នេះនែ៎! ជោគជតារាសីស្នេហារបស់អ្នកតាមក្បួនចិនក្នុងឆ្នាំ២០១៥
- 2015-02-17 13:58:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះនែ៎! ជោគជតារាសីស្នេហារបស់អ្នកតាមក្បួនចិនក្នុងឆ្នាំ២០១៥
ចន្លោះមិនឃើញ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិនដែលបានចូលមកដល់ថ្ងៃស្អែក មានប្រិយមិត្តជាច្រើន ជាពិសេស មិត្តអ្នកអានដែលនៅលីវ និងមានគូស្នេហ៍រៀបការរួច ពិតជាចង់ជោគជាតារាសីស្នេហារបស់ខ្លួនក្នុងឆ្នាំ២០១៥នេះល្អឬ អាក្រក់។ ហោរាចិនប្រចាំក្រុងភ្នំពេញល្បីឈ្មោះ លោក កុក ឡុង នឹងទស្សន៍ទាយពីជោគជតារាសី ស្នេហារបស់អ្នកតាមក្បួនចិន ដែលមានជាបន្តបន្ទាប់ ដូចខាងក្រោមនេះ៖
ឆ្នាំជូត
ស្នេហាសម្រាប់អ្នកកើតឆ្នាំជូតអាច ជួបបញ្ហាច្រើន ជាពិសេស អ្នកមានដៃគូជីវិតហើយត្រូវអត់ឱនគ្នា និងចេះអធ្យាស្រ័យគ្នា។ បើមិនដូច្នេះទេ អាចមានរឿងរកាំរកូស មានចិត្តងាករេ ដូចពាក្យចាស់ពោលថា គោចាស់ប្រទះស្មៅខ្ចី និងឈានទៅចែកផ្លូវគ្នា។ សម្រាប់អ្នកអត់ទាន់មានគូ ត្រូវតមរៀបការនៅឆ្នាំនេះ។
ឆ្នាំឆ្លូវ
ឆ្នាំឆ្លូវក៏ជួបបញ្ហាច្រើនដែរឆ្នាំនេះ អ្នកត្រូវស្វែងយល់ចិត្តថ្លើមគ្នាឲ្យបានច្រើន។ ឆ្នាំនេះបើអ្នកមានគូជីវិត នៅឆ្នាំមមី ឬឆ្នាំមមែ ត្រូវប្រយ័ត្នការឈ្លោះទាស់ទែងគ្នា។ ចំពោះអ្នកអត់ទាន់មានគូ ក៏ត្រូវតមរៀបការដែរ ព្រោះឡាក់ឆុង។
ឆ្នាំខាល
ចូលមកដល់ឆ្នាំខាល ឧបទ្រពចង្រៃ ដែលកើតមាននៅឆ្នាំចាស់ពិតជារសាត់ចាកចេញពីលោកអ្នកហើយ។ បើលោកអ្នកមិនទាន់រៀបការ អាចរៀបការបាន តែលុះត្រាអ្នកកើតទាន់ខែវិច្ឆិកា បើអ្នកកើតខែធ្នូ មករា កុម្ភៈ អាចឆុងនឹងឆ្នាំ ជូត និងឆ្នាំ ឆ្លូវ។ ជីវិតគូធម្មតាទេ ឆ្នាំនេះ។ ឆ្នាំថោះ ចូលមកដល់ឆ្នាំថោះ ជីវិតស្នេហារបស់អ្នកក៏មិនចាញ់ឆ្នាំខាលប៉ុន្មានដែរ។ ពេលនេះគឺជាឱកាសល្អសម្រាប់រកគូព្រេង ពិសេសយុវនារី។ អ្នកត្រូវបង្កើនការទំនាក់ទំនងបន្ថែមទៀតជាមួយ មនុស្សដែលនៅជុំវិញខ្លួន ដើម្បីរឹតបន្តឹងចំណងមិត្តភាព និងទទួលបានស្នេហាសមតាមបំណងមួយ ។ ប៉ុន្តែអ្នកត្រូវកើតទាន់ខែវិច្ឆិកា បើអ្នកកើតខែធ្នូ មករា កុម្ភៈ អាចឆុងនឹងឆ្នាំ ជូត និងឆ្នាំ ឆ្លូវ។ ឆ្នាំរោង
អ្នកមានគូ ជីវិតស្នេហារបស់អ្នកធម្មតាទេ ប៉ុន្តែស្រី ល្អជាងប្រុស។ ចំពោះអ្នកអត់ទាន់មានគូអាចរៀបការបានឆ្នាំនេះ និងអាចកើតកូននៅឆ្នាំក្រោយ ក៏ប៉ុន្តែអ្នកត្រូវអត់ធ្មត់រង់ចាំ និងព្យាយាមបន្តិចទើបអាចរកឃើញមនុស្សដែលអ្នកស្រលាញ់តាមក្តីប្រាថ្នា។ ចំពោះប្រុសៗ ត្រូវប្រយ័ត្ន ស្រី ស្រា ល្បែង។
ឆ្នាំម្សាញ់
ការស្វែងរកគូស្រកររបស់អ្នកនឹងសមតាមបំណង ដោយហេតុថា ឧបសគ្គមួយចំនួនមករារាំងស្នេហារបស់អ្នកនឹងត្រូវរសាយបាត់។ អ្នកអាចរៀបការបាននៅឆ្នាំនេះ និងយកកូននៅឆ្នាំក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវស្វែងយល់ពីតម្រូវការរបស់គូស្នេហ៍ជាមុនសិនទើបល្អ។ ចំណែកអ្នកមានគូ ជីវិតស្នេហារបស់អ្នកធម្មតាទេ ឆ្នាំនេះ។ ប៉ុន្តែហាមដាច់ខាត ចូលរួមបុណ្យសព មើលសាកសព និងជិះកាត់វត្តភ្នំ បើមិនដូច្នេះទេ អ្នកនឹងអាចកើតរឿងឈ្លោះទាស់ទែងគ្នា។
ឆ្នាំមមី
ឆ្នាំមមី បើអ្នករៀបការគឺល្អបំផុត ពិសេសអ្នកមានអាយុ ២៦ ឆ្នាំ និង៣៨ ឆ្នាំគឺល្អមែនទែន។ ម្យ៉ាងឆ្នាំនេះបើមានកូនទៀតនោះក៏រឹតតែល្អ។ រាសីឆ្នាំមមីប្រុស ល្អជាងស្រី។ សម្រាប់អ្នកមានគូ និងរៀបការរួច ចំណងស្នេហ៍ត្រូវប្រយ័ត្នការឈ្លោះទាស់ទែង ពិសេសស្ត្រី។
ឆ្នាំមមែ នេះពិតជាឱកាសល្អធ្លាក់មកដល់សម្រាប់អ្នកអត់ទាន់មានគូ ជាពិសេសសុភាពនារី ព្រោះថាគូព្រេងដែលអ្នកប៉ងបានមកដល់ហើយ។ ចូរញញឹមឡើង ហើយត្រៀមបញ្ចប់ភាពនៅលីវរបស់អ្នកជាមួយគូស្នេហ៍ដែលអ្នកស្រលាញ់ ។ រីឯអ្នកមានគូ និងរៀបការរួចវិញ ជីវិតស្នេហារបស់អ្នកត្រូវមានការអត់ឱនគ្នាឲ្យបានច្រើន និងកុំបង្កការសង្ស័យគ្នា។
ឆ្នាំវក
អ្នកដែលអត់ទាន់មានគូកើតឆ្នាំនេះ អ្នកអាចរៀបការបាន ព្រោះថា ឆ្នាំក្រោយនឹងមិនអាចរៀបការបានទេ។ អ្នកមានអាយុ ២៤ និង៣៦ ឆ្នាំ អាចរៀបការបាន ហើយចាប់ដៃគ្នារកស៊ីធូរធារទៀតផង។ ចំពោះអ្នកមានគូ ត្រូវរក្សាចំណងស្នេហ៍របស់ខ្លួនឲ្យបានល្អដោយសន្សឹមៗ ជៀសវាងអំពើឆ្គាំឆ្គងណាមួយធ្វើឲ្យអាក់អន់ស្រពន់ចិត្តពីគូស្នេហ៍ របស់ខ្លួន។
ឆ្នាំរកា
សម្រាប់អ្នកដែលមានគូ ជីវិតស្នេហារបស់អ្នកធម្មតាទេឆ្នាំនេះ។ ប៉ុន្តែធ្វើយ៉ាងម៉េច កុំឲ្យភាគីណាមួយធ្លាក់ក្នុងជម្លោះឲ្យសោះ បើមិនដូច្នេះទេ ចំណងស្នេហ៍របស់អ្នកអាចមានអ្នកទីបីជ្រៀតជ្រែក។ ក្នុងនោះត្រូវប្រុងប្រយ័ត្នទាំងសុភាពបុរស និងស្ត្រី ។ ចំពោះអ្នកនៅលីវ អាយុ ២៣ និង៣៥ ឆ្នាំអាចរៀបការបាន។ ឆ្នាំច
រាសីស្នេហាអ្នកដែលនៅឯកោវិញ មកដល់ឆ្នាំនេះពិតជាឡើងខ្ពស់ត្រដែតតែម្ដង ព្រោះថាស្នេហាដែលអ្នករង់ចាំជាច្រើនឆ្នាំគឺបានមកដល់ ហើយល្អបំផុតនោះជាមួយអ្នកកើតនៅឆ្នាំមមែ។ សម្រាប់អ្នកមានគូ និងរៀបការរួច ចំណងស្នេហ៍របស់អ្នក ត្រូវប្រយ័ត្នឈ្លោះទាស់ទែងគ្នា។ ឆ្នាំកុរ ងាកមកមើលឆ្នាំកុរឯណេះវិញ ក៏មិនចាញ់ឆ្នាំចប៉ុន្មានដែរ ពោលគឺឆ្នាំនេះបានផ្ដល់ពន្លឺភ្លើងខៀវយ៉ាងច្បាស់ផងដែរដល់ អ្នកឥតគូស្វែងរកម្ចាស់បេះដូងរបស់ខ្លួន។ អ្នកមានអាយុ ២១ និង៣៣ ល្អបំផុត។ ចំណែកអ្នកមានគូ និងរៀបការវិញ ចំណងស្នេហ៍របស់អ្នកមានភាពល្អប្រសើរជាធម្មតា។ ទោះបីជាបែបនេះក្តី អ្នកមិនត្រូវលេងស្នេហ៍ល្បែងត្រីកោណនោះឡើយ បើមិនដូច្នេះទេ ប្រាក់ក៏បង់ថង់ក៏ដាច់។ ទោះយ៉ាងណាលោកគ្រូ កុក ឡុង បានបញ្ជាក់ថា ការទស្សន៍ទាយបញ្ហាស្នេហា និងជីវិតគូកាន់តែច្បាស់ក៏ផ្អែកលើ ថ្ងៃកើត ម៉ោង និងនាទីផងដែរ។
អត្ថបទ៖មៃ សុខលីម