាល័យ។

 

លោក​បន្ត​ថា ការ​នាំ​កម្មវិធី​សិក្សា​តាម​​បែប​ E-Learning ជួយ​ដល់​សិស្ស​និស្សិត​អាច​​សិក្សា​ស្វែង​យល់​​និង​​រៀន​ដោយ​ខ្លួន​ឯង​ ដែល​អាច​បណ្ដុះ​ស្មារតី​​សិក្សា និង​ការ​សម្រេច​​លទ្ធផល​ដ៏​ប្រសើរ។

 

វិទ្យាស្ថានជាតិ​ប្រៃសណីយ​ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍​និង​ព័ត៌មានវិទ្យា​​ NIPTICT ​ជាគ្រឹះស្ថាន​របស់​រដ្ឋ​​ទើប​បង្កើត​ថ្មី​​មួយ​ដែល​ផ្តោត​លើ​ការ​ បណ្តុះបណ្តាល​ជំនាញ​បច្ចេកវិទ្យា​បាន​បន្ថែម​ការ​សិក្សា​តាម​ប្រព័ន្ធ E-Learning ដើម្បី​​បង្កើន​​ប្រសិទ្ធភាព​​ដល់​សិស្ស​​និស្សិត​ដែល​សិក្សា​ជំនាញ​ បច្ចេកទេស។

 

លោក សេង សុភាព ​ប្រធានវិទ្យាស្ថានជាតិ​ប្រៃសណីយ​ ទូរគមនាគមន៍ និង​បច្ចេកវិទ្យាគមនាគមន៍​និង​ព័ត៌មានវិទ្យាបាន​ឱ្យ​ដឹង​ថា E-learning ជា​​​ប្រព័ន្ធ​​សិក្សាដ៏​​ទំនើប​ថ្មី​មួយ​​ដែល​វិទ្យាស្ថាន​​បាន​ដាក់​ បន្ថែម សម្រាប់​ជា​​ជំនួ​យ​ដល់​និស្សិត​កំពុង​សិក្សា​ជំនាញ​បច្ចេកវិទ្យា​​អាច​ ពង្រឹង​សមត្ថភាព​និង​ប្រសិទ្ធភាព​លើ​ការ​សិក្សា​កាន់​តែ​ប្រសើរ​។

 

លោក​ថា ការ​សិក្សា​តាម​ប្រព័ន្ធ E-Learning ​និស្សិត​អាច​សិក្សា​តាម​​​វីដេអូ សំឡេង​និង​ឯកសារ​នានា​​​ពី​គ្រប់​ទី​កន្លែង​ដែល​ផ្តល់​ភាព​ងាយស្រួល​នៅ​ពេល​ ពួកគេ​មាន​ចម្ងល់​និង​ចង់​​ស្វែង​យល់​​ការ​សិក្សា​បន្ថែម​​​​ទៅ​លើ​មេរៀន​ ដែល​បាន​រៀន​រួច។ ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ចាប់​ផ្ដើម​ដាក់​ឲ្យ​​និស្សិត​​សិក្សា​បណ្តើរ​ៗ​ តាំង​ពី​ឆ្នាំ​ទី១ ​រហូត​ដល់​ពួកគេ​ឡើង​ដល់​ឆ្នាំ​បន្តបន្ទាប់។

 

 

នៅ​ព្រឹកមិញ​នេះ មជ្ឈមណ្ឌល​ Korea Software HRDបាន​ចុះ​អនុសារណៈ​យោគយល់​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នៅ​ក្នុង​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

គោល​បំណង​សំខាន់​នៃ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​គឺ​ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ ចូលរួម​ចែក​រំលែក​ធនធាន​នៅ​កម្ពុជា​តាមរយៈ​កម្មវិធី​សិក្សា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (E-Learning) ដែល​អាច​ជួយ​ដល់​ការសិក្សា​ស្រាវជ្រាវ​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល។

 

 

អត្ថបទ៖ រក្សា