ប្រវត្តិ ឈិន ឡុង ពីក្មេងគ្មានចំណេះក្លាយជាកំពូលតារាសម្ដែងពិភពលោក
- 2016-02-02 13:04:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិ ឈិន ឡុង ពីក្មេងគ្មានចំណេះក្លាយជាកំពូលតារាសម្ដែងពិភពលោក
ចន្លោះមិនឃើញ
កុមារភាពរបស់ឈិន ឡុង ផ្សារភ្ជាប់ជាមួយនឹងស្លាកស្នាមឡើងជាំពេញខ្លួនដោយសារតែហាត់ក្បាច់គុន។ នៅពេលធំដឹងក្ដីឡើងលោករស់នៅជាមួយនឹងមុខរបួសរាប់មិនអស់ដោយសារតែឈុតឆាកវាយតប់គ្នានៅក្នុងរឿង។
ក្មេងប្រុសកម្ជិលរៀន ស្នេហាវិស័យក្បាច់គុន
តារាសម្ដែងល្បីឈ្មោះ Jackie Chan ដែលទស្សនិកជនខ្មែរស្គាល់ច្រើនតាមរយៈឈ្មោះ ឈិន ឡុង នោះមានឈ្មោះពិតថា Chan Kong Sang កើតក្នុងឆ្នាំ ១៩៥៤នៅទីក្រុងហុងកុង។ ឪពុកម្ដាយរបស់ឈិន ឡុងគឺជាប្រជាជនក្រីក្រ រៀនមិនបានដិតដល់ ហើយតែងតែសង្ឃឹមថាកូននឹងមិនក្លាយជាអក្ខរជនដូចខ្លួន។ អាស្រ័យហេតុនេះហើយពួកគេបានចាត់ទុកការអប់រំកូនជាធំ។ ឲ្យតែឈិន ឡុងចង់ពួកគេមិនខ្លាចទុក្ខលំបាកសុខចិត្តធ្វើការយប់ថ្ងៃដើម្បីប៉ះប៉ូវឲ្យកូន។ ខុសពីក្ដីរំពឹងទុករបស់ឪពុកម្ដាយ ឈិន ឡុងវក់នឹងការលេង រប៉ិលរប៉ូច និងស្អប់ចូលសាលា។ ក្មេងប្រុសម្នាក់នេះជាមួយនឹងក្រុមមិត្តភ័ក្ដិរបស់ខ្លួនមួយថ្ងៃៗចូលចិត្តឡើងដើមឈើ ផ្លោះរបង វាយប្រតប់គ្នាគ្មានពេលអង្គុយនៅមួយកន្លែង។
ពេលនៅក្នុងថ្នាក់ ឈិន ឡុងធ្វើឬក៏ពារដូចស្វា យកក្រដាសខ្ចប់ធ្វើជាគ្រាប់កាំភ្លើងគប់គ្នាទៅមក ត្រូវលោកគ្រូអ្នកគ្រូស្ដីបន្ទោសជាញឹកញាប់។ មកដល់ផ្ទះវិញ ឈិន ឡុង បើមិនធ្វើពុតជាឈឺទេក៏ដូចដេកដូចស្លាប់ដែរដើម្បីគេចមិនចាំបាច់រៀនសូត្រ។ លទ្ធផលចុងក្រោយនោះគឺ ក្មេងប្រុសនេះត្រូវត្រួតថ្នាក់ ហើយមកដល់សព្វថ្ងៃនេះ ឈិន ឡុងនៅតែមិនទាន់រៀនចប់បឋមសិក្សានៅឡើយទេ។
តារាសម្ដែងប្រុសនេះទទួលស្គាល់ពីចំណេះវិជ្ជាអន់ថយរបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍មួយកាលពីចុងឆ្នាំ ២០១៣ នៅពេលភាពយន្ត "Police Story 2014” ត្រូវបានចាក់ផ្សាយ ឈិន ឡុងបានបង្ហើបថាតាំងពីតូចក្រូចឆ្មាមកលោកតែងតែស្រមៃចង់ក្លាយជាប៉ូលិសជានិច្ច ប៉ុន្តែដោយសារតែមិនបានរៀនសូត្រខ្ពង់ខ្ពស់ ដូច្នេះហើយលោកបានតែសម្រេចក្ដីប្រាថ្នានេះនៅក្នុងភាពយន្តតែប៉ុណ្ណោះ។
ក្នុងវ័យកុមារភាព ឈិន ឡុងជក់ចិត្តនឹងរឿងក្បាច់គុនបុរាណ។ អំឡុងពេលនោះ Sam Hui និង Karl Maka គឺជាតារាក្បាច់គុនកំពុងមានឈ្មោះបោះសំឡេង។ ក្មេងប្រុសរូបនេះបានយកអ្នកទាំងពីរធ្វើជានិមិត្តរូបរបស់ខ្លួន។
ឆ្នាំ ១៩៦១ ពេលមានអាយុ ៧ឆ្នាំ ឈិន ឡុងត្រូវបានឪពុកនាំមកជួបលោកគ្រូក្បាច់គុន Yu Jim Yuen។ ដើមឡើយ ឪពុកឈិន ឡុងនាំកូនមកនេះក្នុងបំណងគំរាមកំហែង បើគេមិនព្រមរៀនសូត្រទេ នឹងទុកឲ្យនៅរង់ទុក្ខវេទនានៅទីនេះ។ ផ្ទុយមកវិញ ឈិន ឡុងបែរជាមានចិត្តកោតសរសើរក្មេងៗនៅទីនេះ ហើយគិតថាបរិស្ថាននៅទីនេះគឺជាឋានសួគ៌សម្រាប់ខ្លួនទៅវិញ។ មិនចាំបាច់មើលសៀវភៅ មិនត្រូវជួបមុខលោកគ្រូអ្នកគ្រូ ថែមទាំងបានរត់លេងវាយតប់គ្នា ឈិន ឡុងបានអង្វរឪពុកឲ្យកោរសក់ដើម្បីនៅរៀនក្បាច់គុននៅទីនេះ។
នៅក្នុងសាលារបស់ Yu Jim Yuen សិស្សានុសិស្សត្រូវចុះកិច្ចសន្យាហ្វឹកហាត់យ៉ាងតិចក្នុងរយៈពេល៥ឆ្នាំ។ គិតដល់កូនប្រុសរប៉ិលរប៉ូច ពិបាកប្រៀនប្រដៅរបស់ខ្លួន ឪពុកឈិន ឡុងបានចុះកិច្ចសន្យាឲ្យកូនរៀនក្បាច់គុននិងសម្ដែងល្ខោននៅទីនេះរយៈពេល ១០ ឆ្នាំ។
កិច្ចសន្យា១០ឆ្នាំរបស់ឈិន ឡុងនិងលោកគ្រូ Yu
លោកគ្រូ Yu បង្រៀនសិស្សរបស់ខ្លួនតាមវិធីសាស្ត្រចាស់បុរាណ គឺថាបើអ្នកហ្វឹកហាត់មិនបានល្អគឺប្រើរំពាត់វាយភ្លាមមួយរំពេច។ កាលគ្រាដំបូង ឈិន ឡុងតែងតែលួចយំម្នាក់ឯងពេលយប់ព្រោះឈឺដោយសារផ្ដៅរបស់លោកគ្រូ។
អំឡុងពេលហ្វឹកហាត់ក្បាច់គុន
ក្នុងទសវត្សឆ្នាំ ១៩៦០ ឈិន ឡុងនៅរៀនក្បាច់គុននៅសាលាគុនរបស់លោកគ្រូ Yu។ ជារៀងរាល់ថ្ងៃក្មេងប្រុសរូបនេះ ត្រូវក្រោកពីម៉ោង៥ព្រឹកហើយហ្វឹកហាត់ដល់ម៉ោង ១២ អធ្រាត្រ។ នេះគឺជាច្បាប់ទម្លាប់មិនអាចធ្វើខុសបាន។ កំពុងស្ថិតក្នុងវ័យពេញលូតលាស់ ឈិន ឡុងនិងមិត្តរួមគ្រូរបស់ខ្លួនតែងតែឃ្លានម្ហូបដែលមានត្រីសាច់គ្រប់ប្រភេទតែពួកបានបរិភោគត្រឹមបន្លែស្រុះនិងតៅហ៊ូតែប៉ុណ្ណោះ។ ចូលមកដល់ដើមទសវត្សឆ្នាំ ១៩៧០ ពេលថ្ងៃឈិន ឡុងទៅធ្វើការ ពេលយប់មកសម្រាកនៅផ្ទះលោកគ្រូ។ ក្នុងវ័យ ១៧ ឆ្នាំក្មេងជំទង់រូបនេះបានបញ្ចប់កិច្ចសន្យាហ្វឹកហាត់ ១០ ឆ្នាំនៅសាលាគុននេះ។
នៅពេលនេះ ឈិន ឡុងចាប់ផ្ដើមប្រឡូកខ្លួននៅក្នុងវិស័យសិល្បៈ។ ពេលទើបឈានជើងចូលវិស័យនេះដំបូងតារាភាពយន្តត្រូវគេប្រគល់ឲ្យដើរតួគ្មានឈ្មោះឬតួជំនួសរបស់ផលិតកម្មភាពយន្ត Shaw Brothers Studio ដោយយករហស្សនាមថា Chang Yuen Long។ នៅពេលគ្មានការងារធ្វើ ឈិន ឡុង ដើរប៉ោឡែ ផឹកស្រា រាំលេងគ្មានទីបញ្ចប់។ ទីកន្លែងដែលលោកតែងតែទៅលេងគឺក្លឹបរាត្រី។ ចាប់យកអាជីពដូចឈិន ឡុងគឺវេទនានិងគ្រោះថ្នាក់ជាទីបំផុត ហើយថែមទាំងមិនត្រូវបានគេឲ្យតម្លៃទៀតផង។ ដើម្បីទទួលបានចំណាប់អារម្មណ៍របស់អ្នកដទៃ ឈិន ឡុងសុខចិត្តប្រថុយជីវិតរបស់ខ្លួន។ នៅក្នុងភាពយន្ត "Fist Of Fury” ដែលសម្ដែងដោយកំពូលតារាសម្ដែង លី ស៊ាវឡុង ឈិន ឡុងត្រូវគេឲ្យដើរតួ Samurai ម្នាក់របស់ជប៉ុនហើយត្រូវលី ស៊ាវឡុងវ៉ៃដូចបាវសាក់ តែនៅពេលរឿងចាក់ផ្សាយលោកបានបង្ហាញវត្តមានបានត្រឹមតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។ នៅក្នុងវគ្គជិតចប់របស់ "Fist Of Fury” ឈិន ឡុងបានដើរតួជំនួសឲ្យតួឯកដែលក្នុងឈុតនោះលោកត្រូវឈិន ជិន(សម្ដែងដោយ លីស៊ាវឡុង) ទាត់ធ្លាយជញ្ជាំង។
ទទួលបានជោគជ័យដោយញើសឈាមខ្លួនឯង
ក្រោយរយៈពេលដើរតួកំប៉ិកកំប៉ុកគ្មានអ្នកណាស្គាល់មុខ ក្នុងឆ្នាំ ១៩៧៥ ឈិន ឡុងចុះកុងត្រាជាមួយនឹងផលិតកម្មភាពយន្តនិងចាប់ផ្ដើមបានដើរតួឯក។ រឿងដំបូងៗរបស់លោកបរាជ័យយ៉ាងជោគជាំដោយគ្មានអ្នកណាទិញសំបុត្រចូលមើល។ រហូតដល់ចុងទសវត្សឆ្នាំ ១៩៧០ លោកបានភ្លក់រសជាតិជោគជ័យជាលើកទី១ តាមរយៈភាពយន្តដូចជា "ក្បាច់ស្រវឹង" “The Fearless Hyena” និង "Snake In The Eagle's shadow” ជាដើម។
ចូលមកដល់ទសវត្សឆ្នាំ ១៩៨០ ឈិន ឡុងបន្តភាពជោគជ័យរបស់ខ្លួនជាមួយភាពយន្តដូចជា "Amour Of God” “Plan A” “Police Story”។ រឿងទាំងនេះសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីទស្សនិកជន។
ឆ្នាំ ១៩៨២ គឺជាឆ្នាំដែលឈិន ឡុងបើកទំព័រថ្មីមួយទៀតនៅក្នុងជីវិតរបស់ខ្លួនដោយលោកបានឈានជើងចូលទីផ្សារហូលីវូដជាលើកដំបូង។ យ៉ាងណាក៏ដោយសមិទ្ធកម្មទី១របស់លោកគឺមិនបានទទួលជោគជ័យដូចការរំពឹងទុកនោះទេ។ រហូតដល់ឆ្នាំ ១៩៩៤ នៅពេលសម្ដែងក្នុងរឿង "Rumble In The Bronx” ទើបលោកទទួលបានការចាប់អារម្មណ៍ពីអ្នកគ្រប់គ្នា។ បន្ទាប់មកទៀតបណ្ដុំភាពយន្ត "Rush Hour” បានរុញកេរ្តិ៍ឈ្មោះរបស់ឈិន ឡុងឡើងលំដាប់កំពូល។
ឆ្នាំ ១៩៩៧ នៅពេលទីក្រុងហុងកុងត្រូវប្រគល់ឲ្យចិនដីគោកវិញ ប្រធានាធិបតីចិននៅពេលនោះគឺលោក Jieng Zemin បានហៅឈិន ឡុងថា "បងធំ" នៅពេលអ្នកទាំង២ចូលរួមក្នុងកម្មវិធីជប់លៀងមួយ។ ចាប់ពីពេលនោះមកតារាស្រករក្រោយតែងតែហៅ ឈិន ឡុងថា "បងធំ"។
ក្នុងរយៈពេលនោះដែរ ឈិន ឡុង ទិនហ្វី និង Chow Yun Fat គឺជាសសរទ្រូងទាំង៣របស់វិស័យភាពយន្តហុងកុង។ ដោយអ្នកទាំង៣គឺសុទ្ធតែមានទេពកោសល្យខុសៗគ្នា និងបានជាប់ឈ្មោះជាតារាភាពយន្តអស្ចារ្យបំផុតដែលជ្រើសរើសដោយទស្សនាវដ្ដីមានឈ្មោះល្បី។
ដើម្បីទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់នេះ ឈិន ឡុងបានលះបង់ជីវិតរបស់ខ្លួនជាច្រើនលើកច្រើនសារ។ ឆ្នាំ ១៩៧៨ ឈិន ឡុងត្រូវគេទាត់ចូលភ្នែក ឆ្អឹងចិញ្ចើមត្រូវរងរបួសធ្ងន់នៅក្នុងភាពយន្ត "ក្បាច់ស្រវឹង"។ នៅក្នុងឆ្នាំដដែលនេះដែរ នៅពេលថតរឿង "Snake In The Eagle's Shadow” លោកត្រូវគេទាត់បាក់អស់ធ្មេញ១ ដើមដៃត្រូវដាវឆាប ឈាមហូរដូចទឹក។ ឆ្នាំ ១៩៨០ ពេលថតរឿង "The Young Master” ឈិន ឡុងត្រូវគេវាយបាក់ខ្ទង់ច្រមុះ និងត្រូវគេកាប់នៅបំពង់កគ្រោះថ្នាក់ដល់អាយុជីវិត។ ឆ្នាំ ១៩៨៣ ពេលថតរឿង "Plan A” លោករងរបួសជាទម្ងន់នៅកញ្ចឹងកនិងបាក់ខ្ទង់ច្រមុះ។ ឆ្នាំ ១៩៨៥ ពេលសម្ដែងរឿង "Police Story” ឈិន ឡុង ត្រូវរងរបួសធ្ងន់នៅឆ្អឹងជំនីនិងឆ្អឹងចង្កេះ។ ឆ្នាំ ១៩៨៦ ពេលចូលខ្លួនថតរឿង "Armour Of God” ឈិន ឡុងធ្លាក់ពីលើអាគារខ្ពស់បណ្ដាលឲ្យប៉ះទង្គិចខួរក្បាល ឱកាសរស់រានមានជីវិតនៅសល់ត្រឹម ២០%។ ឆ្នាំ ១៩០០ នៅពេលថតបន្តវគ្គទី២របស់រឿងនេះ ឈិន ឡុងត្រូវរបួសនៅក្បាលជាថ្មីម្ដងទៀត។
នេះគ្រាន់តែជាការរងរបួសមួយចំនួនរបស់ Jackie Chan តែប៉ុណ្ណោះ។ បើទោះបីជានៅលើខ្លួនពោរពេញទៅដោយស្លាកស្នាម តែសូម្បីតែម្ដងក៏តារាវ័យ ៦១ ឆ្នាំមិនដែលរាថយនឹងឧបសគ្គទាំងនេះដែរ។
មានពេលមួយនោះ នៅពេលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស ឈិន ឡុងបានសំណូមពរឲ្យវេជ្ជបណ្ឌិតទប់ឈាមឲ្យខ្លួនដើម្បីឲ្យលោកបានត្រលប់ទៅថតបន្ត។ លោកបានសន្យាជាមួយនឹងគ្រូពេទ្យថា៖ "ចាំថតរឿងចប់ខ្ញុំនឹងមកព្យាបាល"។ ពេលនោះគ្រូពេទ្យបានត្រឹមគ្រវីក្បាល៖ "គាត់ប្រៀបដូចជាមនុស្សស្ពាន់ មិនចេះឈឺ មិនខ្លាចស្លាប់ មិនដឹងជាត្រូវដោះស្រាយយ៉ាងណាពិតមែន"។
នៅពេលមិត្តរួមការងារសម្ដែងការព្រួយបារម្ភដោយ ឈិន ឡុងមកធ្វើការទាំងមិនទាន់ជាសះស្បើយនោះ លោកបានប្រាប់ថា៖ "អត់អីទេ ការរងរបួសចំពោះខ្ញុំគឺប្រៀបដូចជាហូបបាយប្រចាំថ្ងៃទៅហើយ គ្មានអ្វីត្រូវខ្វល់នោះទេ"។
ក្នុងទសវត្សឆ្នាំ ១៩៧០-៨០ ដោយសារតែបច្ចេកទេសមិនទាន់បានជឿនលឿន ដូច្នេះហើយឈុតឆាកគ្រោះថ្នាក់ជាច្រើនត្រូវសម្ដែងដោយតួពិតៗ។ Jackie Chan ទទួលស្គាល់ថា៖ "បច្ចេកទេសរបស់ចិនមិនអាចប្រៀបផ្ទឹមនឹងបរទេស ដូចនេះហើយមានតែត្រូវប្រើកណ្ដាប់ដៃវ៉ៃគ្នាមែនទែន ហើយសម្ដែងឈុតគ្រោះថ្នាក់ដល់ជីវិតដោយខ្លួនឯងទើបអាចមានឱកាសប្រកួតប្រជែងនិងភាពយន្តក្រៅស្រុកបាន"៕
ចុចអាន៖ឈិនឡុង និយាយពីការលំបាកខ្លះៗពេលបញ្ចូលសំឡេងរឿង “Kung Fu Panda 3”
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖guu