សរ សី ​ត្រៀម​ចេញ​ទៅ​បង្ហាត់ និង​ឡើង​សង្វៀន​នៅ​ជប៉ុន ១ឆ្នាំ

  • 2015-12-21 17:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ សរ សី រួម​ទាំង​អ្នក​​ប្រដាល់​កម្ពុជា ៣​រូប​ផ្សេង​ទៀត នឹង​ឡើង​យន្តហោះ​ចេញ​ទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ ដើម្បី​បង្ហាត់​ព្រម​ទាំង​​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡាករ​បរទេស និង​ជប៉ុន ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍​រយៈ​ពេល​មួយ​ឆ្នាំ​ពេញ។

 

កីឡាករ សរ សី

 

សរ សី បាន​​ប្រាប់ Sabay ថា រូប​គេ​នឹង​ចេញ​ទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី០៥ ខែ​មករា​ខាង​មុខ ដើម្បី​បង្ហាត់​កីឡាករ​ប្រដាល់​នៅ​ប្រទេស​ជប៉ុន ព្រម​ទាំង​ឡើង​សង្វៀន​ប្រកួត​ដក​ស្រង់​បទ​ពិសោធន៍​រៀងរាល់ ១​ខែ​ម្ដង។ អ្នក​ប្រដាល់​វ័យ​ចាស់​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា មាន​កីឡាករ ៣​រូប​ផ្សេង​ទៀត​ក៏​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ជាមួយ​គ្នា ដែល​ក្នុង​នោះ​មាន កីឡាករ ទិត្យ សុវណ្ណគិរី, ខុន រាជ និង រិទ្ធ អារុណ។

 

ការ​ធ្វើ​ដំណើរ​ទៅ​ចេញ​ទៅ​ក្រៅ​​ប្រទេស​រយៈ​ពេល​មួយ​ឆ្នាំ​នេះ គឺ​ភាគី​ជប៉ុន​ជា​អ្នក​ទាក់​ទង​មក និង​រៀប​ចំ​ឲ្យ​ទាំង​អស់ ដោយ​មាន​ការ​យល់​ព្រម​ពី​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា។ សរ សី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ខ្លួន​អាច​ទទួល​បាន​ប្រាក់​ខែ​ប្រហែល ៥០០​ដុល្លារ។ ចំពោះ​ការ​ឡើង​ប្រកួត​មួយ​ខែ​ម្ដង ទទួល​បាន ៣០០​ដុល្លារ និង​ឈ្នះ ៤០០​ដុល្លារ ឬ​អាច​លើស​ពី​នេះ ប្រសិន​បើ​សមត្ថភាព​ខ្លាំង និង​មាន​​បទពិសោធន៍​ខ្ពស់។

 

សរ សី ជា​កីឡាករ​ប្រដាល់​តស៊ូ​ម្នាក់ ព្រោះ​ត្រូវ​ទទួល​បន្ទុក​រ៉ាប់​រង​គ្រួសារ​ទាំង​មូល ដែល​មាន​កូន ៣​នាក់ និង​ក្មួយ ២​នាក់ ព្រម​ទាំង​ម្ដាយ​ចាស់​ម្នាក់​នៅ​ជាមួយ។ កីឡាករ​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​សង្ឃឹម​ថា បន្ទាប់​ពី​ត្រលប់​មក​ពី​ប្រទេស​ជប៉ុន​វិញ រូប​គេ​អាច​រក​ប្រាក់​ខ្លះ​មក​រំលោះ​បំណុល និង​ផ្គត់​ផ្គង់​គ្រួសារ៕

 

ចុចអាន៖ សរ សី ស៊ូ​សម្រក់​ញើស​ឈាម​លើ​សង្វៀន គ្រាន់​បើ​ជាង​​ធ្វើ​សំណង់​សម្រក់​ទឹក​ភ្នែក

ចុចអាន៖ សរ សី ប្រឹងប្រែង​​​រហូត​ឈ្នះ ​ជីម ចិត្រា ​ដណ្ដើម​បាន​ប្រាក់​ ២ពាន់​ដុល្លារ​នៅ One Championship

 

អត្ថបទ៖ គង់ វិសាល