គ្រួសារសពតារាចម្រៀង វណ្ណ មករា ទទួលបច្ច័យចូលបុណ្យពី Sabay
- 2016-01-12 18:12:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រួសារសពតារាចម្រៀង វណ្ណ មករា ទទួលបច្ច័យចូលបុណ្យពី Sabay
ចន្លោះមិនឃើញ
ជាថ្មីម្ដងទៀត ក្រុមហ៊ុន Sabay ដែលមួយផ្នែកធ្វើការក្រោមដំបូលសិល្បៈតែមួយជាមួយសិល្បករ សិល្បការិនី បាននាំយកបច្ច័យចំនួន ២០ម៉ឺនរៀល ទៅចូលបុណ្យសពតារាចម្រៀង វណ្ណ មករា ដែលមរណៈ កាលពីយប់ថ្ងៃទី ០៩ មករា ២០១៦ ដោយគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ពេជ្រនិល។
លោក ឌុំ វណ្ណៈគំនិត និងលោក សំ ជំនាញ តំណាងក្រុមការងារគេហទំព័រ Sabay ប្រគល់ជូនបច្ច័យដល់ក្រុមគ្រួសារសព
ក្រុមគ្រួសារដែលមានភរិយា ឪពុកម្ដាយបង្កើត និងជីដូន ជាដើមបានចេញមកទទួលបច្ច័យពីក្រុមការងារ Sabay។ ដកថយពីទុក្ខវិយោគបន្តិច ក្រុមគ្រួសារ ឆ្លៀតថ្លែងអំណរគុណ និងសូមជូនពរឲ្យក្រុមហ៊ុន Sabay ដំណើរការបានកាន់តែរលូន ព្រមទាំងប្រសិទ្ធពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ មានសុខភាពល្អ សំណាង បំពេញភារកិច្ចបានទទួលជោគជ័យគ្រប់ៗនាឆ្នាំថ្មីនេះ។
វណ្ណ មករា បានមរណៈនៅអាយុ ៣២ ឆ្នាំ ហើយលោកជាកូនប្រុសតែមួយគត់ក្នុងគ្រួសារដែលមានបងប្អូន ៥នាក់ ដោយលោក គឺជាកូនទី២។ តាមការរៀបរាប់របស់ក្រុមគ្រួសារ នៅមុនពេលស្លាប់ ពោលគឺយប់ថ្ងៃទី ០៩ មករា តារាចម្រៀងដែលនិយមច្រៀងបទលោក ព្រាប សុវត្ថិ រូបនេះ បានបញ្ចប់ការច្រៀងកម្មវិធីគេចំនួន២នៅភ្នំពេញវេលាម៉ោង ១២ យប់។
បន្ទាប់មក រួមជាមួយមិត្តភក្ដិប៉ុន្មាននាក់ទៀត លោកក៏បន្តដំណើរទៅខេត្តព្រះសីហនុ ព្រោះមានការងារសិល្បៈនៅទីនោះទៀតនាថ្ងៃបន្ទាប់។ ប៉ុន្តែជាអកុសល ពេលរថយន្តដល់ចំណុចទឹកដីខណ្ឌព្រៃនប់ ក៏ជួបឧប្បត្តិហេតុក្រឡាប់រថយន្ត។ ភ្លាមៗ មករា បានរងរបួសស្រាលប៉ុណ្ណោះ ព្រោះប្រជាជននៅទីនោះបានឃើញលោក អង្គុយរឺតទ្រូងខ្លួនឯង។
ភរិយា និងកូនប្រុសទាំងពីររបស់សព វណ្ណ មករា
ក្រោយហេតុការណ៍លោកត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះ ឆ្ពោះមកភ្នំពេញ។ ប៉ុន្តែមកដល់ត្រឹមតំបន់ពេជ្រនិល រថយន្តសង្គ្រោះក៏បានផ្ទុះកង់បណ្ដាលឲ្យក្រឡាប់ទៀត ហើយលោក វណ្ណ មករា ក៏បានស្លាប់នៅគ្រានោះដោយកៀបជាប់ក្នុងរថយន្ត។ ប្រជាពលរដ្ឋក្នុងតំបន់ បានចំណាយពេលប្រមាណ ២០នាទីដើម្បីគាស់ទាញយកតារាចម្រៀងរូបនេះ ប៉ុន្តែអ្វីៗហួសអស់ទៅហើយ។
មរណភាពរបស់លោក បានបន្សល់ទុកនូវកូនប្រុសតូចពីរនាក់។ សពរបស់លោកត្រូវបានបូជារួចរាល់នារសៀលម្សិលមិញ ក្រោមការទួញសោករបស់ក្រុមគ្រួសារ និងញាតិមិត្តជាច្រើននាក់៕