ទិត្យ វិច្ឆិកា ប្រាប់ដំណើររឿងទាំងអស់នាំឱ្យ វណ្ណ មករា ស្លាប់
- 2016-01-11 21:22:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិត្យ វិច្ឆិកា ប្រាប់ដំណើររឿងទាំងអស់នាំឱ្យ វណ្ណ មករា ស្លាប់
ចន្លោះមិនឃើញ
តារាចម្រៀង ទិត្យ វិច្ឆិកា បានប្រាប់ថា វណ្ណ មករា ស្លាប់ក៏ព្រោះតែជួបគ្រោះថ្នាក់ចរាចរណ៍ពីរលើកផ្ទួនៗគ្នា ហើយដូចជាមានអ្វីមករារាំងរូបលោកមិនឱ្យជួយប្អូនធម៌រូបនេះបាន។
“ខ្ញុំព្យាយាមជួយប្អូនណាស់បង តែដូចមានអ្វីមករាំងមិនឱ្យជួយទាន់តែម្ដង ទៅយឺតបន្តិចរហូតទាំងពីរលើក"។ ទិត្យ វិច្ឆិកា ថ្លែងមកកាន់ Sabay។ លោកបន្តថា ករណីក្រឡាប់រថយន្តនៅស្រុកព្រៃនប់ បានបណ្ដាលឱ្យ វណ្ណ មករា រងរបួសស្រាលប៉ុណ្ណោះ ដោយគ្រាន់តែមានអាការៈចុកទ្រូង ប៉ុន្តែនៅដឹងខ្លួនធម្មតា ហើយលោកបានបញ្ជូនមករាជធានីភ្នំពេញភ្លាមៗ។
ពេលរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករបួសមកដល់តំបន់ពេជ្រនិល ក៏ស្រាប់តែផ្ទុះកង់ក្រឡាប់ទៀត ធ្វើឱ្យប្អូនធម៌របស់លោករងគ្រោះជាថ្មី ហើយស្លាប់ភ្លាមៗតែម្ដង។ ប្រភពដដែលអះអាងថា លោកជាមួយអ្នករួមដំណើរទាំងអស់ បានចំណាយពេលជាង ២០ នាទី ទើបអាចគាស់យកសពចេញពីរថយន្តសង្គ្រោះបាន។
ជាមួយគ្នានោះ ប្រភពដដែលបញ្ជាក់ថា ដូចជាមានភាពចៃដន្យពេកហើយចំពោះករណីក្រឡាប់រថយន្តទាំងពីរលើក ដែលកើតមានចំពោះ វណ្ណ មករា ។ ហើយសូម្បីតែរថយន្តដែលលោកជិះតាមក្រោយ ក៏មានភាពរអាក់រអួលតាំងពីចេញដំណើរទៅដែរ។ លោកសោកស្ដាយ ដែលមិនអាចជួយសង្គ្រោះប្អូនធម៌បាន។ ទិត្យ វិច្ឆិកា សូមឧទ្ទិសបុណ្យកុសល ដែលបានធ្វើជាមួយប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយាល ជួយបំភ្លឺផ្លូវ វណ្ណ មករា ទៅកាន់ឋានសួគ៌៕
អត្ថបទ៖ សំ ជំនាញ