ឪពុកបង្កើត វណ្ណ មករា និយាយពីប្រផ្នូលមុនកូនកើតគ្រោះ
- 2016-01-15 18:29:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឪពុកបង្កើត វណ្ណ មករា និយាយពីប្រផ្នូលមុនកូនកើតគ្រោះ
ចន្លោះមិនឃើញ
តាមតំណាលរបស់ខ្មែរ មុនកើតរឿងរ៉ាវធំដុំអ្វីមួយ តែងតែមានប្រផ្នូលជាមុន គ្រាន់តែយើងមិនចាប់អារម្មណ៍ លោក វណ្ណ សុខវី ជាឪពុកបង្កើត វណ្ណ មករា ប្រាប់ថា លោកក៏បានជួបហេតុ ឬប្រផ្នូលនោះដែរ មុនពេលកូនប្រុសតែមួយរបស់លោកក្នុងចំណោមកូន ៥នាក់ ជួបគ្រោះរហូតដល់ស្លាប់។
លោក វណ្ណ សុខវី ឪពុកបង្កើតតារាចម្រៀង វណ្ណ មករា(រូបអាវស មានក្រណាត់ខ្មៅកាន់ទុក្ខ)
លោក សុខវី ថ្លែងទាំងអួលដើមកថា ".ខ្ញុំខ្លួនឯងហ្នឹងយល់សប្ដិឃើញបាក់ធ្មេញ ចេញឈាម តាមខ្មែរយើងថា ញាតិសាច់ជិតមានគ្រោះ គិតមិនដល់ថា ជាកូនឯងបង្កើតអីចឹង"។ បន្ទាប់ពីយល់សប្ដិពីយប់ ព្រលឹមឡើង លោកបានប្រាប់ប្រពន្ធ លុះប៉ុន្មានថ្ងៃបន្ទាប់ វណ្ណ មករា ដែលជាកូនប្រុសតែមួយក្នុងចំណោមបងប្អូន ៥ នាក់ជួបគ្រោះក្រឡាប់ឡានតែម្ដង។
បុរសវ័យជាង ៥០ឆ្នាំរូបនេះ រៀបរាប់ទៀតថា ភ្លាមៗពេលបានដំណឹងពីប្រពន្ធលោកមិនជឿឡើយ។ "ខ្ញុំនៅបន្ទាយខ្ញុំលិចពោធិចិនតុងឯណោះ ហើយប្រពន្ធខ្ញុំតេប្រាប់ថា នែ...!កូនប្រុសឯង ក្រឡាប់ឡានស្លាប់ ឥឡូវគេដឹកមកហើយ ហើយខ្ញុំបានស្ដីឲ្យវិញថា អ្ហេហ៍...មកនិយាយអីឆ្កួតៗអីចឹង ព្រោះភ្លាមៗ ខ្ញុំដូចរកជឿមិនកើត វាដូចជាភ្លាមៗពេក!"។
វណ្ណ មករា បានស្លាប់នៅអាយុ ៣២ ឆ្នាំ កាលពីថ្ងៃទី ០៩ មករា ក្រោយពីលោកបានជួបគ្រោះថ្នាក់ក្រឡាប់រថយន្តដល់ទៅពីរដងក្នុងថ្ងៃតែមួយ។ ដំបូងឡើយលោក និងមិត្តភ័ក្ដិបានក្រឡាប់នៅក្នុងទឹកដីខណ្ឌព្រៃនប់ ខេត្តព្រះសីហនុ។ ភ្លាមៗ មករា បានរងរបួសស្រាលប៉ុណ្ណោះ ព្រោះប្រជាជននៅទីនោះបានឃើញលោក អង្គុយរឺតទ្រូងខ្លួនឯង។
លោកត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះ ឆ្ពោះមកភ្នំពេញ។ ប៉ុន្តែមកដល់ត្រឹមតំបន់ពេជ្រនិល រថយន្តសង្គ្រោះក៏បានផ្ទុះកង់បណ្ដាលឲ្យក្រឡាប់ទៀត ហើយលោក វណ្ណ មករា ក៏បានស្លាប់នៅគ្រានោះដោយកៀបជាប់ក្នុងរថយន្ត។ មកដល់ថ្ងៃទី ១៥ មករា នេះ គឺជាថ្ងៃបុណ្យខួប៧ថ្ងៃរបស់លោក ដែលធ្វើនៅវត្តទួលទំពូងរាជធានីភ្នំពេញ៕ តារាៗចូលរួមជូនដំណើរ វណ្ណ មករា ចុងក្រោយទាំងក្រៀមក្រំ អត្ថបទ៖ ទារិកា