Rolls-Royce ប្រកាស​លក់​រថយន្ត​ច្រើន​បំផុត​លើក​ទី​ពីរ​រយៈ​ពេល ១១២ ឆ្នាំ

  • 2016-01-13 13:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត Rolls-Royce Motor Cars បាន​ប្រកាស​ឆ្នាំ ២០១៥ ពី​ការ​លក់​រថយន្ត​បាន​ចំនួន​ច្រើន​បំផុត​លំដាប់ទីពីរ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈ​ពេល ១១២ ឆ្នាំ។ ក្នុង​នោះ​រថយន្តផលិត​ដោយ​ដៃ​សរុប​ចំនួន ៣៧៨៥​ គ្រឿង ត្រូវ​បាន​លក់​ដល់​អតិថិជន​នៅ​ទូទាំង​ពិភព​លោក​កាលពីឆ្នាំមុន។

 

 

ការ​លក់​បាន​ច្រើន​ជា​ឯតទគ្គកម្ម​គឺ​នៅ​​​អាស៊ី​ប៉ាស៊ីហ្វិក (កើន ១៣​%) មជ្ឈិម​បូព៌ា (កើន ៤%) និង អាមេរិក​ខាង​ជើង (កើន ៦​%) ។ ទីផ្សារ​តាម​ប្រទេស​ដែល​លក់​បាន​ច្រើន​ជា​ឯតទគ្គកម្ម រួម​មាន កូរ៉េ (កើន ៧៣%) ជប៉ុន​ (កើន ៧%) កាតា (កើន ២១%) រុស្ស៊ី (កើន ១%) ចក្រ​ភព​អង់គ្លេស​ (កើន២%) និង​សហរដ្ឋ​អាមេរិក​ (កើន៧%)​ ។

 

យ៉ាង​ណា​នៅក្នុង​ទីផ្សារ​ប្រទេស​ចិន ការ​លក់​ធ្លាក់ចុះ ៥៤% បើ​ធៀប​នឹង​ឆ្នាំ ២០១៤ ដោយសារ​ឥទ្ធិពល​អាក្រក់បាន​បង្ក​ជា​ផល​អវិជ្ជមាន​លើ​វិស័យ​ការ​លក់​រថយន្ត​ប្រណីត​ទាំង​មូល។

 

លោក Torsten Müller-Ötvös អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​បាន​ថ្លែង​ថា ការ​លក់​បាន​ចំនួន​​ខ្ពស់​លំដាប់​ទីពីរ​ជា​ប្រវត្តិសាស្រ្ត​ក្នុង​រយៈ​ពេល​ជាង​១១២ ឆ្នាំ​ ​បង្ហាញ​ឲ្យ​ឃើញ​យុទ្ធសាស្ត្រ​រយៈពេលវែង​របស់​ក្រុមហ៊ុន​ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កំពុង​ជួប​ការ​លំបាក​​ដែល​ Rolls-Royce នៅ​តែ​​អាច​​ពង្រឹង​តំណែង​ក្នុង​នាមជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​ឈាន​មុខ​គេ​នៅ​លើ​ពិភព​លោក។

 

នៅ​ឆ្នាំ ២០១៥ រថយន្ត Rolls-Royce លក់​បាន​ច្រើនជាង​គេ​ក្នុង​ចំណែក​ទីផ្សារ​រថយន្ត​ដែល​មាន​តម្លៃ​ចាប់​ពី ២០ ម៉ឺនអឺរ៉ូ​ឡើង ធ្វើ​ឲ្យ​ក្រុមហ៊ុននៅ​តែ​អាច​រក្សា​តំណែង​ដោយគ្មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​ណា​ប្រជែង​បាន​ក្នុង​រយៈកាល​មួយ​ទសវត្សរ៍​កន្លង​មកនេះ ​ជាពិសេស​ការ​ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់​លើ​រថយន្ត​ម៉ូដែល Wraith និង Ghost ពី​អតិ​ថិជន​វ័យ​ក្មេង​និង​ម៉ូដែល​ Phantom​​​ ដែល​ជា​ប្រភេទ​រថយន្ត​មហាប្រណិត​ដែល​គេ​ចង់​បាន​បំផុត​នៅ​ក្នុង​ពិភពលោក៕

 

ប្រភព៖ rolls-roycemotorcars.com

អត្ថបទថ្មី