ជម្រើស​​ជាតិ​​ថៃ​​ និង​​ SCG​ Muangthong​ United​ ៣​​នាក់​​បង្ហាញ​​ចំណាប់​​អារម្មណ៍​​មុន​​មក​កម្ពុជា​​

  • 2016-01-11 15:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ជម្រើស​ជាតិ​ថៃ​ និង​ក្រុម​ SCG Muangthong United ​ចំនួន​៣​រូប​បាន​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ដំណើរ​ការ​ប្រកួត​ទេសចរណ៍​ SCG Muangthong United Asean Tour 2016​ ដែល​នឹង​ជួប​ក្រុម​ K-Cement Cambodian All Stars នា​ថ្ងៃ​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​នៅ​រាជ​ធានី​ភ្នំពេញ​ ហើយ​ពួក​គេ​សុទ្ធ​តែ​សង្ឃឹម​ថា ​វិស័យ​កីឡា​នៅ​តំបន់​អាស៊ាន​កាន់​តែ​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ។

 

 

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​​​​ថៃ​ និង​ SCG Muangthong United កីឡាករ​​ Kawin Thamsatchanan បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​កម្ពុជា​ថា​ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ K-Cement Cambodian All Stars នា​ថ្ងៃ​ទី​១៦​ ខែ​មករា​ខាង​មុខ​នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​ក្រុម​លោក​សម្រាប់​​ការ​បើក​រដូវ​កាល​ថ្មី​ និង​ជា​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​ដែល​បាន​​​ប្រកួត​ជា​មួយ​ក្រុម​កម្ពុជា។

 

អ្នក​ចាំ​ទី​រូប​នេះ​បាន​និយាយ​ថា ៖«ខ្ញុំ​ធ្លាប់​ជួប​ក្រុម​កម្ពុជា​ច្រើន​ប្រកួត​ហើយ​ ហើយ​ខ្ញុំ​គិត​ថា​ សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ​ក៏​មិន​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ។ បច្ចុប្បន្ន​នេះ ​កីឡាករ​កម្ពុជា​ក៏​​មាន​សមត្ថភាព​ខ្លាំង​ដែរ»។

 

ចំណែក​ខ្សែ​បម្រើ​​ល្បី​ឈ្មោះ​រូប​សង្ហា​ Sarach Yooyen ក៏​ធ្លាប់​បាន​លេង​តទល់​នឹង​ក្រុម​កីឡាករ​កម្ពុជា​ច្រើន​ប្រកួត​ដែរ។ ខ្សែ​បម្រើ​ជម្រើស​ជាតិ​ថៃ​ និង​ SCG Muangthong United​ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ចាប់​អារម្មណ៍​នឹង​ខ្សែ​បម្រើ​កម្ពុជា​មួយ​រូប​ដែល​មាន​ជំនាញ​ជើង​ឆ្វេង​ ប៉ុន្តែ​លោក​មិន​ចាំ​ឈ្មោះ​ តែ​បើ​ឃើញ​មុខ​ លោក​នឹង​ស្គាល់។

 

 

Yooyen បាន​និយាយ​ថា ៖«ទោះ​ជា​ក្រុម​ខ្ញុំ​ខ្លាំង​ ក៏​ក្រុម​របស់​ខ្ញុំ​នៅ​តែ​មិន​ធ្វេសប្រហែស​ឡើយ គឺ​ប្រឹង​​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ស្វាគមន៍​តំបន់​សេដ្ឋកិច្ច​អាស៊ាន។ ខ្ញុំ​មើល​ឃើញ​ថា​ មិន​ត្រឹម​តែ​កីឡា​បាល់ទាត់​កម្ពុជា​ទេ​ សូម្បី​តែ​បាល់ទាត់​នៅ​តំបន់​អាស៊ាន​ផ្សេង​ទៀត​ក៏​រីក​ចម្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ។ ខ្ញុំ​មាន​គោល​បំណង​ចង់​ឲ្យ​បាល់ទាត់​នៅ​តំបន់​អាស៊ាន​លេច​មុខ​លើ​ឆាក​អន្តរជាតិ​ដូច​ជា​តំបន់​អឺរ៉ុប​ដែរ»។

 

ខ្សែ​បម្រើ​ដ៏​ប្រជា​ប្រិយ​រូប​នេះ​រីក​រាយ​ដែល​បាន​មក​លេង​នៅ​កម្ពុជា​ និង​សំណូម​ពរ​ឲ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ ទាំង​អ្នក​គាំទ្រ​​​របស់​ K-Cement Cambodian All Stars និង​អ្នក​គាំទ្រ​ SCG Muangthong United ចូល​រួម​ទាំង​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ។

 

ចំណែក​ខ្សែ​ប្រយុទ្ធ​ល្បី​ប្រចាំ​ជម្រើស​ជាតិ​ថៃ​ Teerasil Dangda បាន​​ផ្តោត​សំខាន់​លើ​ការ​ប្រកួត​ដើម្បី​មិត្តភាព​ សាមគ្គីភាព​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍។ ខ្សែ​ប្រយុទ្ធ​ SCG Muangthong United​ ដែល​ធ្លាប់​ទៅ​លេង​នៅ​លីក​កំពូល​អេស្ប៉ាញ​រូប​នេះ​​និយាយ​ថា​ ៖«សម្រាប់​ការ​ប្រកួត​នេះ​គឺ​ជា​ការ​ជំរុញ​​លើក​កម្ពស់​វិស័យ​កីឡា​បាល់ទាត់​មួយ។ ទោះ​ជា​ដឹង​ថា​ ក្រុម​ខ្ញុំ​ខ្លាំង​ តែ​ក៏​មិន​មែន​គិត​តែ​វាយ​សម្រុក​រឿង​ចាញ់​ឈ្នះ​​ដែរ តែ​គិត​លើ​មិត្តភាព​ សាមគ្គីភាព​ជា​ធំ»។

 

សូម​ទស្សនា វីដេអូ​អំពី​ចមណាប់​អារម្មណ៍​​កីឡាករ​ទាំង​៣​នាក់  

  ក្រុម​ K-Cement Cambodian All Stars ដែល​ប្រមូល​ផ្តុំ​ដោយ​កីឡាករ​កម្ពុជា​ និង​កីឡាករ​បរទេស​ប្រកប​អាជីព​នៅ​លីគ​កម្ពុជា​នឹង​ទទួល​ស្វាគមន៍​ក្រុម​លេខ​២​របស់​ថៃ​គឺ​ SCG Muangthong United នា​ថ្ងៃ​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៦​ខាង​មុខ​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ រាជធានី​ភ្នំពេញ។ សំបុត្រ​ចូល​ទស្សនា​តម្លៃ​១​ដុល្លារ​ និង​២​ដុល្លារ​ ហើយ​ចំណូល​ទទួល​បាន​ការ​លក់​សំបុត្រ​ទាំង​អស់​​នឹង​បរិច្ចាគ​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា៕

 

ព័ត៌មាន​បន្ថែម សូម​ចុច៖ SCG MTUTD ASEAN TOUR Cambodia    

 

 

អត្ថបទ៖ ជាន ចាន់រ៉ា​​

អត្ថបទថ្មី