វីរនារី កែ ឡេង មាន​ប្រវត្តិ​​យ៉ាង​ណា មុនក្បួន​ដង្ហែ​​ធំរសៀល​ថ្ងៃ​នេះ?

  • 2015-04-09 15:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីដង្ហែ​អបអរសាទរ​ដល់​វីរនារី កែ ឡេង ចាប់​ផ្តើម​នា​រសៀល​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៥​នេះ​ហើយ​នៅ​រាជធានី​ភ្នំពេញ។ មុន​​ដង្ហែ​ចេញ​ទៅ​តាម​ដង​ផ្លូវ សម្តេច ហ៊ុន សែន ត្រូវ​បំពាក់​គ្រឿង​ឥស្សរិយយស​ជាតិ​ថ្នាក់​មហា​សេរីវឌ្ឍន៍​ដល់​អ្នក​ស្រី កែ ឡេង និងផ្តល់​ប្រាក់​រង្វាន់​ច្រើន​ថែម​ទៀត​នៅ​វិមាន​សន្តិភាព។  

មុន​នឹង​ទទួល​​​ពិធី​​​មហាកិត្តិយស​ថ្នាក់​ជាតិ​នេះ តើ​កីឡាការិនី​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជារូប​នេះ​មាន​ប្រវត្តិ​យ៉ាង​ណា និង​បាន​​សាង​ស្នាដៃ​អ្វី​ខ្លះ​ដល់​ប្រទេស​ជាតិ?​

 

 

កីឡា​ការិនី កែ ឡេង

 

ដំណើរ​ជីវិត​ជា​ក្មេង​កំព្រា   កែ ឡេង កើត​នៅ​ឆ្នាំ ១៩៦២ ​​នៅ​ស្រុក រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។ ដើម​ឡើយ​គាត់​​​រស់​នៅ​ជាមួយ​ម្ដាយ​ឯ​ស្រុក​កំណើត​ ប៉ុន្តែ​ចូល​ដល់​ឆ្នាំ ១៩៨០ ម្ដាយ​បាន​​លា​ចាក​លោក ទើប​បាន​ប្ដូរ​លំនៅ​មក​រស់​នៅ​ភ្នំពេញ​ជាមួយ​បង​ស្រី។

 

កីឡា​ដែល​ កែ ឡេង ចាប់​ជា​អាជីព​ដំបូង​ឡើយ​គឺ​បាល់ទះ។ ​ឆ្នាំ ១៩៨២ មាន​ការ​ប្រកាស​ជ្រើសរើស​កីឡា​​ការិនី​បាល់ទះ​ប្រចាំ​កងយោធពលខេមរភូមិន្ទ ​ហើយ​គាត់​​បាន​​​សម្រេច​ចិត្ត​​ដាក់​ពាក្យ​ចូលរួម​ជាមួយ​គេ ព្រោះ​គិត​ថា​ ខ្លួន​ជា​ស្រី ហើយ​​ក្មេង​កំព្រា​ទៀត​ ​ក៏​សម្រេច​ចិត្ត​​ផ្ញើ​ជីវិត​លើ​កីឡា​ ដោយ​គិត​ថា គេ​អាច​គ្រប់គ្រង ផ្ដល់​កន្លែង​ស្នាក់​នៅ និង​ផ្ដល់​ការ​​ហូបចុក បាន។ អំឡុង​ពេល​ជា​កីឡា​ការិនី​បាល់ទះ កែ ឡេង ក៏​បាន​ជាប់​ឈ្មោះ​ជា​បុគ្គលិក​ក្នុង​ក្រសួង​ការពារ​ជាតិ​តែ​ម្ដង​រហូត​ដល់​សព្វ​ថ្ងៃ។

 

ឆ្នាំ ១៩៨៧ ​​ស្ត្រី​ជា​ក្មេង​កំព្រា​ម្នាក់​នេះ​​​​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​​​ម្នាក់​ជា​កងទ័ព​ជើង​គោក ហើយ​សព្វ​ថ្ងៃ​មាន​កូន ២ នាក់​ដែល​​​​កូន​ប្រុស​ជា​មន្រ្តី​នៅ​ក្រសួង​ការពារជាតិ និង​ចូលចិត្ត​លេង​ប៉េតង់​​ដូច​ម្ដាយ​ដែរ ខណៈ​​កូន​ស្រី​​​ពៅ​កំពុង​សិក្សា​​នៅ​​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

 

 

 កែ ឡេង ឈ្នះ​មេដាយ​មាស​Sea Game ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​ណាហ្គាវើល

 

ដើមចម​ចាប់​អាជីព​ជា​កីឡា​ការិនី​​ប៉េតង់   ឆ្នាំ ១៩៩៧ ក្រសួងការពារជាតិ​បាន​រំសាយ​ក្រុម​បាល់ទះ​នារី ទើប​ធ្វើ​ឱ្យ​​អ្នក​ស្រី កែ ឡេង ប្ដូរ​អាជីព​​ទៅ​ហាត់​កីឡា​ប៊ូល​វិញ។ ចូល​ហាត់​កាល​នោះ​គ្រូ​បង្វឹក​មិន​ចង់​​ជ្រើស​យក​​ទេ ដោយ​ចង់​បាន​​តែ​កីឡា​ការិនី​ណា​ដែល​មាន​ចរិត​ជា​ភេទ​ទី៣ (ស្រី​​ចារឹក​ប្រុស​​) ​ច្រើន​ជាង ព្រោះ​ងាយ​នឹង​ហ្វឹកហាត់។ ដោយ​ចង់​ឈ្នះ​ចិត្ត​គ្រូ​បង្វឹក កែ ឡេង ខិត​ខំ​ហ្វឹកហាត់​​ និង បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​រហូត​គ្រូ​បង្វឹក​លាន់​មាត់​សរសើរ។

 

ដំណើរ​​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​លើក​ដំបូង​ហើយ​ឈ្នះ​មេដាយ​មាស​តែ​ម្ដង ឆ្នាំ ១៩៩៨ សហព័ន្ធ​កីឡា​ប៊ូល និង ប៉េតង់​កម្ពុជា បាន​រៀបចំ​​ប្រកួត​ជ្រើសរើស​ជើង​ឯក​ជាតិ​ថ្នាក់​ជាតិ ​ដោយ​​មាន​កីឡាករ​កីឡា​ការិនី​ជា​ច្រើន​មក​ចូលរួម​ប្រកួត​ ប៉ុន្ដែ​ជា​លទ្ធផល​មាន​តែ កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ តែ​ប៉ុណ្ណោះ​ដែល​មាន​ឈ្មោះ​ជាប់​ជម្រើស​ជាតិ។ អ្នក​ទាំង២ ជា​ក្រុម​ស្រ្តី​មុន​គេ​តំណាង​ឱ្យ​​កម្ពុជា​ចេញ​ប្រកួត​ក្នុង​​ពាន​រង្វាន់​ជើង​ឯក​អាស៊ី​​នៅ​សិង្ហបុរី​ឆ្នាំ ១៩៩៩។ ជា​លទ្ធផល​អ្នក​ទាំង ២ ដណ្ដើម​បាន​មេដាយ​មាស ក្រោយ​បំបាក់​​ក្រុម​ថៃ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

 
 

កេ ឡេង និង មិត្តរួម​ក្រុម​ឈ្នះ​​ពាន​រង្វាន់ នៅ​ជើង​ឯក​អាស៊ី​លើក​ទី​១៧ នៅ​ឥណ្ឌូណេស៊ី​

 

ធ្វើ​​យ៉ាង​ម៉េច​​ទើប​ក្លាយ​​ជា​ជើង​ខ្លាំង​កីឡា​ប៉េតង់?  

 តាម​បទពិសោធន៍​របស់​កីឡា​ការិនី​ឆ្នើម​​របស់​កម្ពុជា​រូប​នេះ​ ដើម្បី​​លេង​ប៉េតង់​ឱ្យ​បាន​ខ្លាំង​ហើយ​ជោគជ័យ​នៅ​ពេល​ប្រកួត កីឡាករ កីឡាការិនី ត្រូវ​តែ​ខិតខំ​ហ្វឹកហាត់ ដឹង​បច្ចេកទេស បូក​ផ្សំ​ទាំង​មាន​ឆន្ទៈ​ច្បាស់​លាស់។ ចំណែក​ពេល​ប្រកួត​ត្រូវ​សង្កេត​មើល​ឱ្យ​ច្បាស់​ពី​ចំណុច​ខ្លាំង និង ខ្សោយ​របស់​គូ​ប្រកួត ងាយ​នឹង​យក​ឈ្នះ​គេ។

 

ដំណើរ​ក្នុង​ការ​​ឈ្នះ​មេដាយ​ពិភពលោក​របស់ កែ ឡេង  

 ព្រឹត្តិការណ៍​កីឡា​ប៉េតង់​លំដាប់​ពិភពលោក​សម្រាប់​ស្រ្ដី Women’s Pétanque World Championships 2013 រៀបចំ​នៅ​ទីក្រុង Montauban ប្រទេស​បារាំង ចាប់​ពី​ថ្ងៃ​ទី ៤ ដល់ ៦ តុលា ឆ្នាំ ២០១៣ ដោយ​ ​មាន​វិញ្ញាសា​ប្រកួត​ចំនួន ២ គឺ​​វិញ្ញាសា​សា​​វាយ​យក​ពិន្ទុ និង វិញ្ញាសា វាយ​​ក្រុម​៣​នាក់។

 

ជា​លទ្ធផល​កីឡា​ការិនី​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​​​វិញ្ញាសា​​វាយ​យក​ពិន្ទុ និង មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា វាយ​​ក្រុម​៣​នាក់។

 

កីឡា​ការិនី កែ ឡេង ជើង​ខ្លាំង​ខាង​កីឡា​ប៉េតង់​របស់​កម្ពុជា បាន​ចេញ​មុខ​​ប្រកួត​ក្នុង​វិញ្ញាសា​វាយ​​យក​ពិន្ទុ រហូត​ដណ្ដើម​បាន​មេដាយ​មាស។ ជំហាន​ដំបូង​កីឡា​ការិនី កែ ឡេង បាន​ប្រកួត​វាយ​សន្សំ​ពិន្ទុ​​ជាប់​ចំណាត់​ថ្នាក់​លេខ ៦ ខណៈ​គណៈកម្មាធិការ​ប្រកួត​ជ្រើស​យក ១៦ នាក់​ឡើង​ទៅ​ប្រកួត​វគ្គ ១ / ៨។ ចំណែក​ឯ​កីឡា​ការិនី​ជាប់​ចំណាត់​ថ្នាក់​ពី​លេខ ១៧ ដល់ ៤៣ ត្រូវ​ប្រកួត​គ្នា​ដណ្ដើម​ពាន​ចំណាត់​ថ្នាក់​ទី២ គឺ​ Coupe De Nations ឬ Nation Cup។

 

 

កែ ឡេង ពាក់​មេដាយ​មាស ជើងឯកពិភពលោក

 

វគ្គ​ពាក់​ ៨ នាក់​​ចុង​ក្រោយ កែ ឡេង របស់​កម្ពុជា​បាន​ផ្ដួល​ កីឡា​ការិនី Simona Bagala របស់​អ៊ីតាលី ដើម្បី​យក​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ចូល​ដល់​វគ្គ​ ១/២ ផ្ដាច់ព្រ័ត្រ​កីឡា​ការិនី​​របស់​កម្ពុជា​នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដោយ​យក​ឈ្នះ​កីឡា​ការិនី Josepha Randriamiandrisoa របស់​ប្រទេស​ Madagascar មក​ពី​ទ្វីប​អាហ្វ្រិក។ នៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​ កីឡា​កែ ឡេង បំបាក់​កីឡា​ការិនី Mouna Baji របស់​ប្រទេស​​ទុយណេស៊ី​ក្នុង​លទ្ធផល ៣៨ ពិន្ទុ ទល់​នឹង ២៧ ដើម្ប​ក្រសោប​បាន​មេដាយ​មាស​​ពិភព​លោក​​ជួន​ជាតិ។

 

 សរុប​លទ្ធផល​វិញ្ញាសា​នេះ កែ ឡេង របស់​កម្ពុជា​ឈ្នះ​មេដាយ​មាស ខណៈ​មេដាយ​ប្រាក់​​បាន​ទៅ កីឡា​ការិនី Mouna Baji របស់​​ទុយណេស៊ី។ មេដាយ​សំរឹទ្ធ​ស្ទួន​បាន​ទៅ កីឡា​ការិនី Randriamiandrisoa របស់​ប្រទេស​ Madagascar ​និង កីឡា​ការិនី Muriel Hess របស់​អាល្លឺម៉ង់។

 

ចំពោះ​​វិញ្ញាសា​វាយ​ក្រុម​៣​នាក់​ ក្រុម​កីឡា​ការិនី​កម្ពុជា​​​មាន​ឱកាស​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​តែ​​បែរ​ជា​​​ភ្លាត់​​នៅ​​ក្រោម​ថ្វី​ដៃ​ជម្រើស​ជាតិ​ថៃ ក្នុង​លទ្ធផល ១៣ ពិន្ទុ ទល់ ៧ ពិន្ទុ។ ដូច្នេះ​កម្ពុជា​ និង កាណាដា ឈរ​នៅ​លេខ ៣ ស្ទួន ទទួល​បាន​មេដាយ​សំរឹទ្ធ ខណៈ​ថៃ ដណ្ដើម​បាន​មេដាយ​មាស។ ចំណែក​ម្ចាស់​ផ្ទះ បារាំង​ ខក​ចិត្ត​បាន​ត្រឹម​មេដាយ​ប្រាក់។

 

 

គោលបំណង​ទៅ​អនាគត  

ដោយ​ដើរ​លើ​ផ្លូវ​កីឡា​ប៉េតង់​មក​ជាង ២០ ឆ្នាំ​ហើយ កីឡា​ការិនី កែ ឡេង នឹង​ឈប់​សម្រាក​ពី​កីឡា​ប៉េតង់​នៅ​ឆ្នាំ​ក្រោយ ដោយ​បែរ​​ទៅ​ណែ​នាំ​ និង​ទុក​ឲ្យ​​​ថ្នាល​យុវតី​​ចូល​មក​​ជំនួស​កន្លែង​ខ្លួន​ម្ដង។ “មាន​ពេល​ខ្លះ​ក្មេងៗ​ គ្នា​ល្អ​ហើយ តែ​បើ​យើង​ជួយ​ណែនាំ​ផ្លូវ​​ត្រូវ​ឱ្យ​គ្នា​ទៀត​នោះ​ កាន់​តែ​ល្អ​ថែម​ទៀត។ កុំ​អោយ​ដូច​​ពួក​ខ្ញុំ​ដំបូង​ឡើយ​គ្មាន​ដឹង​អី​សោះ”។  កែ ឡេង បញ្ជាក់៕

 

ចំនួន​មេដាយ​ កែ ឡេង ដណ្ដើម​បាន​ក្នុង​ឆាក​អន្តរជាតិ គិត​តឹ្រម​​ដើម​ឆ្នាំ ២០១៥

ឆ្នាំ​

នៅ​ប្រទេស​

ពាន​រង្វាន់​

មេដាយ​

ផ្សេងៗ

កញ្ញា ១៩៩៩

សិង្ហបុរី​

ជើង​ឯក​អាស៊ី​លើក​ទី៣ ​

មាស ១

កញ្ញា ២០០១​

ម៉ាឡេស៊ី​

ស៊ីហ្គេម​លើក​ទី​២១

មាស ១​

តុលា ២០០១​

កម្ពុជា​

ជើង​ឯក​អាស៊ី​លើក​ទី៥

សំរឹទ្ធ ១​

កញ្ញា ២០០២​

ម៉ាឡេស៊ី​

ជើង​ឯក​អាស៊ី​លើក​ទី​៦

មាស ១​

មិនា ២០០៣​

វៀតណាម​

ពាន​ប៉ាន់​ប៉ាស៊ីហ្វិច​

ប្រាក់ ១

តុលា​ ២០០៣​

ថៃ​

ជើង​ឯក​អាស៊ី​លើក​ទី៧

មាស ១ ​

ពាន​សមាគម​

វិច្ឆិកា ២០០៣

វៀតណាម

ស៊ីហ្គេម​​លើក​ទី​២២

ប្រាក់ ១ ​

ធ្នូ ២០០៤​​

វៀតណាម​

ជើង​ឯក​អាស៊ី​លើក​ទី​៨​

សំរឹទ្ធ ១ ​

តុលា ២០០៥​

ជប៉ុន​

ជើង​ឯក​អាស៊ី​លើក​ទី​៩​

ប្រាក់​ ​១ សំរឹទ្ធ​១

វិច្ឆិកា ២០០៥

ហ្វីលីពីន​

ស៊ីហ្គេម​​លើក​ទី​២៣​

ប្រាក់ ១ សំរឹទ្ធ ១

កញ្ញា ២០០៦​

វៀតណាម​

ជើង​ឯក​អាស៊ី​​លើក​ទី​១០​

មាស ១ សំរឹទ្ធ១

កុម្ភៈ ២០០៧​

កម្ពុជា​

ប៉ាន់ប៉ាស៊ីហ្វិច

ប្រាក់ ១​

កញ្ញា ២០០៧​

ថៃ​

ជើង​ឯក​អាស៊ី​លើក​ទី​១១

មាស ១ សំរឹទ្ធ ១​

វិច្ឆិកា ២០០៧​

ថៃ​

ស៊ីហ្គេម​លើក​ទី ២៤​

ប្រាក់ ១​

កញ្ញា ២០០៨​

វៀតណាម​

វប្បធម៌​ហូជីមិញ​

មាស ១​

វិច្ឆិកា ២០០៩​

វៀតណាម​

អាស៊ីអ៊ីនឌ័រហ្គេម​

សំរឹទ្ធ ១​

កញ្ញា​

វៀតណាម​

វប្បធម៌​​ភ្នំពេញ-ហូជីមិញ​

មាស​ ១​

ធ្នូ ២០០៩​

ឡាវ​

ស៊ីហ្គេម​លើក​ទី ២៥​

សំរឹទ្ធ ១​

ធ្នូ ២០១០​

ឡាវ​

ជើង​ឯក​អាស៊ី​លើក​ទី ១៤​

មាស​ ១

ពាន​សមាគម​

ធ្នូ ២០១០​

ឡាវ​

ជើង​ឯក​ស្រី្ត​អាស៊ី​

ប្រាក់ ១

ធ្នូ ២០១០​

ឡាវ​

នារី​ឆ្នើម​តំបន់​អាស៊ី​

មាស ១​

ប្រាក់ ១​

វិច្ឆិកា ២០១១​

ឥណ្ឌូណេស៊ី​

ស៊ីហ្គេម​លើក​ទី ២១​

សំរឹទ្ធ ១​

ធ្នូ ២០១១​

ថៃ​

ជើង​ឯក​អាស៊ី​លើក​ទី​១៥​

មាស ១

សំរឹទ្ធ ១​

ធ្នូ ២០១២​

វៀតណាម​

ជើង​ឯក​អាស៊ី​លើក​ទី​១៦​

មាស ១​

ប្រាក់ ១

កញ្ញា ២០១៣​

បារាំង​

ជើង​ឯក​ស្រ្តី​ពិភពលោក​លើក​ទី ១៤​

មាស ១​

សំរឹទ្ធ ១​

តុលា ២០១៣​

ឥណ្ឌូណេស៊ី

ជើង​ឯក​អាស៊ី​លើក​ទី​១៧​

ប្រាក់ ១

សំរឹទ្ធ ១​

ធ្នូ ២០១៣​ មីយ៉ាន់ម៉ា​ ស៊ីហ្គេម​លើក​ទី ២២

មាស ១​

ខែ មីនា ២០១៥ កម្ពុជា​ ជើង​ឯក​ប៉េតង់​អាស៊ាន​លើក​ទី២

មាស​ ២

 

 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី