ជីវិត​និស្សិត​តាម​បណ្តា​ខេត្ត​នៅពេល​ឈាន​ជើង​មក​រស់នៅ​ទីក្រុង

  • 2016-02-03 16:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


 

បន្ទាប់ពី​បាន​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​នៅ​តាម​ខេត្ត​នានា​នោះ យុវជន​ និង​យុវតី​កម្ពុជា​មួយ​ចំនួន​បានសម្រេច​វេច​បង្វេច​មក​បន្ត​ការសិក្សា​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ការរស់នៅ​ខុសប្លែក​ស្ទើរតែ​ទាំងស្រុង​ពី​ជីវិត​នៅ​តាម​ជនបទ។

 

យុវជន ឌឿ ពិសិដ្ឋ​ មាន​វ័យ ២១ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ​ ស្ថិតនៅ​ក្នុងចំណោម និស្សិត​ជាច្រើន​នាក់​ ដែល​បាន​ចាក​ចេញពី​ស្រុក​កំណើត​ដើម្បី​ស្វែងរក​ចំណេះវិជ្ជា​នៅ​ទីក្រុង​ភ្នំពេញ​ដែល​ខុសស្រឡះ​ពី​ជីវិត​នៅ​តាម​ខេត្ត។ ពិសិដ្ឋ ដែល​បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី២នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សិក្សា​លើ​ជំនាញ ធនាគារ និង ហិរញ្ញវត្ថុ​បាន​និយាយ​ថា​ក្នុងពេលដែល​គាត់​មក​រស់នៅ​ទីក្រុង​ដំបូង​នៅ​ឆ្នាំ ២០១៤ ពេលនោះ​ឪពុកម្ដាយ​របស់​ពិសិដ្ឋ​មានតែ​ពេល២ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ជូន​ប្អូន​មក​រក​សាលារៀន និង​ស្វែងរក​បន្ទប់​ជួល​សម្រាប់​ប្អូន​ស្នាក់នៅ ។

 

ពិសិដ្ឋ​និយាយថា ​ជីវិត​រស់នៅ​ទីក្រុង​ គឺ​ខុសគ្នា​ស្រឡះ​ពី​ជីវិត​ដែល​ប្អូន​រស់នៅ​ខេត្ត​កំពង់ស្ពឺ។ ពិសិដ្ឋ ឲ្យដឹងខ្លួនថា អ្វីៗនៅ​ភ្នំពេញ​គឺ​មាន​តម្លៃ​ថ្លៃ ​ដែល​ជា​កត្តា​លំបាក​សម្រាប់​និស្សិត​ដែល​មកពី​តាម​ខេត្ត​ដូចជា​រូប​គាត់​ដែល​ក្រុម​គ្រួសារ​មាន​ជីវភាព​លំបាក។

 

ក្នុងពេលដែល​ពិសិដ្ឋ​រស់នៅ​ភ្នំពេញ ការ​ចំណាយ​ទាំង​ការ​ញាំ​ការ​ទៅ​រៀន នឹង​ថ្លៃ​ជួល​បន្ទប់​ស្នាក់នៅ​គឺជា​បន្ទុក ម្ដាយ​ឪពុក​នៅ​ឯ​ស្រុក​ជា​អ្នក​ផ្ញើ​មក​រៀង​រាល់ខែ ។ ពិសិដ្ឋ​បាន​និយាយថា ​ដោយមាន​ការ​លំបាក​នឹង​បញ្ហា​ជីវភាព​ខ្លាំង បច្ចុប្បន្ន​ពិសិដ្ឋ​បានសម្រេច​ចិត្ត​ធ្វើការ​ផង និង​រៀន​ផង​ ដើម្បី​ជួយ​សម្រាល​បន្ទុក​ក្នុង​ការ​ចំណាយ​ខ្លះៗពី​ក្រុម​គ្រួសារ ។

 

ជា​រៀងរាល់ថ្ងៃ​ម៉ោង៧យប់​ ពិសិដ្ឋ​ ទៅ​រត់​តុ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ (សុំ​មិន​បង្ហាញ​ឈ្មោះ​ហាង) ដែល​មាន​ទីតាំងនៅ​ម្ដុំ​កោះ​ពេ​ជ្យ​ ដល់​ម៉ោង១២អា​ធ្រា​ត​ដោយ​ទទួល​ប្រាក់ខែ ១២០ ដុល្លារ ក្នុង១ខែ ។

 

ពិសិដ្ឋ​បាន​តាំងចិត្ត និង​ប្ដេជ្ញា​ថា ​នឹង​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​រៀន​សូត្រ​ដើម្បី​ទទួលទាន​ជោគជ័យ​ក្នុង​អំឡុង​ពេល​៤​ឆ្នាំនេះ គឺថា ​មិន​ឲ្យ​ឪពុកម្ដាយ​នៅឯ​ស្រុក​អស់សង្ឃឹម​នោះទេ។

 

ពិសិដ្ឋ​ស្ថិតនៅ​ក្នុងចំណោម​និស្សិត​កម្ពុជា​ជាច្រើន​នាក់​មកពី​តាម​បណ្ដា​ខេត្ត​នានា​ដែល​ត្រូវ​ចំណាយ​ពេលវេលា​រៀន​សូត្រ​ផង​និង​ធ្វើ​ការ​រក​លុយ​ដើម្បី​ផ្គត់ផ្គង់​ការសិក្សា​និង​ការរស់នៅ​ទីក្រុង​ផង។

 

 រូបតំណាង

 

សម្រាប់​និស្សិត​ស្រី​វិញ ពួកគេ​មិន​ត្រឹមតែ​ត្រូវ​ប្រឈមមុខ​នឹង​របៀបរបប​ថ្មី​នៃ​ការរស់នៅ និង​ការរៀនសូត្រ​នោះ ទេ ពួកគេ​ក៏​មាន​អារម្ភ​ភ័យខ្លាច​អំពី​សន្តិសុខ​ផ្ទាល់ខ្លួន នៅ​ពេលដែល​មក​រស់នៅ​តែ​ម្នាក់ឯង​នៅ​ទៅ​ក្រុង​ដែល​សម្បូរ​ដោយ​បញ្ហា​គ្រឿងញៀន អំពើ​ប្លន់ និង ការ​ចាប់​រំលោភ​ជាដើម។

 

កញ្ញា លី លីន​ណា ជា​និស្សិត​ស្រី មាន​វ័យ១៨ ឆ្នាំ មកពី ខេត្ត​កណ្ដាល​បាន​រៀបរាប់​ថា បច្ចុប្បន្ន កញ្ញា លីន​ណា ជា​និស្សិត​ផ្នែក​គ្រប់គ្រង​ឆ្នាំ​ទី១ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។ ចំពោះ​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ លីន​ណា​ បាន​និយាយថា​ដើម្បី​រៀន​ឲ្យ​ទាន់​គេ​នៅ​ក្នុង​សាលា ​លីន​ណា ​ត្រូវ​ចំណាយ ពេល​សិក្សា​បន្ថែម​ដោយ​ខ្លួនឯង​ជាមួយ​មិត្ត​ភិ​ក្ដ​បន្ថែម​ទៀត ដោយ​ប្រើ​ពេលវេលា​ស្រាវជ្រាវ​មេរៀន​តាម​បណ្ណាល័យ ចូល​ឆែក​មើល​តាមរយៈ អ៊ី​ន​ធឺ​ណេ​ត​ជាដើម ។

 

សម្រាប់​ការរស់នៅ​ទីក្រុង​វិញ​លីន​ណា​បាន​លើក​ឡើង​ថា “វា​ជាការ​លំបាក​ណាស់​សម្រាប់​និស្សិត​ដូចជា​រូបខ្ញុំ​ដែល​មិន ទាន់បាន​ត្រៀមខ្លួន​រស់​នៅតែ​ម្នាក់ឯង​ឃ្លាត​ចេញពី​ម្ដាយ​ឪពុក។ មាន ពេលខ្លះ​ខ្ញុំ​មានការ​ភ័យខ្លាច។ ខ្លាច​នោះ​ត្រង់​ថា​បញ្ហា​សុវត្ថិភាព” ។

អត្ថបទ៖ ឡេង ឆរ​លីដា

អត្ថបទថ្មី