អីចឹងសោះ! បានចូលឆ្នាំចិនងាកទៅណាក៏ឃើញពណ៌ក្រហម!
- 2015-02-17 18:12:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីចឹងសោះ! បានចូលឆ្នាំចិនងាកទៅណាក៏ឃើញពណ៌ក្រហម!
ចន្លោះមិនឃើញ
រៀងរាល់ឆ្នាំ ឲ្យតែចូលដល់ពិធីបុណ្យចូលឆ្នាំចិន តែងតែឃើញប្រជាជនចិន និង អ្នកកាត់សែស្រឡាយចិន តុបតែងផ្ទះសម្បែងជាលក្ខណៈពណ៌ក្រហម ក៏ដូចជា មានដុតគោមពណ៌ក្រហមព្រោងព្រាត មានអ្នកខ្លះទៀតដែលជាខ្សែចិនចំ ឃើញស្លៀកសំលៀកបំពាក់ពណ៌ក្រហមក្នុងអំឡុងបុណ្យចូលឆ្នាំចិននេះទៀតផង។ តើ ប្រិយមិត្តមានជ្រាបទេថា ហេតុអ្វីឲ្យតែដល់ចូលឆ្នាំចិនម្ដងៗ គេនិយមប្រើពណ៌ក្រហម ឆ្អិនឆ្អៅគ្រប់កន្លែងដូច្នេះ?
លោក កុក ឡុង ជាគ្រូចិនសែនៅ ស៊ិនសែហោរាបកប្រែ ឯកសារខ្មែរចិន ចិនខ្មែរ បានប្រាប់ Sabay ថា តាមដំណាល នៃរឿងនិទាន ឬ រឿងព្រេង ការចាប់ផ្ដើមនៃពិធីបុណ្យចូលឆ្នាំចិន បានផ្ដើមឡើងជាមួយការវាយប្រយុទ្ធ ប្រឆាំងជាមួយ សត្វសាហាវម៉្យាងក្នុងទេវកថា មានឈ្មោះថា "នៀន" ដែលក្នុងភាសាចិនពាក្យ នៀននេះ មានន័យថាឆ្នាំ។ ជារៀងរាល់ឆ្នាំ នៅថ្ងៃទីមួយ ឲ្យតែចូលឆ្នាំចិនចូលមកដល់ នៀន តែងតែចូលមកអុកឡុក និង សម្លាប់សត្វចិញ្ចឹមរបស់អ្នកភូមិ សូម្បីតែអ្នកភូមិក៏ដោយ ជាពិសេស គឺកូនក្មេងៗ។
ដើម្បីបញ្ចៀស និង ការពារខ្លួន ពីការការរាតត្បាតពីសំណាក់ នៀន ពួកអ្នកភូមិតែងតែ ដាក់ចំណីអាហារ ផ្លែឈើ នៅមុខផ្ទះរបស់ពួកគេ ជារៀងរាល់ដើមឆ្នាំ ទុកឲ្យសត្វនោះស៊ី។ ហើយប្រជាពលរដ្ឋចិនមានជំនឿថា បន្ទាប់ពីនៀន បានស៊ីចំណីអាហារ ដែលពួកគេដាក់ឲ្យរួចហើយ វានឹងមិនធ្វើបាប កាប់សម្លាប់ប្រជាជនទៀតទេ។ លោក កុក ឡុង និយាយ។
គ្រាមួយ អ្នកភូមិបានសម្គាល់ឃើញថា សត្វ នៀន ហាក់ដូចជាមានភាពភ័យខ្លាច ពេលដែលឃើញក្មេងៗ ក្នុងភូមិ ស្លៀកពាក់ខោអាវពណ៌ក្រហម។ ក្រោយមក អ្នកភូមិយល់ថា តាមពិត នៀន ខ្លាចពណ៌ក្រហម។ ដូច្នេះហើយ នៅពេលដែលឆ្នាំថ្មីមកដល់ អ្នកភូមិនាំគ្នា ស្លៀកសំលៀកបំពាក់ពណ៌ក្រហម បំពាក់គោមក្រហម បិទក្រដាសពណ៌ក្រហម នៅតាមទ្វារ និងបង្អួចផ្ទះរៀងៗខ្លួន។ ក្រៅពីនោះអ្នកភូមិ ក៏បានប្រើផាវ ដើម្បីបណ្ដេញ នៀន ឲ្យទៅឆ្ងាយផងដែរ។
ដរាបរៀងមក នៀន ពុំដែលចូលមកអុកឡុកក្នុងភូមិម្ដងទៀតឡើយ ហើយប្រជាពលរដ្ឋចិនក៏ប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ដាក់សែនចំណីអាហារ និងតុបតែងផ្ទះជាមួយពណ៌ក្រហម។ ចុងក្រោយ មានព្រះសង្ឃមួយអង្គ មានព្រះនាម ហុងជុនឡាវស៊ូ ដែលជាព្រះសង្ឃសាសនាតាវបុរាណម្នាក់ បានចាប់សត្វ នៀន នោះ ហើយសត្វ នៀន ក៏ក្លាយទៅជាយានជំនិះ របស់ព្រះសង្ឃហុងជុនឡាវស៊ូ រហូតទៅ។ លោកគ្រូចិនសែ កុក ឡុង និយាយ៕
ចុចអានអត្ថបទផ្សេងៗ ខាងក្រោម៖
នេះនែ៎! ជោគជតារាសីស្នេហារបស់អ្នកតាមក្បួនចិនក្នុងឆ្នាំ២០១៥
អាជីវករលក់ចេករាប់រយម៉ូតូកំពុងសម្រុកចូលភ្នំពេញព្រឹកនេះ
៥ចំណុចយើងគួរដឹង មុនពេលចូលឆ្នាំចិន
អត្ថបទ៖ យិន សំបូរ