រឿងព្រេងទាក់ទងការនាំគ្នាបិទក្រដាសជូនពរខាងមុខទ្វារ នៅថ្ងៃចូលឆ្នាំចិន
- 2016-02-04 13:11:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងព្រេងទាក់ទងការនាំគ្នាបិទក្រដាសជូនពរខាងមុខទ្វារ នៅថ្ងៃចូលឆ្នាំចិន
ចន្លោះមិនឃើញ
ជនជាតិចិនជាច្រើនតែងនិយមបិទក្រដាសក្រហមមួយគូនៅមុខផ្ទះ ជាពិសេសពេលថ្ងៃបុណ្យចូលឆ្នាំ។ តាមទម្លាប់ប្រពៃណីជនជាតិចិន គឺដើម្បីបណ្ដេញឧបទ្រពចង្រៃ ស្វាគមន៍ឆ្នាំថ្មីនាំសិរីសួស្ដី និងសំណាងល្អចូលមកក្នុងផ្ទះ។
យោងតាមគេហទំព័រ របស់ចិន Chinahighlights ក្រដាសបិទផ្ទះពេលចូលឆ្នាំថ្មីប្រពៃណីចិន តាមជំនឿរបស់ជនជាតិចិន គឺមានប្រវត្តិតាមដំណាលរឿងព្រេងមួយ។
រយៈកាល ១ពាន់ឆ្នាំកន្លងទៅ មានដើមផ្លែប៉ែសមួយដើម ដែលមានប្រវែងវែង ជាង ១៥០០ គីឡូម៉ែត្រដុះនៅលើភ្នំមួយនិងចាក់ឫសរហូតដល់ឋានរបស់ខ្មោច បិសាច អសុរកាយ។ នាទិសឦសាននៃដើមផ្លែប៉ែសនោះ មានអ្នកយាមពីរនាក់ គឺឈ្មោះ Shentu និង Yulei ដែលនៅចាំការពារច្រកចូលទៅកាន់ឋានខ្មោចព្រាយ បិសាច។ អ្នកយាមទាំងពីរនាក់នោះ ក៏មានភារកិច្ចចាប់ខ្មោចបិសាច ទៅឲ្យសត្វខ្លា ចំពោះព្រលឹងខ្មោចណាដែលតាមយាយីមនុស្សលោក។
ហេតុនោះហើយ ព្រលឹងខ្មោច បិសាចទាំងអស់សុទ្ធតែខ្លាច អ្នកយាមទាំងពីរ។ ចាប់ពីនោះប្រជាជនចិនមានជំនឿតៗគ្នា ដោយឆ្លាក់ឈ្មោះអ្នកយាមទាំងពីរនាក់លើបន្ទះឈើដើមផ្លែប៉ែសចងព្យួរនៅមុខផ្ទះក្បែរទ្វារ ព្រោះអាចដេញព្រលឹងខ្មោចចេញឲ្យឆ្ងាយបាន។
រហូតមកដល់ សម័យរាជវង្ស Song ប្រជាជនចិនបានចាប់ផ្ដើមឆ្លាក់សរសេរពាក្យពេចន៍កាព្យចុងជួនសិរីសួស្ដីជំនួសឲ្យឈ្មោះអ្នកយាមទាំងពីរ។ ចំណេរកាលក្រោយមកទៀតទើបប្រជាជនចិនប្រើក្រដាសក្រហមមានសរសេរពាក្យឃ្លាឃ្លោងកំណាព្យសិរីសួស្ដីជំនួសឲ្យការឆ្លាក់លើបន្ទះរនាបឈើវិញ ដោយក្រដាសពណ៌ក្រហមគឺជាតំណាងនៃសុភមង្គល និងសំណាងល្អ។ ចាប់ពីពេលនោះមក ក្រដាសបិទផ្ទះពេលចូលឆ្នាំថ្មី ជាប់ជាទំនៀមទម្លាប់ស្វាគមន៍ឆ្នាំថ្មី និងបង្ហាញពីការបួងសួង សេចក្តីសុខចម្រើននាឱកាសពិសេសនោះ៕
ចុចអាន៖ អីចឹងសោះ! បានចូលឆ្នាំចិនងាកទៅណាក៏ឃើញពណ៌ក្រហម!
ប្រែសម្រួល៖ មាន រតនា ប្រភព៖ chinahighlights