តួឯក​ស្រី "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" តួ​ប្រុស​ធ្វើ​ឲ្យ​ភ័យ​លស់​ព្រលឹង

  • 2014-10-22 22:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា តួតា ភ័យ​លស់​ព្រលឹង​ពេល​ថត​រឿង "វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" ជាមួយ​លោក អ៊ុន សិទ្ធា ដោយ​ឃើញ​តួឯក​ប្រុស​រូប​នេះ​រង​គ្រោះ​កាច​ហូរ​ឈាម​ខ្លាំង​ពេក ក្នុង​ឈុត​មួយ​ដែល​លោក​ម្ចាស់​គ្រញូង​ប្រយុទ្ធ​ការពារ​ខ្លួន​ជាមួយ​អ្នក​ស្រុក។

 

“បង​ធា គាត់​ត្រូវ​របួស​បង...គាត់​ហូរ​ឈាម​ច្រើន​ណាស់ ខ្ញុំ​អត់​ខ្លាច​ឈាម ប៉ុន្តែ​ឃើញ​គាត់​ហូរ​ឈាម​ច្រើន​អីចឹង ខ្ញុំ​ទៅ​ជា​ភ័យ...ភ័យ​ខ្លាំង​ពេល​ឃើញ​គាត់​ទន់​ជង្គង់​ចង់​ដួល ពេល​ហ្នឹង​ខ្ញុំ​ឆ្លេឆ្លា​មែន​ទែន នឹក​ឃើញ​រក​កៅ​អី​មក​ឲ្យ​គាត់​អង្គុយ ក៏​រត់​ទៅ​យក​អា​កៅអី​នៅ​ឆ្ងាយ​ឯណោះ អា​នៅ​ជិត​ខ្លួន​នេះ​មាន​ដែរ អត់​ព្រម​យក!”។ កញ្ញា តូតា ថ្លែង​រឿង​លោក អ៊ុន សិទ្ធា រង​របួស។

 

តារា​ម៉ូដែល និង​សម្ដែង​រូប​នេះ បញ្ជាក់​បន្ថែម​ថា នាង​ធ្លាប់​សម្ដែង​ឃើញ​គ្រោះ​ចៃដន្យ​របៀប​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​មាន​តែ​លើក​នេះ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាំង​ជាង​គេ ព្រោះ​តែ​ឃើញ​ដៃគូ​សម្ដែង​ភ្លាម​ៗ​ហាក់​បាត់​ស្មារតី។

 

មិន​ត្រឹម​តែ​ឈុត​នេះ​ទេ ដែល តូតា ជួប​អាការ​ភិតភ័យ កញ្ញា​ផ្ទាល់​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មួយ​ឈុត​ទៀត គឺ​ឈុត​ដែល​នាង​ត្រូវ​រត់​ចូល​ក្នុង​ទីង​មោង​ភ្លើង​ក៏​ធ្វើ​ឲ្យ​នាង​ភ័យ​មិន​ស្ទើរ​ដែរ។ "ឈុត​ហ្នឹង​ក៏​ខ្ញុំ​ភ័យ​ដែរ ព្រោះ​ទីង​មោង​ហ្នឹង​ធំ​ណាស់ មីង(អ្នក​ស្រី ពាន់ ភួង​បុប្ផា) ធ្វើ​អស់​លុយ​យ៉ាង​ច្រើន ខ្ញុំ​ត្រូវ​តម្រូវ​ឲ្យ​រត់​ចូល​ទីង​មោង​ភ្លើង​នេះ...មិន​ចូល​មែន​ទែន​ទេ ប៉ុន្តែ​ភ័យ​ត្រង់​ឃើញ​ធំ​ពេក​ចេះ​តែ​ខ្លាច​វា​រលំ​លើ!"

 

"វិញ្ញាណ​លោក​ម្ចាស់​គ្រញូង" គឺ​ស្នាដៃ​ចុង​ក្រោយ​បង្អស់​របស់​អ្នក​ស្រី ពាន់ ភួង​បុប្ផា គិត​ត្រឹម​ពេល​នេះ ដែល​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទុក​វេទនា​របស់​អំបូរ​ឈើ​គ្រញូង​ដែល​ត្រូវ​ព្រាត់​ប្រាស​ញាតិ​សន្ដាន​ដោយ​សារ​ការ​កាប់​បំផ្លាញ​របស់​មនុស្ស។ អ្នក​ស្រី​ថ្លែង​ថា មួយ​ផ្នែក​ទៀត គឺ​អប់​រំ​ឲ្យ​គ្រប់​គ្នា​ចេះ​ស្រឡាញ់​ព្រៃ​ឈើ និង​ចូល​រួម​ថែ​រក្សា​អភិរក្ស​ព្រៃ​ឈើ​របស់​យើង​ទាំង​អស់​គ្នា។

 

ភាពយន្ត​ដ៏​ពិសេស​នេះ នឹង​មាន​ចាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា នៅ​ថ្ងៃ​ទី ២៣ តុលា ស្អែក​នេះ នៅ​រោងភាពយន្ត​លំដាប់​អន្តរជាតិ Major Cineplex By Cellcard ស្ថិត​នៅ​ជាន់​ទី​២​ផ្សារ​ទំនើប AEON MALL៕

 

http://youtu.be/h4O1DOSZQ7Y

អត្ថបទ៖ ទារិកា

អត្ថបទថ្មី