ពីនេះពីនោះអំពីកោះរ៉ុង
- 2016-01-29 21:57:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីនេះពីនោះអំពីកោះរ៉ុង
ចន្លោះមិនឃើញ
ធ្វើដំណើរដោយកប៉ាល់យឺត (Slow Ferry) ប្រមាណជាជិត ២ម៉ោង ពីកំពង់ផែក្រុងព្រះសីហនុទៅកាន់កោះធំបំផុតទីពីរនៃប្រទេសកម្ពុជា ដែលមានឈ្មោះថា «កោះរ៉ុង» មានទីតាំងស្ថិតនៅប្រហែល ២៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រខេត្តព្រះសីហនុនៅក្នុងឈូងសមុទ្រនៃប្រទេសថៃ ដោយគ្រាន់តែឈានជើងមកដល់ដីកោះភ្លាម យើងចាប់ផ្តើមឮសំឡេងតន្ត្រីចេញពីបារ និងភោជនីយដ្ឋានខ្មែរ និងបរទេស ក៏ដូចជាមានភាពមមាញឹកនៃការសាងសង់នូវបឹងកាឡូ និងផ្ទះសំណាក់ថ្មីៗជាច្រើនយ៉ាងកងរំពងលាយឡំគ្នា និងមានមនុស្សម្នា ពិសេសភ្ញៀវទេសចរ ដើរចុះឡើងប្រៀបបាននឹងទីប្រជុំជនមួយ។
កោះរុងមានផ្ទៃដីប្រមាណ ៧៨គីឡូម៉ែត្រការ៉េ និង ២៤៣គីឡូម៉ែត្រនៃឆ្នេរសមុទ្រ។ ពីដើមឡើយ កោះរុង មានប្រជាជនរស់នៅតិចតួច ដែលពួកគេភាគច្រើនជាអ្នកនេសាទ និងពោរពេញដោយភាពស្ងៀមស្ងាត់។ យ៉ាងណាមិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាមានការផ្លាស់ប្ដូរយ៉ាងច្រើនពីនូវកំណើនប្រជាជន និងបែបបទនៃការរស់នៅ។
កោះរ៉ុងមាន ៦២២គ្រួសារ ដែលប្រជាជនសរុបចំនួន ២ ៤៩០នាក់។ ប្រជាជននៅទីនោះប្រមាណជា ៧០ភាគរយសាងសង់ផ្ទះសំណាក់ ឬភោគជនីយដ្ឋានដើម្បីបម្រើភ្ញៀវទេសចរណ៍ ២៥ភាគរយទៀតជាអ្នករត់ទូក និង៥ភាគរយជាអ្នកនេសាទ។
បើតាមសម្ដី លោក ហេង គីមអាន ជានាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង បានមានប្រសាសន៍ថា នៅឆ្នាំ ២០០១ គេចាប់ផ្តើមបង្កើតឲ្យមានសង្កាត់កោះរុង ដែលក្នុងនោះមាន៧កោះតូចៗ និងមានចំនួន៥ភូមិ។ នៅឆ្នាំ២០០៨ ក្រុមហ៊ុនរ៉ូយ៉ាល់បានមកបណ្ដាក់ទុន និងធ្វើការផ្សព្វផ្សាយ បានធ្វើឲ្យកោះរ៉ុងមានមនុស្សមា្នស្គាល់ច្រើនទាំងខ្មែរ និងបរទេស។
ការវិនិយោគទុនបានធ្វើឲ្យប្រជាជនមានការងារធ្វើ និងធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរ។ ប៉ុន្តែអ្នកឆ្ងល់ទេថា ម្តេចមានអ្នកនេសាទតិចតួចនៅលើកោះរុងបច្ចុប្បន្ន នេះ?
លោក គីមអាន បានបន្ត ប្រជាជនលើកោះភាគច្រើននឈប់នេសាទត្រី ហើយស្ទើរតែទាំងអស់នៃប្រជាជននៅក្នុងតំបន់កោះតូចឈប់នេសាទត្រីទៀតហើយ។ ដោយឡែក មានតែភូមិ២ទេ ដែលប្រជាជននៅបន្តនេសាទ គឺភូមិព្រែកស្វាយ និងភូមិដើមថ្កូវ។
បើអត់អ្នកនេសាទត្រីអីចឹង ធ្វើម៉េចភ្ញៀវទេសចរអាចរកអាហារសមុទ្រ ស្រស់ៗទទួលបានទៅ? ចង់ដឹងថាហេតុអីប្រជានេសាទឈប់ និងមិនសូវរវីរវល់ពីរបរនេះដោយសារមូលហេតុអ្វី? ចង់ដឹងធ្វើយ៉ាងណាទើបអាចរកគ្រឿងសមុទ្រស្រស់ញុំាបាននៅលើកោះរុង? បើចង់ដឹង សូមតាមដ្ឋានអត្ថបទបន្តដែលនឹងបង្ហាញពីកន្លែងដែលមានម្ហូបឆ្ងាញ់ៗនៅលើកោះរុង៕
អត្ថបទ៖ កើត ចន្ទ្រា